• 2019-01-27 08:47:45
  • ព័ត៌មាន

ប្លែក...មួយ​រយៈ​នេះ តារា​កំប្លែង​ក្នុង​រឿង "ខ្មោច​ត្រឡោក​បែក" នាយ កូទី ឡើង​ចុះៗ​កម្ពុជា​ញឹក​តែ​ម្ដង

  • 2019-01-27 08:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ល្បី​ឈ្មោះរបស់​ថៃ​នាយ កូទី (Kootee) បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ជា​ថ្មី​ទៀត​ហើយ ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ​បង្ហាញ​វត្តមាន​របស់​លោក នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​រសៀល​ម្សិលមិញ។

ចោមរោម​ដោយ​អ្នក​សារព័ត៌មាន និង​អ្នក​គាំទ្រ​លោក​មួយ​ចំនួន កូទី បាន​ប្រាប់​ថា លោក​មាន​បេសកកម្ម​សិល្បៈ​សំខាន់​មួយ ហើយ​នោះ​ជា​មូលហេតុ​នាំ​វត្តមាន​មក​ដល់​កម្ពុជា​ជា​ថ្មី ក្រោយ​ពី​បាន​ចាក​ចេញ​ចុង​ក្រោយ​នៅ​ចុង​ឆ្នាំ ២០១៨។ តាម​ការ​សាកសួរ​បន្ត តារា​ថៃ​រូប​នេះ បញ្ជាក់​ថា លោក​ត្រូវ​ចូល​រួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទ្រង់​ទ្រាយ​ធំ​មួយ​មាន​ឈ្មោះ​ថា ឃូល​ហ្វ្រេស​នៅ​កោះ​ពេជ្រ ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​តំណាង​របស់​ភេសជ្ជៈ​នោះ​ផង។

កូទី ថ្លែង​ថា លោក​រីករាយ​ណាស់ ចំពោះ​ដំណើរ​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី​នេះ នឹង​សង្ឃឹម​ថា អ្នក​គាំទ្រ​លោក នឹង​រីករាយ​ដូច​គ្នា នា​ជំនួប​ក្នុង​កម្មវិធី​តន្ត្រី​ធំ​មួយ​យប់​នេះ។ តារា​កំប្លែង​កម្ពុជា និង​តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​នៅ​កម្ពុជា មាន ពែកមី នាយ​គ្រឿន តារា​ចម្រៀង​ល្បី​ឈ្មោះ​ មាស សុខសោភា កញ្ញាឯកMiss Univer 2018កញ្ញា រឿន ណាត និងកូន​ប្រុស​លោក ព្រាប សុវត្ថិ ទាំង៣ ក៏​ត្រូវ​បាន​អះអាង​ថា នឹង​ចូល​រួម​ជាមួយ កូទី ផង​ដែរ។

តាម​ផែន​ការ កូទី នឹង​បង្ហាញ​ខ្លួន​ច្រៀង​បទ​ចម្រៀង​ថៃ​ចំនួន ៥​បទ ជា​សម្រាប់​អ្នកគាំទ្រ​របស់​លោក ក៏​ដូច​ជា​ប្រជាជន​រដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ក្រៅ​ពី​បេសកកម្ម​តន្ត្រី​ខាង​លើ លោក​ក៏​មាន​គម្រោង​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជួយ​សង្គម​កម្ពុជា​ទៀត​ផង ក្នុង​នាម​ជា​តារា​តំណាង​ “ឃូល​ហ្វ្រេស” ។ យ៉ាង​ណា លោក​មិន​បាន​និយាយ​លម្អិត​ពី​បញ្ហា​នោះ​ទេ។

នេះ​គឺ​ជា​លើក​ទី​៣ ហើយ​សម្រាប់​តារា​កំប្លែង​ជនជាតិ​ថៃ កូទី ដែល​បាន​មក​ដល់​កម្ពុជា ប៉ុន្តែ​ជា​លើក​​ទី​១ ដែល​លោក​មក​ក្នុង​តំណាង​ភេសជ្ជៈ​ខាង​លើ​ចូល​រួម​ការ​ប្រគំ​តន្ត្រី។ កាល​ពី​លើក​ទី​១ និង​លើក​ទី​២ គឺ​លោក​មក​ក្នុង​បេសកកម្ម​សិល្បៈ​ដូច​គ្នា​ដែរ ប៉ុន្តែ​ពីរ​លើក​មុន​នោះ គឺ​មក​ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។ កូទី បញ្ជាក់​ឲ្យ​ដឹង​ថា លោក​សង្ឃឹម​ថា នឹង​អាច​វិល​មក​កម្ពុជា​ជា​ថ្មី​ទៀត​នា​ពេល​ខាង​មុខ ពិសេស​តាម​រយៈ​សកម្មភាព​សប្បុរសធម៌​ដែល​លោក​បាន​បង្ហើប​ពី​ខាង​លើ៕

អត្ថបទ៖ ទារិកា

មតិយោបល់