• 2019-01-28 04:34:25
  • ព័ត៌មាន

កូនប្រុសរបស់ XXXTentacion បានសម្រាលដោយសុវត្ថិភាព ៧ខែ ក្រោយការស្លាប់របស់លោក

  • 2019-01-28 04:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​ស្រី​របស់​អតីត​តារា​ចម្រៀង​រ៉េប XXXTentacion នាង Jenesis Sanchez បាន​ផ្ដល់​កំណើត​កូន​ប្រុស​របស់​ពួកគេ​ហើយ ក្រោយ​តារា​រូប​នេះ​បាន​ស្លាប់​អស់​រយៈពេល ៧ ខែ​មក។

បើ​តាម​សម្ដី​ផ្ទាល់​របស់ Sanchez និង​ម្ដាយ​របស់ XXXTentacion បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ថា៖ "ពួក​យើង​មាន​ក្ដី​សប្បាយ​រីករាយ ក្នុង​ការ​ជូន​ជា​ដំណឹង​ថា កូន​ និង​ម្ដាយ​គឺ​មាន​សុខភាព​ល្អ​ទាំង ២ នាក់"។ ពួកគេ​ក៏​បាន​បន្ថែម​ដែរ​ថា ពួកគេ​មាន​ក្ដី​រំភើប​ជា​ខ្លាំង ខណៈ​កូន​ប្រុស​ដែល​មាន​ឈ្មោះ​ថា Gekyume Onfroy បាន​កើត​មក​ឃើញ​ពន្លឺ​ថ្ងៃ​ដោយ​សុវត្ថិភាព​បែប​នេះ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ក្រុម​គ្រួសារ​របស់​តារា​រ៉េប​ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Jahseh Onfroy បាន​បញ្ជាក់​ថា តារា​ចម្រៀង​រូប​នេះ ជា​អ្នក​ជ្រើសរើស​ឈ្មោះ​សម្រាប់​កូន​លោក​ដោយ​ផ្ទាល់​ជា​ពិសេស ហើយ​ឈ្មោះ Gekyume នេះ​ដែរ​មាន​ន័យ​ថា "ស្ថានភាព​ខុស​​គ្នា" ដូច្នេះ​ហើយ ខាង​ក្រុម​គ្រួសារ​ក៏​បំពេញ​តាម​បំណង​ចុង​ក្រោយ​របស់​លោក​តែ​ម្ដង។

គួរ​រម្លឹក​ថា ដំណឹង​ថា​មាន​ផ្ទៃពោះ​របស់​មិត្ត​ស្រី XXXTentacion ត្រូវ​បាន​ទម្លាយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ក្រោយ​តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ក្នុង​រដ្ឋ Florida នៅ​ត្រឹម​វ័យ ២០ ឆ្នាំ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់