• 2019-03-02 07:47:17
  • ព័ត៌មាន

ឡូយ! ហង្ស ឈា បាន​ទាំង ព្រាប សុវត្ថិ បាន​ទាំង​កូន​ៗ ទៅ​លុកលុយ​រដ្ឋ និង​ទីក្រុង​អាមេរិក ប្រមាណ​២០

  • 2019-03-02 07:47:17
  • ចំនួនមតិ 12 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ព្រាប សុវត្ថិ និង​កូន​ៗ​ទាំង​៣​ រួម​ទាំង​​ក្រុម​ភ្លេង​លោក​ផង គ្រោង​នឹង​ទៅ​ធ្វើ​បេសកកម្ម​សិល្បៈ​ជា​ថ្មី​ទៀត​នៅ​សហរដ្ឋអាមេរិក ក្រោយ​ពី​ខកខាន​អស់​ពេល​ប្រមាណ​៦​ឆ្នាំ ស្រប​ពេល​អ្នក​រៀប​ចំ មាន​ក្ដី​សង្ឃឹម​ខ្ពស់​លើ​ការងារ​លើក​នេះ ព្រោះ​គម្រោង​ដ៏​ធំ​មួយ។

អតីត​តារា​ចម្រៀង ហង្ស ឈា និង​អតីត​តារា​ភាពយន្ត សុភា ដេវីដ រួម​ជាមួយ Rising Star Entertainmentគឺ​ជា​អ្នក​ផ្ដួច​ផ្ដើម​ក្នុង​ការ​នាំ​យក​ក្រុម​លោក ព្រាប សុវត្ថិ ទៅ​លើក​នេះ។ ហង្ស ឈា ប្រាប់​ថា នេះ​គឺ​ជា​ជំហាន​ថ្មី​ដ៏​ធំ​មួយ​ទៀត​នៅ​ក្នុង​បេសកកម្ម​បម្រើ​អារម្មណ៍ និង​ភាព​សប្បាយ​រីករាយ​របស់​បង​ប្អូន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក ដោយ​កាល​ពី​ប្រមាណ​៦​ឆ្នាំ​មុន លោក​បាន​ធ្វើ​ម្ដង​ហើយ​ជាមួយ​កំពូល​តារា​ចម្រៀង​រូប​នេះ។

បែប​នេះ​ក្ដី លោក​ថា លើក​នេះ លើក​នេះ​ខុស​ប្លែក និង​រឹត​តែ​ធំ​ជាង​មុន ហើយ​លោក​មាន​ក្ដី​រំពឹង​ខ្ពស់​លើ​ការងារ​នេះ។ លោក លើក​ឡើង​ថា "វា​គឺ​ជា ព្រឹត្តិការណ៍​តន្ត្រី​ទេសចរណ៍​ធំ​បំផុត​នៅ​អាមេរិក ហើយ​ខ្ញុំ ក៏​ដូច​ជា​ដៃគូ​រៀប​ចំ សង្ឃឹម​ខ្ពស់​ថា​នឹង​ជោគជ័យ ព្រោះ​ថា កាល​ពី​បង ព្រាប សុវត្ថិ មក​កាល​ពី​៦​ឆ្នាំ​មុន​តែ​ម្នាក់​ឯង ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់ ហើយ​លើក​នេះ មាន​កូន​ៗ​គាត់​ទាំង​៣ ទៀត ដែល​ពួក​គេ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ទៀត។ ដូច្នេះ​ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​គាំទ្រ​ខ្លាំង​ជាង​មុន និង​សប្បាយ​ជាង​មុន!”។

ក្រៅ​ពី​លោក ព្រាប សុវត្ថិ និង​កូន​ទាំង​៣ នៅ​មាន​ក្រុម​ភ្លេង និង​តារា​ចម្រៀង​ស្រី​ក្នុង​ក្រុម​ភ្លេង​លោក​ម្នាក់​ទៀត សរុប​មាន​គ្នា ៩នាក់ នឹង​ត្រូវ​​រួម​ដំណើរ​ជាមួយ​គ្នា​លើក​នេះ។ តាម​ការ​រៀប​ចំ ពួក​គេ នឹង​ត្រូវ​ស្នាក់​នៅ​អាមេរិក​យ៉ាង​តិច ២ ទៅ ៣​ខែ​ឯណោះ ព្រោះ​តាម​អ្នក​រៀប​ចំ ពួក​គេ​មាន​កាលវិភាគ​ច្រើន​ដែល​ត្រូវ​ធ្វើ​ដំណើរ​សម្ដែង​ទៅ​កាន់​រដ្ឋ និង​ទីក្រុង​របស់​អាមេរិក ប្រមាណ ២០ ឯណោះ។

តាម​លោក ហង្ស ឈា ក្រុម​លោក ព្រាប សុវត្ថិ នឹង​ត្រូវ​ទៅ​សម្ដែង​នៅ​តាម​រដ្ឋ និង​ទីក្រុង​មួយ​ចំនួន​ដូច​ជា ទី​ក្រុង ឡូវែល ឡុងប៊ិច បូស្តុន ស្ដុកតុន លីន ហ្វីឡាដែលហ្វៀ រដ្ឋ ផ្លរីដា និង​រដ្ឋ ទីក្រុង​ធំ​ៗ​ជា​ច្រើន​ទៀត ដែល​មាន​បង​ប្អូន​ខ្មែរ​រស់​នៅ​ច្រើន។ បេសកកម្ម​នេះ លោក​ថា ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ ដល់​បង​ប្អូន​ខ្មែរ​ជា​ពិសេស នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដែល​នឹង​មក​ដល់​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ។

បន្ថែម​ពី​លើ​នេះ លោក​ថា នៅ​មាន​គម្រោង​បន្ត​បន្ទាប់​ទៀត សម្រាប់​នាំ​មក​ជូន​បង​ប្អូន​ខ្មែរ​នា​ពេល​ខាង​មុខ។ សម្រាប់​លោក ព្រាប សុវត្ថិ មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​នៅ​ឡើយ ថា​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ពេល​ណា។ ប៉ុន្តែ លោក ឈា ប្រាប់​ថា នៅ​មិន​យូរ​ឡើយ ក្រុម​តារា​ចម្រៀង​របស់​កម្ពុជា នឹង​ចាក​ចេញ​ឆាប់ៗ​នេះ​ហើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់