• 2019-03-11 03:20:00
  • ជីវិតតារា

Freshy Boy ហន គឹមធាន តស៊ូតាំងពីតួកំប៉ិកកំប៉ុករហូតតួសំខាន់និងក្តាប់បានស្ប៉តក្រៅប្រទេស

  • 2019-03-11 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហន គឹម​ធាន អតីត​ជយ​លាភី Freshy Boy ​ចំណាត់​ថ្នាក់​លេខ​៣ ​ជំនាន់​ទី​១៥ ​ប្រាប់​ថា អស់​ពេល​ជាង​២​ឆ្នាំ​ ដែល​ខ្លួន​ប្រឡូក​សិល្បៈ​មក​នេះ ​ឆ្លង​កាត់​នូវ​ការ​ខំ​ប្រឹង​តស៊ូ​ព្យាយាម​ជា​ច្រើន ​តាំង​ពី​តួ​រៃ​រង​ កំប៉ិក​កំប៉ុក ​រហូត​ក្លាយ​ជា​តួ​​អង្គ​សំខាន់ និង​ក្ដាប់​បាន​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ថែម​ទៀត។

តារា​​មក​ពី​ខេត្ត​បាត់​ដំបង បន្ត​ថា ពេល​ចូល​សិល្បៈ​ដំបូង​ៗ​កូន​ទី​៤ ចំណោម​បង​ប្អូន​៥​នាក់ ឲ្យ​ដឹង​ថា មាន​ការ​លំបាក​ខ្លាំង​ណាស់ ណា​មួយ​ខ្លួន​ជា​អ្នក​ខេត្ត​មិន​សូវ​ស្គាល់​គេ​ឯង និង​តារា​ថ្មី​ផង ដូច្នេះ​មិន​សូវ​ទទួល​បាន​ការងារ​ច្រើន​ទេ។ ​ថ្វី​ត្បិត​ខ្លួន​បាន​ឆ្លង​កាត់​ការ​ប្រលង​ប្រុស​ស្អាត តែ​ដោយសារ​ជា​តារា​ថ្មី​ថ្មោង ​ម្ល៉ោះ​ហើយ​ខាង​ផលិត​ករ​ឲ្យ​សម្ដែង​តួ​អ្វី​ ក៏​ព្រម​ថត​ដែរ ដើម្បី​យ៉ាង​ណា​កសាង​កេរ្តិ៍ឈ្មោះ​និង​ឱកាស​ក្នុង​ពិភព​សិល្បៈ។

ក្រោយ​ៗ​មក គួប​ផ្សំ​នឹង​សមត្ថភាព​ ទេព​កោសល្យ​សម្ដែង ​និង​តែង​ចូល​រួម​កម្មវិធី​សិល្បៈ​​ផ្សេង​ៗ គឹម​ធាន ​ក៏​ចេះ​តែ​មាន​ឱកាស​បន្ត​បន្ទាប់​ក្នុង​វិស័យ​នេះ រហូត​បាន​ថត​MV ដើរបង្ហាញម៉ូដ ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ឲ្យ​ក្រុម​ហ៊ុន​ក្រៅ​ស្រុក​និង​ក្នុងស្រុក រួម​ទាំង​ភាព​យន្ត​ភាគ រឿងខ្លី និង​ដុំ​ផង​ដែរ។ លើស​ពី​នេះ ​ធាន គឹម​ហន ​បាន​បង្ហាញ​ទេព​កោសល្យ​ក្នុង​រឿង​ល្បី​មួយ​គឺ "​សសរ​កន្លោង​" ហើយ​តែង​មាន​ផលិត​ករ​ជា​ច្រើន​ទាក់​ទង​ឲ្យ​ថត​ ជា​ហូរហែ។

​​​​​ជំហាន​ចូល​សិល្បៈ​ដំបូង​ ​បើ​ធៀប​នឹង​បច្ចុប្បន្ន ​ពិត​ជា​មាន​ការ​ខុស​ប្លែក​គ្នា​ដាច់​ឆ្ងាយ​តែ​ម្ដង។ ​សម្រាប់ ​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​គ្រប់​គ្រង​សេដ្ឋកិច្ច នៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយ យល់​ថា ​មើល​ពី​ក្រៅ​គិត​ថា​ សិល្បៈ​មាន​ភាព​ងាយ​ស្រួល ​តែ​តាម​ពិត​មិន​ដូច្នេះ​ទេ គឺ​មិន​ចេះ​តែ​ចូល​ៗ​នោះ​ឡើយ។ បើ​សិន​ជា​គ្មាន​សមត្ថភាព ត​ស៊ូ អត់​ធ្មត់ និង​ព្យាយាម​នោះ​ទេ មិន​ងាយ​នឹង​មាន​ឱកាស​ អាច​កសាង​ភាព​ល្បីល្បាញ​បាន​នោះ​ទេ។

សម្រាប់ ​គឹម​ហន ​វិញ ​ពេល​នេះ​ ​បាន​បើក​ហាង​កាត់​សក់​មួយ​កន្លែង​ហើយ ​ដែល​មាន​ទី​តាំង​នៅ​ម្តុំ​សាលា​អង្គ​អេង បន្ថែម​ពី​លើ​អាជីព​សម្ដែង​។ ​យុវជន​វ័យ​ក្មេង​រូប​នេះ ​អះ​អាង​ថា ​ខ្លួន​មិន​បោះ​បង់​អាជីព​សិល្បៈ​ចោល​នោះ​ទេ ទោះ​ជា​ខ្លួន​រៀន​ចប់​ក៏​ដោយ។ ​ផ្ទុយ​ទៅ​វិញ ​មាន​តែ​ពង្រឹង​ជំនាញ​បន្ថែម​ដូច​ជា ​ពិធី​ករ ​ឬ​ចេះ​ច្រៀង​ ដើម្បី​បង្ហាញ​ទេព​កោសល្យ​ជូន​ទស្សនិកជន ក៏​ដូច​ជា​បំពេញ​ក្ដី​ស្រមៃ​​តាំង​ពី​តូច​ដែល​ស្រលាញ់​សិល្បៈ​នេះ​៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់