• 2019-01-31 02:03:55
  • ព័ត៌មាន

ណាយ​ចិត្ត​ផង ឆ្អែត​ចិត្ត​ផង​ជាមួយ​​ផលិតកម្ម អេនឌី តស៊ូ​ធ្វើ​វីដេអូ​ចម្រៀង​ខ្លួន​ឯង!

  • 2019-01-31 02:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អេនឌី ដែល​បាត់​មុខ​មួយ​រយៈ​ចុង​ក្រោយ​នោះ ថ្មី​ៗ​នេះ ទើប​ឃើញ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​បទ ដែល​លោក​អះអាង​ថា បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ធ្វើ​ឡើង ក្រោយ​អស់​ចិត្ត​នឹង​ផលិតកម្ម​ពេក។

វីដេអូ​ចម្រៀង​បទ​ថ្មី​របស់ អេនឌី នេះ​មាន​ចំណង​ជើង​ថា "សុំ​ធ្វើ​អ្នក​ជូត​ទឹក​ភ្នែក" ជា​បទ​ចម្រៀង​តាម(Cover)បទ​ដើម​ចិន។ ការ​សម្ដែង​ទៀត​សោត ក៏​លោក​រៀប​ចំ​ខ្លួន ទៅ​តាម​បែប​ប្រពៃណី​ចិន​ដែរ ដើម្បី​អបអរ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​ដែល​នឹង​មក​ដល់​នៅ​ដើម​សប្ដាហ៍​ក្រោយ។

និយាយ​ពី​ការ​ធ្វើ​វីដេអូ​ចម្រៀង​ខាង​លើ ក្រោយ​ពី​ទីផ្សារ​ចម្រៀង​របស់​លោក​ជួប​ភាព​ស្ងប់ស្ងាត់ បើ​ទោះ​គេ​ដឹង​ថា​លោក​បាន​ចូល​ជ្រក​ក្រោម​ផលិតកម្ម​មួយ​ទៅ​ហើយ​ក្ដី។ អេនឌី សុំ​រក្សា​សិទ្ធិ​មិន​និយាយ​ចំ​ពី​ផលិតកម្ម​ដែល​លោក​បាន​ចូល​ជ្រក​នៅ​រយៈ​កាល​ចុង​ក្រោយ។ "ខ្ញុំ​សុំ​មិន​និយាយ​ពី​ឈ្មោះ​ផលិតកម្ម​របស់​គេ ប៉ុន្តែ​វា​ស្ងាត់​ពេក...មិន​ដឹង​ថា​គាត់​គិត​យ៉ាង​ម៉េច គាត់​យក​យើង​ទៅ​ហើយ យក​ទៅ​ទុក​អីចឹង!”។

តារា​ប្រុស​និយម​ច្រៀង​បទ​ស្រគត់ស្រគំ​រូប​នេះ បញ្ជាក់​ថា ផលិតកម្ម​ហាក់​មិន​អើពើ​នឹង​លោក ក្រោយ​ពី​បាន​អូស​យក​រូប​ទៅ។ ផ្ទុយ​ទៅ​វិញ តារា​ចម្រៀង​ផ្សេង​ក្នុង​ផលិតកម្ម​តែ​មួយ មាន​បទ​ចម្រៀង​ចេញ​ធម្មតា ចម្លែក​តែ​លោក ផលិតកម្ម​ហាក់​ព្រងើយ​កន្តើយ។ បញ្ហា​នេះ​លោក​បាន​កត់​សម្គាល់​ឃើញ​ថា ក្រោយ​ពី​លោក​បដិសេធ​ថត​ចម្រៀង​បែប​សិច​ស៊ី។ "គាត់​យក​យើង​ទៅ ហើយ​ឲ្យ​ថត​សិច​ស៊ី...ហើយ​មិន​មែន​សិច​ស៊ី​ធម្មតា​ៗ​ឯណា សិច​ស៊ី​ឡើង​ចង់​ស្រាត​ហើយ អ្នក​ណា​ហ៊ាន​ថត...បើ​មនុស្ស​កំពុង​តែ​ត្រូវ​គេ​រិះគន់​រឿង​សិច​ស៊ី​ហ្នឹង​ផង!”។

លោក អេនឌី បាន​ទទួល​រង​ការ​រិះគន់​ខ្លាំង​ៗ ក្រោយ​ពី​លោក​បាន​បញ្ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ប៉ុន្មាន​បទ​កាល​ពី​ឆ្នាំ​មុន ពិសេស​ក្នុង​បទ "ទីបំផុត​ទើប​ដឹង​ថា​គេ​កុហក" ដែល​លោក​រំលេច​ឈុត​សិចស៊ី​ច្រើន។ បន្ទាប់​ពី​នោះ​មក លោក​បាន​ប្ដូរ​ធ្វើ​វីដេអូ​ចម្រៀង​បែប​ស្រគត់ស្រគំ​វិញ ដោយ​សាមី​ខ្លួន​បាន​អះអាង​ថា ត្បិត​មិន​សូវ​មាន​អ្នក​រិះគន់ ប៉ុន្តែ​វីដេអូ​មនោសញ្ចេតនា​នោះ​របស់​ខ្លួន មិន​សូវ​មាន​ការ​គាំទ្រ​ប៉ុន្មាន​ទេ ខុស​ពី​វីដេអូ​ចម្រៀង​លាយ​សិច​ស៊ី រិះគន់​ខ្លាំង ប៉ុន្តែ​អ្នក​មើល​ច្រើន​ដែរ។

រូបភាព៖ ហ្វេសប៊ុក អេនឌី

យ៉ាង​ណា លោក​ប្រាប់​ថា នៅ​តែ​ប្រយ័ត្ន​ចំពោះ​ឈុត​សិច​ស៊ី ទើប​បដិសេធ​ការងារ​សិច​ស៊ី​ដែល​ដាក់​ដោយ​ផលិតកម្ម។ បើ​ទោះ​មួយ​រយៈ​ចុង​ក្រោយ ផលិតកម្ម​ហាក់​មិន​រវល់ ប៉ុន្តែ អេនឌី លោក​ឈប់​ខ្វល់​ហើយ ហើយ​បាន​ងាក​មក​ធ្វើ​វីដេអូ​ចម្រៀង​ខ្លួន​វិញ។ "ឥឡូវ​ធ្វើ​ខ្លួន​ឯង ចេញ​ខ្លួន​ឯង​វា​ស្រួល​ជាង វា​មិន​ហត់​ចិត្ត ធ្វើ​ខ្លួន​ឯង យើង​ចង់​ធ្វើ​អី ស្រេច​តែ​យើង...ហត់​ចិត្ត​ណាស់​បង ហើយ​ក៏​ស្មារលា​ការងារ​ច្រៀង​ក្នុង​ផលិតកម្ម​ដែរ ឥឡូវ​ហ្នឹង​ក៏​មាន​គេ​ទាក់​ទង​ទៀត​ដែរ តែ​ដូច​ប្រាប់​អីចឹង ខ្ញុំ​លែង​ចង់​ហើយ!”។

តារា​ប្រុស​ដដែល បញ្ជាក់​ថា បន្ទាប់​ពី​វីដេអូ​ចម្រៀង "សុំ​ធ្វើ​អ្នក​ជូត​ទឹក​ភ្នែក" លោក​ក៏​គ្រោង​នឹង​ចេញ​វីដេអូ​ថ្មី​បន្ទាប់​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខណៈ​បច្ចុប្បន្ន​វីដេអូ​ចម្រៀង​ថ្មី​នោះ សម្រេច​បាន​ជិត៨០%​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់