• 2019-03-27 02:29:16
  • ព័ត៌មាន

ឡូយ​បាត់ MV ខ្មែរ​១បទ​នេះ ប្រជុំ​ក្រុម​រាំ​ល្បី​ៗ​ខ្ទង់រយ​នាក់ ត្រៀម​បំបែក​កំណត់ត្រា ​អ្នក​រាំ​ច្រើន​ជាង​គេ

  • 2019-03-27 02:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន" របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្ន​​កំពុង​​សម្រុក​ចេញ​​​​ថត MV ហើយ ដោយ​ការ​ថត​នោះ គឺ​មាន​ទ្រង់ទ្រាយ​ធំ ប្រជុំ​ទៅ​ដោយ​ក្រុម​រាំ​​ល្បី​ៗ ហើយ​ថត​ច្រើន​ទីតាំង ដែល​អាច​នឹង​​​ក្លាយ​ជា​បទ​ចម្រៀង​មាន​អ្នក​​​រាំ​ច្រើន​​ជាង​គេ​ទៀត​ផង។

ក្រុម​រាំ​​អាជីព​ដែល​ចូល​រួម​ថត MV ខាង​លើ មិន​​ក្រោម​១០០នាក់​ឡើយ ហើយ​ពួក​គេ​សុទ្ធតែ​​ជា ក្រុម​​រាំ​រាំ​​ផ្ដាច់​​មុខ​ឲ្យ​តារា​ចម្រៀង​ល្បី ដូច​ជា ក្រុម​រាំ​តារា​ចម្រៀង ព្រាប សុវត្ថិ ក្រុម​រាំ តារា​ចម្រៀង ខេមរៈ សិរីមន្ត ជា​ដើម។ តាម​ការ​​បង្ហើប​ពី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បទ "ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន" គ្រោង​ថត​រហូត​ដល់​ទៅ ២៥ ខេត្ត​ក្រុង ប៉ុន្តែ​​ដោយ​​ពេលវេលា​ខ្លី ការ​ថត​អាច​នឹង​ធ្វើ​ឡើង​តែ​លើ​​ទីតាំង​សំខាន់ៗ​ក្នុង​ខេត្ត​មួយ​ចំនួន​ប៉ុណ្ណោះ មាន​ដូច​ជា កំពង់​ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង បន្ទាយ​មាន​ជ័យ ប៉ោយប៉ែត ឧត្ដរមានជ័យ កំពង់​ធំ សៀមរាប ព្រៃវែង និង​កំពង់​ចាម​ជា​ដើម។

រាប់​ទាំង​ក្រុម​រាំ ក៏​ដូច​ទីតាំង បូក​ទាំង​ការ​​ស្នាក់​នៅ​ហូបចុក​ផង​នោះ ការ​ចំណាយ​នៃ​គម្រោង​​ថត​នេះ ត្រូវ​ប្រើ​ពេល​​​ច្រើន​ថ្ងៃ និង ការ​ចំណាយ​ប្រាក់ មិន​តិច​ឡើយ។ បែប​នេះ​ក្ដី ឧកញ៉ា​ល្បី​ឈ្មោះ​ខាង​លើ មិន​បាន​បង្ហាញ​ពី ដើម​ទុន​នៃ​ការ​ចំណាយ​នៃ​ការ​ថត​ឡើយ ប៉ុន្តែ​​លោក​បាន​ប្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ សម្រេច​ចិត្ត​បោះ​ទុន​ថត​ ទាំង​នោះ​ក៏​ព្រោះ​តែ លោក​ស្រលាញ់​សិល្បៈ និង​ចង់​រួម​​ចំណែក​ថែ​រក្សា​នូវ​អ្វី​ដែល​ខ្មែរ​មាន ដូច​ក្នុង​​អត្ថន័យ​បទ​ចម្រៀង​ដែល​លោក​បាន​ច្រៀង។​

លោក ឧកញ៉ា​វ័យ​ក្មេង​ដែល​កំពុង​មាន​ប្រជាប្រិយ​ទាំង​ការ​ងារ​ជំនួញ សិល្បៈ និង​កិច្ចការ​សង្គម បាន​បន្ត​ឲ្យ​ដឹង​ថា ប្លង់​ចុង​ក្រោយ​នៃ​បទ​ចម្រៀង​នេះ អាច​នឹង​​ថត​២​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ ហើយ​ថែម​ទាំង​​មាន​អ្នក​រាំ កាន់​តែ​ច្រើន​ជាង​នេះ រហូត​ដល់​ទៅ​រាប់​ពាន់​អ្នក​ថែម​ទៀត​ផង។ ទីតាំង​ទាំង​២នោះ មាន​វត្ត​ភ្នំ ​មាន​សិស្ស​និស្សិត​ចូល​រួម​ជាង​១​ពាន់​នាក់ និង​ចុង​ក្រោយ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ប្រជុំ​ឲ្យ​អ្នក​សិល្បៈ និង​សិស្ស​និស្សិត ​រាប់​ពាន់​អ្នក​ឯណោះ។

ជា​មួយ​នឹង​ការ​ថត​នោះ​លោក បាន​ឲ្យ​​ក្រុម​អ្នក​រាំ​អាជីព​រាំ​​អស់ បាន​បង្ហាញ​ក្បាច់​រាំ​ចម្រុះ មាន​ទាំង​ការ​បញ្ចូល​របាំ​ប្រពៃណី​បុរាណ ជា​ចម្រៀង​ទម្រង់​ទៅ​ជា​ក្បាច់​រាំ​បែប​ថ្មី ងាយ​ស្រួល​ឲ្យ​បង​ប្អូន​រៀន​រាំ​តាម។ក្រៅ​ពី​មាន​បំណង​ចូល​រួម​ចំណែក​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​លោក ឡេង ណាវ៉ាត្រា សង្ឃឹម​ថា បទ "ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន" នឹង​រួម​ចំណែក​ផ្ដល់​ការ​កម្សាន្ត ពោល​គឺ រាំ​លេង​កម្សាន្ត​សប្បាយ​នា​រដូវ​ចូល​ឆ្នាំ​ខាង​មុខ​នេះ​ផង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់