• 2019-01-23 02:02:00
  • ព័ត៌មាន

Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិង្សា និងរំលោភសេពសន្ថវៈ

  • 2019-01-23 02:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង R&B Chris Brown ត្រូវ​បាន​ប៉ូលិស​​ឃាត់​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស ដោយ​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ។

ស្ត្រី​វ័យ ២៥ ឆ្នាំ​ម្នាក់ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​តារា​ចម្រៀង Chris Brown ថា​បាន​រំលោភ​រូប​នាង​កាល​ពី​យប់​ថ្ងៃ​ទី ១៥ ខែ​មករា​កន្លង​ទៅ នៅ​ឯ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​​នៅ​កណ្ដាល​ទីក្រុង​នៃ​ប្រទេស​បារាំង។ តារា​ចម្រៀង Brown និង​មនុស្ស ២​នាក់​ផ្សេង​ទៀត ដោយ​ម្នាក់​ជឿជាក់​ថា​ជា​អង្គរក្ស​របស់​លោក ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ម្សិលមិញ​នេះ ខណៈ​ក្រុម​ប៉ូលិស​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជុំវិញ​ករណី​រំលោភ​សេពសន្ថវៈ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ទៅ​ជួប​ជាមួយ​ស្ត្រី​រូប​នោះ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ជិត​ដង​វិថី Champs-Elysees ហើយ​បាន​នាំ​នាង​ត្រលប់​មក​សណ្ឋាគារ Mandarin Oriental វិញ ដែល​ជា​កន្លែង​នាង​ចោទ​ប្រកាន់​រូប​លោក​ និងអង្គរក្ស ថាបានប្រើប្រាស់អំពើហិង្សា និងរំលោភបំពានមកលើនាង។

បើ​តាមខាងអាជ្ញាធរបាននិយាយថា៖ "ស្ត្រី​រូប​នោះ​បាន​ចោទ​ប្រកាន់ Brown ថា​បាន​រំលោភ​នាង ក្រោយ​ពួកគេ​ជួប​គ្នា​ក្នុង​ក្លឹប Le Crystal។ នាង​បាន​និយាយ​ថា នាង​ត្រឡប់​ទៅ​សណ្ឋាគារ Mandarin Oriental វិញ​ជាមួយ​ស្រី​ៗ​ផ្សេង​ទៀត រួម​ទាំង​ប្រុស​ៗ ៣​នាក់​ទៀត​​ដែរ។ ក្រោយ​មក​នាង​ក៏​អះអាង​ថា Brown បាន​រំលោភបំពាន​នាង នៅ​ពេល​ពួកគេ​ទុក​ចោល​ឲ្យ​នៅ​តែ​ពីរ​នាក់"។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តារា​ចម្រៀង​វ័យ ២៩ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​បង់​ពិន័យ​អ្វី​ទាំង​អស់ ក្រោយ​ក្រុម​ប៉ូលិស​ក្រុង​ប៉ារីស​ធ្វើ​ការ​សាកសួរ​អស់​រយៈពេល ២៤ ម៉ោង​រួច​មក។​ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​តាម​ច្បាប់​របស់​ប្រទេស​បារាំង ករណី​មួយ​នេះ​នៅ​មិន​ទាន់​បិទ​ចោល​នៅ​ឡើយ​ទេ ខាង​ក្រុម​ព្រះ​រាជអាជ្ញា បាន​បញ្ជាក់​ថា​ ពួកគេ​នឹង​នៅ​តែ​បន្ត​សាកសួរ​ពី​ជន​រងគ្រោះ និង​ព្យាយាម​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់