• 2019-01-18 07:20:00
  • ព័ត៌មាន

ធ្លាប់​តែ​ដើរ​ម៉ូដ រឿន ណាត​ បង្ហើប​ពី​ការ​លំបាក ក្នុង​ការ​សម្ដែង​លើក​ដំបូង

  • 2019-01-18 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ​បវរកញ្ញា​ចក្រវាល​កម្ពុជា រឿន ណាត ទើប​តែ​បង្ហោះ​រូប​ Poster មួយ​សន្លឹក​ពី​រឿង​ខ្នាត​ខ្លី​ ​នាង​ទើប​តែ​ថត​ចប់​រួច​រាល់​និង​ត្រៀម​បញ្ចេញ​ ដែល​ជា​ស្នាដៃ​សម្ដែង​លើក​ដំបូង​បំផុត​របស់​នាង​ ដោយ​ធ្លាប់​តែ​ជា​តារា​ម៉ូដែល​។

នេះ​គឺ​ជា​គម្រោង​ទី​១​របស់ រឿន​ ណាត ចាប់​ផ្ដើម​ធ្វើ​បន្ទាប់​ពី​ត្រលប់​មក​ពី​ប្រទេស​ថៃ​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​កម្រិត​ពិភពលោក​ Miss Universe។ ថ្មីៗ​នេះ​​ទើប​តែ​មាន​ព័ត៌មាន​ទាក់​ទង​នឹង​អាជីព​សិល្បៈ​សម្ដែង​របស់​នាង ដោយ​មាន​ផលិតកម្ម​ធំៗ​ដល់​ទៅ​៣​កំពុង​តែ​ចរចា​ចង់​ឲ្យ​កញ្ញា​ទៅ​សម្ដែង​។ ជាក់​ស្ដែង​កាល​ពី​ព្រឹក​មិញ​នេះ តារា​រូប​នេះ​បាន​បង្ហោះ​ Poster រឿង​ខ្លី​​ ដែល​ជា​គម្រោង​ទី​១​របស់​នាង​ ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សម្ដែង​ ជាមួយ​តារា​សម្ដែង​​សាច់​ដុំ​កង់ៗ Sool Cool ជា​ដៃ​គូ។

Poster រឿង "រឹង​មាំ"
ឈុត​មួយ​ពី​ក្នុង​រឿង​ខ្លី

ថ្លែង​មក​កាន់ Sabay រឿន ណាត​ បញ្ជាក់​ថា រឿង​នេះ​គឺ​ជា​រឿង​ខ្លី​ ដោយ​ចំណាយ​ពេល​ថត​អស់​រយៈ​ពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​ ចំណង​ជើង​ថា "រឹងមាំ"។ ចំពោះ​​ការ​សម្ដែង​រឿង​នេះ​ពិត​ជា​លំបាក​ខ្លាំង​សម្រាប់​កញ្ញា ដោយ​សារ​តែ​មាន​ឈុត​ឆាក​កម្សត់​ស្រក់​ទឹក​ភ្នែក​ច្រើន។ "ដោយ​សារ​តែ​រឿង​នេះ​ជា​រឿង​កម្សត់ ដូច្នេះ​ខ្ញុំ​យំ​ឡើង​ពេញ​មួយ​ថ្ងៃ​ក៏​មាន ដោយ​ទឹក​ភ្នែក​នោះ​គឺ​ជា​ទឹក​ភ្នែក​ពិត អីចឹង​គឺ​ត្រូវ​ការ​ដាក់​អារម្មណ៍​ខ្លាំង"។ កញ្ញា​ រឿន​ ណាត​ បន្ថែម។

តារា​សម្ដែង Sool Cool

ចំណុច​មួយ​ទៀត​នោះ​គឺ ដោយ​សារ​តែ​នាង​សម្ដែង​ជា​មួយ​តួ​ប្រុស​ដំបូង​គឺ​លោក Sool Cool នាង​ពិត​ជា​មាន​ភាព​ខ្មាស​អៀន ច្រើន​ដោយ​ឈុត​ខ្លះ​ត្រូវ​សម្ដែង​ជា​ច្រើន​ដង​ទម្រាំ​តែ​ត្រូវ។ "ឈុត​ពិបាក​ជាង​គេ​នោះ​គឺ ត្រង់​ឈុត​មើល​ភ្នែក​គ្នា​តែ​ម្ដង​ ខ្ញុំ​ពិត​ជា​អៀន​ខ្លាំង​ថត​មិន​ងាយ​ត្រូវ"។

នេះ​គឺ​ជា​រឿង​ខ្លី​ដំបូង​បំផុត​របស់​តំណាង​បវរ​កញ្ញា​តំណាង​កម្ពុជា​ដែល​ជា​សមិទ្ធិផល​របស់​ផលិតកម្ម សាស្ត្រា​ ធ្លាប់​ផលិត​រឿង​ល្បីៗ​ជា​ច្រើន​។ បន្ទាប់​ពី​រឿង​នេះ​បាន​ដាក់​បញ្ចាំង​លើ​បណ្ដាញ​សង្គម​ Facebook ជា​ផ្លូវ​ការ​ កញ្ញា នឹង​ត្រៀម​ខ្លួន​សម្ដែង​រឿង​​ថ្មី​ៗ​បន្ត​ទៀត មិន​ថា​ជា​ភាពយន្ត​ភាគ​ឬ​ខ្នាត​ធំ​សម្រាប់​គម្រោង​នៅ​ក្នុង​ឆ្នាំ​២០១៩​ នេះ៕

អត្ថបទ៖ ធារ៉ូ

មតិយោបល់