• 2019-03-09 04:55:32
  • ភាពយន្ត

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី ៩ នឹង​ចាប់​ផ្ដើម​ហើយ​

  • 2019-03-09 04:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៩ នឹង​ធ្វើ​ការ​បង្ហាញ​ជូន​នូវ​ខ្សែ​ភាពយន្ត​រហូត​ដល់​ទៅ​ជាង ១៣០ ចំណងជើង មកពី ៣៧ ប្រទេស​នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​រួមមាន​ទាំង​ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ខ្នាត​ធំ ភាពយន្ត​ឯកសារ ព្រម​ទាំង​គំនូរ​ជីវចល។

ព្រឹត្តិការណ៍​ខាងលើ​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៩-១៤ ខែ​មីនា ឆ្នាំ២០១៩ ដែល​នឹង​ចាក់​បញ្ចាំង​ខ្សែ​ ​ភាពយន្ត​ចំនួន ១៥០ លើក នៅ​តាម​រោង​ភាពយន្ត​ធំៗ មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​រួមមាន រោង​ភាពយន្ត​លេជេន, រោង​ភាពយន្ត​ម៉េជ័រស៊ីណេផ្លិច, រោងភាពយន្ត​ប្រែម​ស៊ីណេផ្លិច, មជ្ឈមណ្ឌល​បុប្ផាណា, សាល​មហោស្រព​ចតុម្មុខ, និង​សណ្ឋាគារ​រ៉ូសវូដ។ ភាព​យន្ត​នៅ​កម្ពុជា

ជា​រៀង​រាល់​ឆ្នាំ មហោស្រព​របស់​យើង​តែង​តែ​បង្ហាញ​ជូន​នូវ​ខ្សែភាពយន្ត ដែល​ផលិត និង​និយាយ​អំពី​ប្រទេស​កម្ពុជា ៖ STORIES IN CAMBODIA រួមមាន​ខ្សែ​ភាពយន្ត​ប្រតិដ្ឋ​ ដែល​និយាយ​អំពី​កម្ពុជា។ ក្នុង​នោះ​ក៏​មាន​ខ្សែភាព​យន្ត​មួយ​ចំនួន​នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​បង្អស់​លើ​ទឹកដី​ប្រទេស​កម្ពុជា​ផង​ដែរ ដូចជា​៖

  • ខ្សែ​ភាពយន្ត​រឿង «ហ៊្វូណន» (ភាពយន្ត​ជាប់​ពានរង្វាន់​ក្នុង​មហោស្រព​ភាពយន្ត​គំនូរ​ជីវចល​ទីក្រុង​អានស៊ី ឆ្នាំ២០១៨)

  • រឿង «ផ្នូរ​គ្មាន​ឈ្មោះ» (មហោស្រព​ភាពយន្ត​ទីក្រុង​វេនីស, បេក្ខភាព​ពាន​រង្វាន់​អូស្ការ ឆ្នាំ២០១៩ តំណាង​ឲ្យ​កម្ពុជា)

  • រឿង «តន្ត្រី​ជីវិត» (មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​តូក្យូ)

  • រឿង «The Prey» (មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ប៊ូសាន ឆ្នាំ ២០១៨) ។ល។

កម្មវិធី​ភាពយន្ត​ពិសេស​ក្នុង​មហោស្រព​ឆ្នាំ​នេះ គឺ​កម្មវិធី ប្រឈម​មុខ​នឹង​ការ​ប្រល័យ​ពូជសាសន៍ ៖ ៤ ទសវត្សរ៍​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ដែល​នឹង​បង្ហាញ​ជូន​នូវ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ក៏​ដូចជា​ខ្សែ​ភាពយន្ត​ឯកសារ​ល្បីៗ ដែល​និយាយ​អំពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។

កម្មវិធី​ដ៏​ពិសេស​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ ព្រម​ទាំង​កិច្ច​ពិភាក្សា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​មជ្ឈមណ្ឌល​បុប្ផាណា។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ក៏​មាន​បំណង​ចង់​ភ្ជាប់​បណ្ដាញ​ទំនាក់​ទំនង​គ្នា​រវាង​ផលិតករ​ភាពយន្ត​កម្ពុជា ក៏​ដូច​ជា​សហគមន៍​ជនជាតិ​ខ្មែរ​ ដែល​រស់​នៅ​ឯក្រៅ​ប្រទេស​ផងដែរ ដូចជា សហរដ្ឋអាមេរិក បារាំង កាណាដា អូទ្រីស អូស្ត្រាលី នូវែលហ្សេឡង់ ។ល។

ផលិតករ​ភាពយន្ត​វ័យ​ក្មេង​កម្ពុជា ​ក៏នឹង​បង្ហាញ​ស្នាដៃ​ថ្មីៗ​របស់​ពួកគេ​នៅ​លើ​ផ្ទាំង​បញ្ចាំង​ភាពយន្ត​របស់​យើង​ផងដែរ តាម​រយៈកម្ម​វិធី ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា ។ ឆ្នាំនេះ មហោស្រព​របស់​យើង ​នឹង​បង្ហាញ​នូវ​ខ្សែ​ភាពយន្ត​ខ្មែរ​ខ្នាតខ្លី​ជាច្រើន ដូចជា រឿង «មួយ​លាន​ឆ្នាំ» ដោយ សាន ដានិច (ត្រូវ​បាន​ជ្រើស​រើស​ក្នុង​មហោស្រព​ភាពយន្ត ទីក្រុង​ប៊ូសាន) រឿង «ដីថ្មី​ផ្លូវ​ខូច» ដោយ នាង កាវិច (ត្រូវ​បាន​ជ្រើស​រើស​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​សិង្ហបុរី) ព្រម​ទាំង​រឿង «កូន​ប្រុស​ខែ​ចេត្រ » របស់ រ៉ូប៊ីន វេរេត ដែល​នឹង​ចាក់​បញ្ចាំង​ជា​លើកដំបូង​បង្អស់​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ផ្ទាល់​តែ​ម្ដង។ ភាពយន្តអន្តរជាតិ

ជា​រៀង​រាល់​ឆ្នាំ ខ្សែ​ភាពយន្ត​អន្តរជាតិ​ជាច្រើន​ត្រូវ​បាន​ជ្រើសរើស ​និង​សម្រិតសម្រាំង​យ៉ាង​ល្អ​ឥតខ្ចោះ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​មហោស្រព​របស់​យើង។ ខ្សែ​ភាពយន្ត​អន្តរជាតិ​ចម្រុះ ទាំង​ខ្សែ​ភាពយន្ត​ថ្មី និ​ងចាស់ សុទ្ធតែ មានភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ជាពិសេស​គឺ​ឧស្សាហកម្ម​ភាពយន្ត​របស់​អាស៊ី ក្នុង​នោះរួម​មាន​ខ្សែ​ភាពយន្ត​របស់​ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ឥណ្ឌា ។ល។

មិន​តែ​ប៉ុណ្ណោះ មហោស្រព​របស់​យើង​ក៏​មាន​ការ​ចាក់​បញ្ចាំង​នូវ ខ្សែ​ភាពយន្ត​គំនូរជីវចល ដែល​មក​ពី​ជុំវិញ​ពិភពលោក។ ភាពយន្ត​គំនូរ​ជីវចល​ទាំង​ខ្នាត​ធំ និង​ខ្នាត​ខ្លី សម្រាប់​កុមារ និង​មនុស្ស​វ័យ​ជំទង់ ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ល្អ​បំផុត ដើម្បី​ដាក់​បញ្ចូល​ក្នុង​កម្មវិធី គំនូរ​ជីវចល​ពិភពលោក​ របស់​មហោស្រព។

ខ្សែ​ភាពយន្ត​ឯកសារ​ដែល​និយាយ​អំពី​បញ្ហា “បម្រែបម្រួល​អាកាសធាតុ” និង ”បរិស្ថាន” ក៏​នឹង​ត្រូវ​បង្ហាញ​ជូន​ផង​ដែរ​នៅ​ក្នុង​កម្ម​វិធី ផែន​ដីស្រស់ស្អាត។

ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​កិត្តិយស ដោយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​ឯកទេស​ផ្នែក​ភាពយន្ត ដែល​ពួកគេ​បាន​ចូលរួម   គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ក្នុង​នោះ​រួមមាន ៖

  • លោក សុខ វិសាល (សមិទ្ធិករ​ភាពយន្ត, កម្ពុជា)

  • អ្នកនាង ម៉ម កល្យាណី (សមិទ្ធិករ​ភាពយន្ត, សហរដ្ឋអាមេរិក)

  • លោក ចេម ជេរ៉ាន់ (សមិទ្ធិករ​ភាពយន្ត, អូស្ត្រាលី)

  • លោក នីកូឡាស សាយម៉ុន (ផលិតករ, សហរដ្ឋអាមេរិក),

  • អ្នកនាង ខេយលី សូ (សមិទ្ធិករ​ភាពយន្ត, សហរដ្ឋអាមេរិក)។

លោក ជី សិលា នាយកប្រតិបត្តិ​ក្រុមហ៊ុន Sabay
លោក Cedric Eloy នាយក​រៀបចំ​កម្មវិធី​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​កម្ពុជា

  ការ​ចូលទ​ស្សនា​ភាពយន្ត

សំបុត្រ​ចូលទស្សនា​នឹង​ចាប់ផ្ដើម​ចែក​ជូន​នៅ​មុន​ការ​បញ្ចាំង​នីមួយៗ​រយៈពេល ១ ម៉ោង នៅ​តាម​បញ្ជរ​សំបុត្រ​របស់​មហោស្រព ដែល​ស្ថិត​នៅ​ខាង​មុខ​ទីតាំង​បញ្ចាំង​ផ្ទាល់។

សំបុត្រ​ចូល​ទស្សនា​ដោយសេរី

  • អ្នក​មក​មុន បាន​មុន​សម្រាប់​អ្នក​ដែល​មក​យឺត ឬ​មិន​ចង់​តម្រង់​ជួរ តម្លៃ​សំបុត្រ គឺ​ ៥ ០០០ រៀល  

ព័ត៌មាន​បន្ថែម និង​ទំនាក់​ទំនង

ព័ត៌មាន​លម្អិត​ស្ដីពី​កម្មវិធី កាល​វិភាគ​បញ្ចាំង និង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ ក៏​ដូចជា​ភ្ញៀវកិត្តិយស​ដែល​នឹង​ចូលរួម នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ Online  ៖

  • https://www.cambodia-iff.com

  • https://www.facebook.com/cambodiafilm/  

អត្ថបទ៖ ដៃគូសហការ

មតិយោបល់
អត្ថបទពេញនិយម