• 2019-02-07 02:50:00
  • ជីវិតតារា

មិនស្មានថា FB ជាដើមហេតុឲ្យតារាវ័យក្មេង សេង ប៊ុនលាភ សម្តែងតួឯកក្នុងរឿងភាគល្បីមួយ

  • 2019-02-07 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ប្រឡូក​សិល្បៈ​របស់​​តួ​ឯក​រឿង "​ឧក្រិដ្ឋជន​" គឺ លោក សេង ប៊ុន​លាភ ប្រាប់​ថា កើត​ឡើង​ដោយ​ចៃដន្យ និង​ស្ទើរ​​ស្មាន​មិន​ដល់​ ដោយ​សារ​មាន​ការ​ជ្រោមជ្រែង​​​ដំបូង​ពី​មនុស្ស​ម្នាក់​ដែល​មិន​​ស្គាល់​ពី​មុន​សោះ តែ​ទាក់​ទង​ឲ្យ​លោក​​​សម្ដែង​ជា​តួ​ឯក​​។

តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ ​រៀប​រាប់​ថា ខាង​​ផលិត​កម្ម I Dream ​គ្រា​នោះ​ត្រូវ​ការ​តួ​សម្ដែង​ថ្មី​ៗ​ច្រើន​នាក់ ​ដើម្បី​ថត​រឿង ​"វីរៈ​នារី​ក្នុង​ភ្លើង​គំនុំ" ​។ ​ពេល​បើក Facebook ស្រាប់​តែ​លោត​សារ​ពី​ខាង​ផលិត​កម្ម​នេះ ថា​ចង់​ហៅ​លោក​មក​ធ្វើ​តេស្ត៍​សមត្ថភាព ថត​រឿង​ភាគ​។ ​ពេល​នោះ ​លោក ប៊ុន​លាភ ​អរ​ផង​ភ័យ​ផង​ ព្រោះ​គិត​ថា​នេះ​មិន​មែន​ជា​ការ​ពិត ប្រហែល​មាន​អ្នក​ណា​ចង់​លេង​សើច​នឹង​លោក​មិន​ខាន។ ​តែ​ពេល​សាក​សួរ​លម្អិត និង​និយាយ​តាម​ទូរស័ព្ទ​​ជា​មួយ​គ្នា​រួច​មក ​ទើប​លោក​​​ច្បាស់​ក្នុង​ចិត្ត​ថា ​នោះ​​ជា​ការ​ពិតប្រាកដ​មែន។

សេង ប៊ុនលាភ (ទី១ រាប់ពីឆ្វេង) ក្នុងថ្ងៃសម្ពោធរឿង "ឧក្រិដ្ឋជន"

​ក្នុង​ចិត្ត​កំពុង​​ចង់​ថត​ភាព​យន្ត​​យូរ​មក​ហើយ ​ស្រាប់​តែ​ភ្លាម​ៗ​ឱកាស​មាស​ហុច​មក​ដល់​ដោយ​មិន​បាន​គ្រោង​ទុក​បែប​នេះ ​ធ្វើ​ឲ្យ​លោក​កាន់​តែ​ត្រេក​អរ​ ស្ទើរ​រក​ពាក្យ​និយាយ​​មិន​ត្រូវ។ ​តារា​មក​ពី​ខេត្ត​ព្រៃ​វែង បន្ត​ថា ​បុរស​ដែល​ទាក់​ទង​មក​លោក​ឲ្យ​សម្ដែង​នោះ ​មាន​ឈ្មោះ​ វ៉ាន់​ថា ដោយ​អ្នក​ទាំង​ពីរ​មិន​ដែល​ជាប់​សាច់​ឈាម ​ឬ​ស្គាល់​គ្នា​ពី​មុន​មក​ទេ។ ​តែ​មូល​ហេតុ​ធ្វើ​ឲ្យ​លោក វ៉ាន់ ថា ហៅ​លោក​ឲ្យ​សម្ដែង​ជា​តួ​ឯក ​ក្នុង​រឿង​ភាគ​ល្បី​នេះ ​ព្រោះ​ពី​មុន ​ប៊ុន​លាភ​ ធ្លាប់​ថតMV ​និង​ រឿង​ខ្លី​ៗ តាម​ស្ថានីយ​ទូរទស្សន៍ CTN ​។ ដូច្នេះ ​​លោក វ៉ាន់​ថា ​ឃើញ​សមត្ថភាព​សម្ដែង​កន្លង​មក ក៏​​ទាក់​ទង​លោក​តែ​ម្ដង។ ​

​ជា​លើក​ទី​មួយ មាន​ឱកាស​ថត​ភាព​យន្ត​ភាគ​ខ្នាត​ធំ ហើយ​ដំបូង​ជា​តួ​ឯក​តែ​ម្ដង ​តាម​រយៈ​អ្នក​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​សោះ ធ្វើ​ឲ្យ​លោក​ស្ទើរ​មិន​ជឿ​ថា​ នេះ​ជា​ការ​ពិត។ ​ដោយសារ​តែ​មាន​សមត្ថភាព និង​ទេព​កោសល្យ​សម្ដែង ​កូន​ពៅ​ចំណោម​​៥​នាក់​​ក្នុង​គ្រួសារ​រូប​នេះ​ ក៏​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍ CTN ​ហៅ​ឲ្យ​ថត​ភាព​យន្ត​ទៀត គឺ​ "​ឧក្រិដ្ឋជន​" ​សម្ដែង​ជា​តួ​ប៉ូលិស និង​ជា​តួ​ឯក​​​ថែម​ទៀត។ ​លោក​​មិន​ធ្លាប់​ហាត់​រៀន​សិល្បៈ​ពី​​មុន​មក​ទេ ​តែ​ដោយ​សារ​​ក្ដី​ស្រលាញ់ និង​ចំណូល​ចិត្ត​តាំង​ពី​តូច ​ធ្វើ​ឲ្យ​លោក​​អាច​សម្ដែង​បាន​​ស័ក្ដិសម មិន​ឆ្គង និង​យ៉ាង​ងាយ​ស្រួល​។

​​ក្រៅ​ពី​សម្ដែង លោក សេង ​ប៊ុន​លាភ ក៏​ចេះ​ច្រៀង​ផង​ដែរ ​ដោយ​ភាគ​ច្រើន​លោក​ ចូល​ចិត្ត​ច្រៀង​បទ​បែប​មរតក​ដើម៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់