• 2019-01-20 07:12:39
  • ជីវិតតារា

Brad Pitt រកឃើញស្នេហ៍ថ្មី ក្រោយលែងលះ Angelina Jolie

  • 2019-01-20 07:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Brad Pitt ត្រូវ​បាន​ឲ្យ​ដឹង​ថា កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ស្រី​ហូលីវូដ​មួយ​រូប​​ផ្សេង​ទៀត ក្រោយ​លែង​លះ​គ្នា​ជាមួយ​អតីត​ភរិយា​របស់​លោក Angelina Jolie។

បើ​តាម​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​វ័យ ៥៥​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​កំពុង​តែ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​តារា​សម្ដែង Charlize Theron។ ពួកគេ​ទាំង​២ ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​គ្នា ដោយ​អតីត​គូ​ដណ្ដឹង​របស់ Theron (Sean Penn)។ បើ​តាម​ប្រភព​មួយ​បាន​អះអាង​ថា៖ "គូ​ស្នេហ៍​ថ្មីថ្មោង​មួយ​គូ​នេះ បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា នៅ​ឯ​កម្មវិធី​មួយ​កាល​ពី​សប្ដាហ៍​មុន។ កម្មវិធី​នោះ​ដែរ ជា​កម្មវិធី​បញ្ចាំង​រឿង Roma នៅ​ឯ​សណ្ឋាគារ Chateau Marmont នៅ​តំបន់ West Hollywood កាល​ពី​ថ្ងៃ​ទី ១២ ខែ​មករា​នេះ។ តារា​សម្ដែង Theron ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ពិសេស​សម្រាប់​កម្មវិធី​នោះ ហើយ Brad Pitt បាន​មក​តាម​ក្រោយ បន្ទាប់​ពី​បញ្ចប់​ការ​ចូលរួម​សម្ពោធ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​របស់​លោក "If Beale Street Could Talk” រួច​មក។

តាម​ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​បញ្ជាក់​ថា៖ "Brad បាន​មក​សណ្ឋាគារ Chateau តាម​ក្រោយ ដោយ​បាន​ប្ដូរ​សម្លៀកបំពាក់​លោក រួច​ចូល​រួម​តុ​ជាមួយ Charlize នៅ​កែង​បា​កម្សាន្ត​នៅ​ទី​នោះ។ នាង​អង្គុយ​ផឹក​ស្រា​ក្រឡុក ខណៈ​លោក​ផឹក​ទឹក​សុទ្ធ​ធម្មតា"។ គួរ​បញ្ជាក់​ថា តារា​សម្ដែង Brad Pitt ឈប់​ប៉ះពាល់​គ្រឿង​ស្រវឹង​តាំង​ពី​លោក​បែក​ពី Angelina មក​ម៉្លេះ។

“ពួកគេ​បង្ហាញ​ភាព​ជិត​ស្និទ្ធ​គ្នា​ខ្លាំង ដោយ Brad ដាក់​ដៃ​លើ​ស្មា​របស់​នាង ហើយ​មាន​ពេល​មួយ លោក​បាន​ធ្មេច​ភ្នែក​ដាក់​នាង​ថែម​ទៀត​បង។ Brad មើល​ទៅ​ដូច​ជា​ស្ថិត​នៅ​កន្លែង​បាន​ល្អ ពួកគេ​ទាំង​២ ពិត​ជា​សប្បាយ​រីករាយ​ជាមួយ​គ្នា​ណាស់"។ ប្រភព​ដដែល​បាន​បញ្ជាក់។

តារា​សម្ដែង Brad Pitt និង Charlize Theron ត្រូវ​បាន​ឲ្យ​ដឹង​ថា ចាប់​ផ្ដើម​ទាក់ទង​គ្នា​អំឡុង​រដូវ​កាល​បុណ្យ​ណូអែល។ ពួកគេ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ជា​ច្រើន នៅ​គេហដ្ឋាន​ផ្ទាល់​របស់​លោក​ក្នុង​រដ្ឋ California៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់