• 2019-03-15 01:00:00
  • ជីវិតតារា

ទើបប្រឡូកសិល្បៈ តារាវ័យក្មេង ពឹង ចាន់បូណ៍មី ធ្លាប់កាន់ពានពីក្រៅប្រទេសមកកម្ពុជា យ៉ាង​មោទកភាព

  • 2019-03-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទើប​តែ​ឈាន​ជើង​ក្នុង​វិស័យ​សិល្បៈ ប៉ុន្តែ ​ពឹង ចាន់​បូណ៍មី ​បាន​សាង​ស្នាដៃ​ និង​ឱកាស​សិល្បៈ ជា​ច្រើន។ ​ក្នុង​នោះ ​លោក​ថែម​ទាំង​យក​ពាន​ពី​ការ​ប្រកួត​អន្តរជាតិ​មក​ទឹក​ដី​កម្ពុជា យ៉ាង​មោទកភាព ពី​ការ​ប្រកួត​កម្មវិធី​ Mister United Continents ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វី​លី​ពីន ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ ​ដោយ​មាន​ប្រទេស​២៥​ ចូល​រួម​ ​កាល​បី​ពេល​ថ្មីៗនេះផង​ដែរ។​​

កម្លោះ​សង្ហា​រូប​នេះ ​បន្ត​ថា ​ដំបូង​ឡើយ​លោក​គ្រាន់​ជា​​អ្នក​ចម្រៀង​នៅ​តាម Affair ​​ម្នាក់​ប៉ុណ្ណោះ។ ​ក្រោយ​មក ​លោក​ក៏​បាន​ឱកាស​ថត​រឿង "រនាត​ឯក " ដោយ​ដើរ​ជា​តួ​អង្គ​ម្នាក់ ​មិន​សូវ​សំខាន់​នោះ​ទេ។ ​ប៉ុន្តែ​ដោយសារ​ការ​ខំ​ប្រឹង​ប្រែង គួប​ផ្សំ​នឹង​រូប​សម្បត្តិ ទេព​កោសល្យ​ពី​កំណើត លោក​ ​កែវ រតនា​ អ្នក​ដឹក​នាំ​រឿង​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​អនុញ្ញាត​ឲ្យ​តារា​អាយុ​២៣​ឆ្នាំ​ ​រូប​នេះ សម្ដែង​ជា​តួ​អង្គ​ឯក​នឹង​កញ្ញា រចនា រ៉ាវ៉ាឌី ក្នុង​រឿង "​វិញ្ញាណ​ស្នេហ៍"។ ឱកាស​សម្ដែង​​រឿង បាន​ធ្វើ​ឲ្យ​លោក​ពង្រីក​បទ​ពិសោធន៍​ច្រើន និង​ឆាប់​សម្ដែង​ចូល​តួ​បាន​ល្អ កាន់​តែ​ប្រសើរ​ជាង​មុន។​

ត្រឹម​រយៈ​ពេល​ខ្លី ​លោក បូណ៍មី ​ចេះ​តែ​មាន​ទី​ផ្សារ​សិល្បៈ​បន្ត​បន្ទាប់​ដូច​​ជា ​ថត​​ភាព​យន្ត​ភាគ-​ដុំ ថត​ស្ប៉ត​ និង​ថត ​MV​ ផង​ដែរ។ ​តារា​ប្រុស​វ័យ​ក្មេង​រូប​នេះ បង្ហើប​ថា ដោយ​​សារ​តែ​លោក​ធ្លាប់​ឆ្លង​កាត់​ការ​ប្រលង​លក្ខណៈ អន្ត​ជាតិ ម្ល៉ោះ​ហើយ​ធ្វើ​ឲ្យ​លោក​បាន​ដុស​ខាត់​សមត្ថភាព និង​បង្កើន​មហិច្ឆតា​កាន់​តែ​ខ្លាំង​លើ​វិថី​សិល្បៈ ដោយ​ចង់​ពង្រឹង​បន្ថែម​លើ​ការ​ដើរ​ម៉ូដ ច្រៀង និង​ពិធី​ករ ។

ទន្ទឹម​នឹង​នេះ លោក ក៏​នៅ​តែ​មាន​បំណង​ចង់​ប្រកួត​ប្រជែង​កម្មវិធី​ផ្សេង​ៗ​ទៀត ​ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍​កាន់​តែ​ច្រើន ព្រម​ទាំង​ចង់​​ដណ្ដើម​យក​ពាន​រង្វាន់ និង​លើក​ស្ទួយ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ផង​ដែរ ។ សម្រាប់​លោក​ផ្ទាល់​វិញ យល់​ថា សិល្បៈ​មិន​ងាយ​ស្រួល​ឡើយ មិន​អាច​គ្រាន់​តែ​ស្អាត​មួយ​មុខ ស្រួល​នឹង​ចូល​សិល្បៈ​ទេ លុះ​ត្រា​តែ​មាន​​សមត្ថភាព និង​ចេះ​បង្កើត​ស្នាដៃ​ឲ្យ​សិល្បករ​រៀម​ច្បង​បាន​ឃើញ ទើប​អាច​ឈោង​ចាប់​ក្នុង​វិថី​នេះ​បាន​យ៉ាង​រលូន៕​​

​​ ​​

អត្ថបទ៖ លឹម សុនា

មតិយោបល់