• 2019-03-23 05:29:44
  • ព័ត៌មាន

ហ៊ឺ...ទឹក​ចិត្ត​ឪពុក​ចំពោះ​កូន ធំ​ប៉ុន​មហា​មេឃ ៖ យ៉ែម សំអូន បាន​ត្រឹម​មើល​រូប​ថត​កូន​ស្រី ហើយ​ហូរ​ទឹក​ភ្នែក!

  • 2019-03-23 05:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

មើល​ពី​ខាង​ក្រៅ លោក យ៉ែម សំអូន គឺ​ជា​សិល្បករ​ជោគជ័យ​ម្នាក់ ដោយ​ក្រុម​ពិធីការ Dara Entertainment របស់​លោក កាន់​តែ​រីក​មាឌ​ធំ​ឡើង​ៗ ប៉ុន្តែ​នៅ​ពី​ក្រោយ​នេះ គឺ​លោក​ជូរ​ចត់​ក្នុង​សង្គម​គ្រួសារ និង​មាន​វិបត្តិ​ដួង​ចិត្ត​ធ្ងន់​ធ្ងរ ដោយ​នៅ​ព្រឹក​នេះ​លោក​បាន​ឲ្យ​ដឹង​ថា បាន​ត្រឹម​ហូរ​ទឹក​ភ្នែក ពេល​សម្លឹង​រូប​ថត​កូន​ស្រី​ដ៏​ស្រស់​ប្រិមប្រិយ។

"ថ្ងៃ​នេះ ក៏​មិន​សូវ​ជា​ខុស​អី​ពី​រាល់​ថ្ងៃ​ដែរ បើក​ភ្នែក​ភ្លាម ទឹក​ភ្នែក​ក៏​ហូរ​ចុះ​មក មាន​អារម្មណ៍​ថា​នឹក​ម្នាក់​នេះ​ដល់​ហើយ កូន​ក្រមុំ​អ្នក​ណា​គេ​ទេ ស្អាត​ក៍​ស្អាត សុភាព ទន់​ភ្លន់ ចេះ​គោរព​ស្គាល់ ចាស់ ស្គាល់​ទុំ ហើយ​វា​ក៍​ជា​សំណាង​មួយ​ដែល​ក្នុង​នាម​យើង​ជា​ឪពុក​គេ សំណាង​មួយ​របស់​ប៉ាប៉ា ដែល​វា​ទ្រព្យ​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​មួយ​ជីវិត​របស់​ប៉ា​ប៉ា”។ លោក យ៉ែម សំអូន សរសេរ​លើ​បណ្ដាញ IG របស់​ខ្លួន។

ប្រធាន​ក្រុម​ពិធីការ​ប្រាប់​ទៀត​ថា លោក​មាន​អារម្មណ៍​នឹក​កូន​ស្រី​ពេក ទើប​ចេះ​តែ​សរសេរ​ចេញ​ពី​ចិត្ត​នឹក​រលឹក​របស់​លោក​ផ្ញើ​ទៅ​កូន​ស្រី ទាំង​មិន​ដឹង​ថា កូន​ក្រមុំ​របស់​ខ្លួន នឹង​បាន​ទទួល​ជ្រាប​ពី​ទឹក​ចិត្ត​របស់​ឪពុក​ម្នាក់​នេះ ឬ​អត់​ផង។

មាន​រយៈ​ពេល​ប្រមាណ​ជា ៤​ឆ្នាំ​មក​ហើយ ដែល​លោក យ៉ែម សំអូន នៅ​ឆ្ងាយ​ពី យ៉ាន លីនដា បន្ទាប់​ពី​មាន​រឿង​ជម្លោះ​ស្រួចស្រាល់​នៅ​ក្នុង​គ្រួសារ​របស់​លោក។ កាល​ណោះ យ៉ាន លីនដា ជា​ភរិយា បាន​ចោទ​​លោក សំអូន ជា​ស្វាមី​ថា​មាន​ពាក់​ព័ន្ធ​នឹង​ស្នេហា​ភេទ​ដូច​គ្នា រួម​ទាំង​ទង្វើ​ខ្លះ​ទៀត ដែល​អ្នក​នាង​អះអាង​ថា មិន​បាន​ផ្ដល់​តម្លៃ​ឲ្យ​នាង​ជា​ភរិយា។ ដូច្នេះ​ហើយ ទើប​ជា​ហេតុផល ​ដែល​ដំបូង​ឡើយ​នាង​សុខ​ចិត្ត​ចោល​ម្ដាយ និង​កូនស្រី មក​តាម​ប្ដី ចុង​ក្រោយ​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ទៅ​វិញ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ក្នុង​រយៈ​ពេល​ជាង ៤​ឆ្នាំ​មក​នេះ យ៉ាន លីនដា រស់​នៅ​ជាមួយ​កូន​ស្រី​នៅ​អូស្ត្រាលី ឯ យ៉ែម សំអូន នៅ​ស្រុក​ខ្មែរ​តែ​ម្នាក់​ឯង និង​មិន​ដែល​បាន​ជួប​កូន​ស្រី​ផ្ទាល់​ឡើយ។ ដូច្នេះ ហើយ​ទើប​យូរ​ម្ដង​គេ​ឃើញ​លោក​ឪពុក​រូប​នេះ ស្ដែង​មនោសញ្ចេតនា​របស់​ខ្លួន​ផ្ញើ​ទៅ​កូន​ស្រី​តាម​បណ្ដាញ​សង្គម។ លោក យ៉ែម សំអូន បាន​ឲ្យ​ដឹង​ទៀត​ថា មាន​មិត្តភ័ក្ដិ​ជា​ច្រើន បាន​រុញ​លោក​ឲ្យ​ទៅ​ជួប​កូន។ ប៉ុន្តែ​លោក​ថា តើ​ឲ្យ​លោក​ទៅ​ជួប​យ៉ាង​ម៉េច បើ​សូម្បី​តែ​សារ​ក៏​កូន​ស្រី​មិន​តប ហើយ​ទូរសព្ទ​របស់​លោក ក៏​កូន​ស្រី​មិន​លើក​នោះ។

រូបថត៖ IG យ៉ែម សំអូន

"អ្នក​មិន​ដឹង គេ​ត្រឹម​តែ​ថា ម៉េច​មិន​ទៅ​ជួប គេ​មិន​ដឹង​ថា​កូន​គេច​ប៉ា មិន​តប​សារ​ប៉ា មិន​លើក​ទូរសព្ទ​ប៉ា​ឯណា ប៉ា​ជា​មនុស្ស មិន​មែន​ទេវតា​ដែល​ដឹង​បាន​គ្រប់​រឿង​ឯណា ដឹង​ត្រឹម​តែ​ថា ប៉ា​រក្សា​ចិត្ត​អំណត់ មិន​ឱប​ភាព​ក្ដៅ​ក្រហាយ​ជាប់​នឹង​ខ្លួន ស្រលាញ់​កូន និង​បាន​ធ្វើ​ល្អ​បំផុត​ហើយ លើស​ពី​នឹង​អត់​ទេ ព្រោះ​ប៉ា​នៅ​តែ​ប៉ា របស់​កូន ដាច់​ខាត​ប៉ា​មិន​អោយ​កូន​បាប​ឡើយ ប៉ា​ព្រម​ទទួល​ម្នាក់​ឯង។តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​យល់​អារម្មណ៍​មួយ​នេះ??”។ លោក យ៉ែម សំអូន ត្អូញ​ថ្ងូរ៕

អត្ថបទ៖ ទារិកា

មតិយោបល់