• 2019-01-24 02:51:00
  • ព័ត៌មាន

ទាំងស្អាត ទាំងល្បី ទាំងមាន តែតារាទាំងនេះ សុទ្ធតែធ្លាប់គេបដិសេធស្នេហា

  • 2019-01-24 02:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​​ការ​ពិត​ណាស់ គ្រប់​គ្នា​ប្រាកដ​ជា​គិត​ថា រូបរាង​ស្រស់​ស្អាត និង​មាន​ភាព​ល្បីល្បាញ គឺ​ងាយ​ស្រួល​បំផុត​ក្នុង​ការ​យក​បាន​បេះដូង​អ្នក​ដែល​យើង​លួច​ស្រឡាញ់​បាន ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​នោះ​ឡើយ ចំពោះ​តារា​​ល្បី​ៗ​ប៉ុន្មាន​រូប​ខាង​ក្រោម​នេះ ក្រៅ​ពី​ទទួល​បាន​ភាព​ជោគជ័យ​សព្វ​បែប​យ៉ាង​ហើយ ផ្ទុយ​ទៅ​វិញ ចំពោះ​រឿង​ស្នេហា បែរ​ជា​ធ្លាប់​រង​ភាព​អាម៉ាស់ ដោយ​ត្រូវ​បាន​មនុស្ស​ខ្លួន​ស្រឡាញ់​បដិសេធ​ទៅ​វិញ។

១. តារា​ចម្រៀង Taylor Swift

នៅ​ដើម​ឆ្នាំ ២០១៣ នៅ​ពេល​ដែល​តារា​សម្ដែង Bradley Cooper បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ស្រី Zoe Saldana តារា​ចម្រៀង Taylor Swift ចាប់​អារម្មណ៍​ចង់​បំពេញ​បេះដូង​តារា​ប្រុស​រូប​នេះ​ជា​ថ្មី។ ជាមួយ​គ្នា​នោះ​ដែរ តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ស្នើ​សុំ​មិត្ត​របស់​នាង Jennifer Lawrence ឲ្យ​ជួយ​ធ្វើ​មេ​អណ្ដើក។

ស្រស់​ស្អាត​ដូច Taylor Swift ប្រាកដ​ណាស់ គ្មាន​នរណា​ហ៊ាន​បដិសេធ​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​នាង ជា​ញឹកញាប់​ចូលចិត្ត​តែង​បទ​ចម្រៀង​អាក្រក់ៗ រៀបរាប់​ពី​អតីត​មិត្ត​ប្រុស​របស់​ខ្លួន តារា​សម្ដែង Bradley ពិត​មិន​ចង់​ក្លាយ​ជា​ជន​រងគ្រោះ​មួយ​រូប​ទៀត​ឡើយ ដូច្នេះ​លោក​បាន​ធ្វើ​ការ​បដិសេធ​យ៉ាង​សមរម្យ ដោយ​លើក​ហេតុផល​ថា Taylor នៅ​ក្មេង​ខ្លាំង​ពេក​សម្រាប់​លោក។

២. តារា​ចម្រៀង Drake

តារា​ចម្រៀង Drake ធ្លាប់​បាន​សារភាព​ថា លោក​មាន​ចិត្ត​ប្រតិព័ទ្ធ​ទៅ​លើ​តារា​ចម្រៀង Nicki Minaj ប៉ុន្តែ​ត្រូវ​បាន​តារា​ស្រី​រូប​នេះ បដិសេធ និង​និយាយ​ថា ចាត់​ទុក​លោក​ក្នុង​នាម​ជា​បង​ប្រុស និង​ជា​​អ្នក​សិល្បៈ​ដូច​គ្នា​ប៉ុណ្ណោះ។

៣. តារា​ចម្រៀង Niall Horan

តារា​ចម្រៀង Katy Perry បាន​និយាយ​ថា​សមាជិក​ក្រុម One Direction តារា​ចម្រៀង Niall Horan តែង​តែ​ទៅ​ណា​តាម​នាង​រហូត។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តារា​ចម្រៀង​ប្រុស​រូប​នេះ តែង​តែ​ព្យាយាម​សុំ​លេខ​ទូរសព្ទ​របស់​នាង ប៉ុន្តែ Katy មិន​យក​ចិត្ត​ទុក​ដាក់​ចាប់​អារម្មណ៍។ មាន​ពេល​មួយ​នោះ​ដែរ Katy បាន​និយាយ​បញ្ជាក់​ទៅ Niall ថា រូប​នាង​មាន​វ័យ​អាច​ធ្វើ​ម្ដាយ​របស់​លោក​បាន​ហើយ ក្នុង​ន័យ​កុំ​ឲ្យ​លោក​យល់​ច្រឡំ​មក​លើ​នាង​ទៀត។ ក្រោយ​មក Niall បាន​និយាយ​ថា លោក​ព្យាយាម​ចង់​រាប់​អាន Katy តែ​ប៉ុណ្ណោះ ប៉ុន្តែ​មហាជន​ជា​ច្រើន​ជឿជាក់​ថា លោក​ឆ្លើយ​បែប​នេះ គ្រាន់​ដើម្បី​បិទបាំង​ការ​បដិសេធ​ស្នេហា​នេះ​តែ​ប៉ុណ្ណោះ។

៤. តារា​ចម្រៀង Harry Styles

ក្នុង​នាម​ជា​តារា​ល្បី​ដែល​មាន​អ្នក​គាំទ្រ​រាប់​ពាន់ រាប់​លាន​នាក់​ពាសពេញ​ពិភពលោក តារា​ចម្រៀង Harry Styles បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហួស​ចិត្ត ក្រោយ​រូប​លោក​ព្យាយាម​គោះ​ទ្វារ​បន្ទប់​របស់​តារា​សម្ដែង Lindsay Lohan។ តារា​សម្ដែង​ស្រី​រូប​នេះ បាន​និយាយ​ថា Harry ធ្លាប់​បាន​គោះ​ទ្វារ​បន្ទប់​របស់​នាង​ក្នុង​សណ្ឋាគារ​មួយ ប៉ុន្តែ​រូប​នាង​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា អ្នក​គោះ​នោះ​ជា​នរណា​នោះ។ ក្រោយ​មក Harry បាន​ណែនាំ​ខ្លួន​របស់​លោក​ឲ្យ​នាង​ស្គាល់ ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន​ជា​ការ​ឆ្លើយ​តប​គឺ៖ "ខ្ញុំ​ត្រូវ​ការ​គេង ប៉ុន្តែ​រីករាយ​ណាស់​ដែល​បាន​ស្គាល់​លោក"។

៥. តារា​ចម្រៀង Justin Bieber

តារា​សម្ដែង Jennifer Lawrence អាច​ត្រូវ​បាន​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង Justin Bieber ស្អប់​ច្រើន ក្រោយ​រូប​នាង​បាន​បដិសេធ​ស្នេហា​របស់​តារា​ប្រុស​សង្ហា​រូប​នេះ។ កាល​ពី​ឆ្នាំ ២០១៥ Justin បាន​សារភាព​ក្នុង​កិច្ច​សម្ភាស​មួយ​ថា jennifer គួរ​ឲ្យ​ស្រឡាញ់​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំឡុង​ពេល​តារា​សម្ដែង​ស្រី​រូប​នេះ​ចូលរួម​ក្នុង​កម្មវិធី "Watch What Happens Live” ហើយ​អ្នក​គាំទ្រ​បាន​សួរ​នាង​ថា បាន​ទាក់ទង​គ្នា​ជាមួយ Justin ឬ​ក៏​អត់ Jennifer បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា៖ "ខ្ញុំ​នឹង​ឆ្លើយ​សំនួរ​នេះ​ដោយ​គ្មាន​ការ​គួរ​សម​ទេ"។

ជាមួយ​គ្នា​នេះ​ដែរ មុន​បាន​ជួប Jennifer Lawrence តារា​ចម្រៀង Justin Bieber បាន​ធ្លាប់​សុំ តារា​ចម្រៀង Rihanna ឲ្យ​ធ្វើ​ការ​ណាត់​ជួប​គ្នា​ជាមួយ​លោក ខណៈ​លោក​នៅ​មាន​វ័យ​ត្រឹម ១៦ ឆ្នាំ ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា Rihanna បាន​ធ្វើ​ការ​បដិសេធ​យ៉ាង​រម្យទម​ថា Justin នៅ​ក្មេង​ណាស់​សម្រាប់​នាង។

៦. តារា​សម្ដែង Emma Watson

ក្នុង​រឿង "Harry Potter” តួអង្គ Hermione បាន​មាន​ចិត្ត​ស្រឡាញ់​តួអង្គ Ron ប៉ុន្តែ​ក្នុង​ជីវិត​ពិត Emma Watson បាន​ចាប់​ចិត្ត​ទៅ​លើ​តារា​សម្ដែង Tom Felton ទៅ​វិញ។ ក្នុង​កែវភ្នែក​របស់ Emma តារា​សម្ដែង Tom គឺ​ជា​មនុស្ស​ប្រុស​ដ៏​ល្អ​មួយ​រូប ព្រោះ​លោក​មាន​វ័យ​លើស​នាង​តែ​ប៉ុន្មាន​ឆ្នាំ ហើយ​ថែម​ទាំង​ចេះ​ស្គី​បន្ទះ​ក្ដារ​ទៀត។ Tom ដឹង​ច្បាស់​ណាស់​ថា Emma ជា​មនុស្ស​ស្រី​ស្រស់​ស្អាត​ម្នាក់ ប៉ុន្តែ​លោក​ប្រាប់​គ្រប់​គ្នា​ថា លោក​ទុក​នាង​ត្រឹម​តែ​ជា​ប្អូន​ស្រី​តែ​ប៉ុណ្ណោះ។ Emma បង្ហាញ​ឲ្យ​ឃើញ​ថា នាង​មាន​ការ​ឈឺចាប់​ជា​ខ្លាំង ក្រោយ​ដឹង​ពី​ចម្លើយ​នេះ។

៧. តារា​ចម្រៀង Selena Gomez

នៅ​ពេល​ដែល​បាន​ដឹង​ខ្លួន​ថា បាន​ចាប់​ចិត្ត​ទៅ​លើ​តារា​ចម្រៀង George Shelley តារា​ចម្រៀង Selena Gomez ធ្លាប់​បាន​ធ្វើ​វីដេអូ​គួរ​ឲ្យ​ស្រឡាញ់​មួយ​ក្នុង​ឆ្នាំ ២០១៣ ដោយ​បាន​ប្រាប់ George ឲ្យ​ទាក់ទង​មក​នាង។ បើ​ទោះ​បី​ជា​តារា​ស្រី​រូប​នាង​ស្ថិត​នៅ​ខ្លួន​មួយ​ក្នុង​ពេល​នោះ​មែន ប៉ុន្តែ​នាង​មិន​យល់​ទេ​ថា ហេតុអ្វី​បាន​ជា​តារា​ប្រុស​រូប​នេះ​មិន​ព្រម​ទាក់ទង​មក​នាង។

ក្នុង​ឆ្នាំ​ដដែល ខណៈ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដុង​ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី Selena Gomez បាន​លើក​យក​រឿង​រ៉ាវ​ដ៏​អាម៉ាស់​មួយ​នេះ​មក​និយាយ​ក្នុង​អំឡុង​ពេល​ធ្វើ​កិច្ច​សម្ភាស​ជាមួយ Capital FM។ នាង​បាន​និយាយ​ថា នាង​ពិត​ជា​ខឹង និង​អន់​ចិត្ត​ខ្លាំង នៅ​ពេល George នៅ​តែ​មិន​ព្រម​ទាក់ទង​មក​នាង៕ ​ ​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់