• 2019-02-08 02:45:00
  • ជីវិតតារា

ហក់ចូលសិល្បៈមួយប្រាវ ម៉ក់ ឈុនលី ឡើងតម្លៃខ្លួន ខ្ពស់ហួសស្មាន

  • 2019-02-08 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​កសាង​កេរ្តិ៍ឈ្មោះ​​តាម​រយៈ​ការ​សម្ដែង​រឿង​ខ្នាត​ធំ "កូន​ពស់​កេង​កង​" រួច​មក កុមារា ម៉ក់ ឈុន​លី ​កាន់​តែ​ក្ដាប់​បាន​ទី​ផ្សា​សិល្បៈ​ច្រើន​ឡើង​ៗ រហូត​តម្លៃ​ខ្លួន​ក្នុង​ការ​ថត​ ក៏​ឡើង​ទៅ​តាម​នោះ​ដែរ។

តារា​សម្ដែង​វ័យ​ ១៥​ឆ្នាំ រូប​នេះ ​ប្រាប់​ថា មួយ​រយៈ​នេះ ​​មាន​គេ​ហៅ​ថត​ច្រើន​ដូច​ជា រឿង​ដុំ-ភាគ ថត​ស្ប៉ត ​និង MV ជា​ដើម។ ​ឈុន​លី ​យល់​ថា ទីផ្សារ​សិល្បៈ​របស់​ខ្លួន​កាន់​តែ​ដើរ​ទៅ​មុខ​សន្សឹម​ៗ​ ក្រោយ​ពី​ពុក​ម៉ែ បង​ប្អូន ​បាន​ឃើញ​សមត្ថភាព​សម្ដែង​ក្នុង​ខ្សែ​រឿង និង ស្ប៉ត​ពាណិជ្ជកម្ម​កន្លង​មក។

បើ​និយាយ​ពី​កម្រៃ​វិញ ​ក៏​ទទួល​បាន​ច្រើន​ជាង​ពី​មុន​ឆ្ងាយ​ដែរ រហូត​ដល់​រឿង​ដុំ​ខ្លះ​បាន​ខ្ទង់​ជាង​២​ពាន់​ដុល្លារ ចំណែក​រឿង​ភាគ​បាន​ជាង​១ពាន់ដុល្លារ ។ ​លើស​ពី​នេះ មាន​ខាង​ក្រុម​ហ៊ុន​ខ្លះ​ បាន​ទាក់​ទង​ឲ្យ​តារា​រៀន​ថ្នាក់​ទី​៨ ​នៅ​សាលា​ដង្កោ ថត​MV ឬ​ ស្ប៉ត​ពាណិជ្ជកម្ម​ហូរហែ តែ​ជួន​កាល​ខ្លួន​បដិសេធ ដោយសារ​ជាប់​ប្រលង មិន​អាច​ខាន​បាន។

បើ​ទោះ​ជា​ការងារ​សិល្បៈ​កាន់​តែ​មាន​សន្ទុះ ​ស្រប​ពេល​ការ​សិក្សា​កំពុង​ឆ្ពោះ​ទៅ​មុខ​ដែរ តែ ​ឈុន​ លី ​ប្រាប់​ថា បាន​បែង​ចែក​ពេល​វេលា​សិក្សា​បាន​ត្រឹម​ត្រូវ មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រៀន​សូត្រ​នោះ​ទេ ព្រោះ​ ឈុន លី ស្រលាញ់​ការ​សិក្សា​ខ្លាំង​ណាស់។

កុមារា ម៉ក់ ឈុន លី ផ្ដើម​ចូល​សិល្បៈ​ដំបូង​ចុង​​ឆ្នាំ២០១៧ ដោយ​ចៃដន្យ​បំផុត​ពេល​លេង Facebook នៅ​ពេល​ក្រុម​ហ៊ុន​មួយ​ ឃើញ​សម្រស់​និង​វ័យ​របស់ ​ម៉ក់ ឈុន​លី ​អាច​ថត​ស្ប៉ត​ពាណិជ្ជកម្ម​លក្ខណៈ​គ្រួសារ​បាន ​ក៏​ហៅ​ថត​តែ​ម្ដង។ ​ចាប់​ពី​ពេល​នោះ​មក ​កុមារា​កើត​នៅ​ទី​ក្រុង​ភ្នំពេញ ​ចេះ​តែ​មានឱកាស​បន្ត​បន្ទាប់​ក្នុង​ពិភព​សិល្បៈ៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់