- 2019-01-18 03:20:00
- ជីវិតតារា
ចាន់ គង្ការ៖ អ្នកប្រកបការងារវិស័យហ្វេសិននិងម៉ូដែល នៅតែរងពាក្យរិះគន់ថាបំផ្លាញវប្បធម៌
- 2019-01-18 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ គង្ការ៖ អ្នកប្រកបការងារវិស័យហ្វេសិននិងម៉ូដែល នៅតែរងពាក្យរិះគន់ថាបំផ្លាញវប្បធម៌
ចន្លោះមិនឃើញ
ម្ចាស់ជ័យលាភីកម្មវិធីប្រកួតប្រជែងម៉ូដែលលំដាប់ពិភពលោក Cambodia's Next Top Model ចាន់ គង្ការ សព្វថ្ងៃកំពុងតែមមាញឹកក្នុងវិស័យសិល្បៈ ដោយតែងតែមានគម្រោងថ្មីៗជាបន្តបន្ទាប់។ ជុំវិញអាជីពជាម៉ូដែល គង្ការ នៅតែរងសម្ពាធពីសំណាក់មហាជនខ្លះៗរិះគន់ថា វិស័យនេះកំពុងតែបំផ្លាញវប្បធម៌ខ្មែរ។
ថ្លែងមកកាន់ Sabay តារារូបស្រស់នេះបានបញ្ជាក់ថា ចំពោះវិស័យហ្វេសិននិងម៉ូដែល ការគាំទ្រនិងទទួលស្គាល់នៅប្រទេសកម្ពុជាគឺនៅមានកម្រិតនៅឡើយ។ បញ្ហានេះហើយបានជាធ្វើឲ្យអ្នកស្រលាញ់វិស័យនេះខ្លះ សម្រេចចិត្តបោះបង់ចោលក្ដីស្រមៃរបស់ខ្លួន ទោះបីជាមានទេពកោសល្យ។ គង្ការ បន្ថែមទៀតថា វិស័យម៉ូដែលនេះគួរតែមានការទទួលស្គាល់កាន់តែច្រើន ដោយសារតែបណ្ដាប្រទេសជិតខាងយើង ក៏គេយកចិត្តទុកដាក់ខ្លាំងលើវាផងដែរ។ អ្វីដែលសំខាន់គឺចង់បង្ហាញឲ្យពិភពលោកខាងក្រៅដឹងថា ប្រទេសកម្ពុជាក៏មានធនធានផ្នែកហ្វេស្សិនផងដែរ។ ការទទួលស្គាល់គឺជាកត្តាជំរុញឲ្យអ្នកមានទេពកោសល្យថ្មីបង្ហាញខ្លួន និងបង្ហាញគំនិតច្នៃប្រឌិតថ្មីៗ ដែលបង្កឲ្យមានភាពងាយស្រួលសម្រាប់ក្មេងៗជំនាន់ក្រោយ។
ជុំវិញការងារនេះ គង្ការ ក៏ធ្លាប់មានការបាក់ទឹកចិត្តខ្លះដែរ ដោយសារតែត្រូវឆ្លងកាត់ការរិះគន់ច្រើន ប៉ុន្តែនាងតែងតែផ្ដល់ក្ដីសង្ឃឹមឲ្យខ្លួនឯង គិតអ្វីដែលល្អៗ ធ្វើរឿងល្អៗ អានសៀវភៅ និងដើរកម្សាន្តជាដើម។ ប៉ុន្តែចំណុចដែលសំខាន់នោះគឺ ការទទួលស្គាល់ថាជីវិតមិនមែនជួបតែរឿងល្អរហូតនោះទេ ពេលខ្លះជោគជ័យនិងពេលខ្លះបរាជ័យគឺជារឿងធម្មតា។ លើសពីនេះទៅទៀតការលើកទឹកចិត្តពីសំណាក់គ្រួសារ មិត្តភ័ក្ដិនិងមិត្ររួមការងារជាមួយគ្នា ជាវត្ថុសំខាន់មួយមិនអាចខ្វះបាន។
ចំពោះឆ្នាំថ្មី តារាម៉ូដែលរូបស្រស់សោភានេះក៏នឹងមានគម្រោងថ្មីៗទាក់ទងនឹងហ្វេស្សិន ដូចជា ផលិតវីដេអូទាក់ទងនឹងការស្លៀកពាក់ឲ្យត្រូវតាមកាលៈទេសៈក៏ដូចជាផ្សព្វផ្សាយផលិតផលផ្សេងៗជាដើម៕
រូបថតពី Sovrin និង Ra Yuth ផ្ដល់សិទ្ធិដោយ ចាន់ គង្ការ