• 2019-02-16 00:33:31
  • ព័ត៌មាន

គួរ​ឲ្យ​សរសើរ ស្រឡាញ់​បទ​មរតក​ដើម​ពេក អេនឌី សន្សំ​ឌីស​ចម្រៀង​ទុក​រាប់​ពាន់

  • 2019-02-16 00:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

លោក អេនឌី ប្រាប់​ថា ដោយ​សារ​តែ​ការ​ស្រឡាញ់​បទ​ចម្រៀង​មរតក​ដើម​ខ្លាំង​ពេក លោក​បាន​ចំណាយ​លុយ​ទិញ​សន្សំ​លុយ ទិញ​ទុកៗ​ម្ដង​​បន្តិចៗ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ចំនួន​ដល់​រាប់​ពាន់​ឌីស​ឯណោះ។

“ចេះ​តែ​ទិញ​ទុក​ៗ មក​ដល់​ឥឡូវ មិន​ដឹង​ចំនួន​ពិត​ប្រាកដ​ប៉ុន្មាន​ទេ​បង តែ​ប្រហែល​ជា​រាប់​ពាន់​ហើយ!”។ ទំនោរ ក៏​ដូច​ជា​ទឹក​ចិត្ត​ស្រឡាញ់​បទ​ចម្រៀង​មរតក​ដើម​នេះ អេនឌី បាន​ប្រាប់​ទៀត​ថា មាន​តាំង​ពី​ដឹង​ក្ដី​មក ដូច្នេះ​ហើយ​ទើប​លោក​ចាប់​ផ្ដើម​ប្រមូល​ទិញ​ស៊ីឌី ឌីវីឌី​ចម្រៀង​នេះ​តាំង​តែ​ពី​លោក​នៅ​មាន​អាយុ ១២​ឆ្នាំ​មក​ម្ល៉េះ។

ស៊ីឌី​ចម្រៀង​ទាំង​នោះ សុទ្ធ​ជា​បទ​មរតក​ដើម​ទាំង​អស់ ភាគ​ច្រើន​ជា​បទ​របស់​លោក ស៊ីន ស៊ីសាមុត រស់ សេរីសុទ្ធា អ៊ិន យេង ជា​ដើម។ លោក​បាន​ប្រមូល​ទិញ​នៅ​ក្នុង​ស្រុក​ផង និង​បរទេស​ផង ប៉ុន្តែ​ភាគ​ច្រើន គឺ​ទិញ​ពី​បរទេស ដោយ​សារ​នៅ​ក្នុង​ស្រុក​មិន​សូវ​សម្បូរ​បែប ពោល​គឺ​ពិបាក​រក។ ចំពោះ​តម្លៃ​វិញ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​បច្ចុប្បន្ន ដោយ​កាល​លោក​ចាប់​ផ្ដើម​ទិញ​ដំបូងៗ​១​ស៊ីឌី តម្លៃ ១២ដុល្លារ។

“ខ្ញុំ​ទិញ​តាំង​ពី​តម្លៃ​ជាង​១០​ដុល្លារ​ក្នុង​មួយ​បន្ទះ ហើយ​និយាយ​ជា​រួម ស៊ីឌី​ខ្លះ មាន​តម្លៃ​ដល់​ទៅ ៣០​ដុល្លារ​ក៏​មាន​ដែរ។ និយាយ​ទៅ ឲ្យ​តែ​មាន​បទ​ដែល​ខ្ញុំ​ស្រឡាញ់ ទោះ​តម្លៃ​ប៉ុន្មាន​ក៏​ខ្ញុំ​ទិញ​ដែរ​បង!”។ មក​ទល់​បច្ចុប្បន្ន ស៊ីឌី ឌីវីឌី រាប់​ពាន់​របស់ អេនឌី អាច​មាន​តម្លៃ​សរុប​ដល់​ម៉ឺន​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន។

ចម្រៀង​មរតក​ដើម​ទាំង​នោះ ត្រូវ​បាន​រៀប​ចំ​ទុក​ដាក់​យ៉ាង​ស្អាត និង​មាន​របៀបរៀបរយ នៅ​ក្នុង​បន្ទប់​គេង​របស់​លោក​តែ​ម្ដង។ អេនឌី ប្រាប់​ថា លោក​មិន​មាន​គម្រោង​លក់ ឬ​យក​ស៊ីឌី ឌីវីឌី​ទាំង​នោះ ទៅ​ណា​ទេ លោក​នឹង​រក្សា​ទុក​ជា​អនុស្សាវរីយ​ជា​រៀង​រហូត។

ដោយ​សារ​តែ​ចំណូល​ចិត្ត​បែប​នេះ ជា​រឿយ គេ​ឃើញ អេនឌី ឡើង​ច្រៀង​តែ​បទ​មរតក​ដើម​ប៉ុណ្ណោះ ហើយ​នោះ​ក៏​ជា​មូលហេតុ​ដែល​លោក ឧស្សាហ៍​បាន​ចេញ​ទៅ​ច្រៀង​នៅ​បរទេស​ផង។ ថ្មី​ៗ​លោក​ទើប​នឹង​ចេញ​វីដេអូ​ចម្រៀង​ថ្មី​ផ្ទាល់​ចំនួន​១បទ​ទៀត មាន​ចំណង​ជើង​ថា "ចម្រៀង​ចិញ្ចឹម​ម៉ែ"៕

តោះ...ស្ដាប់​កម្សាន្ត​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់