• 2019-04-02 09:08:07
  • ព័ត៌មាន

សំណេរ​រឿង​ខ្លី "សុំ​ឆ្ងល់​លេង" របស់​អ្នក​និពន្ធ កែវ ច័ន្ទ​បូរណ៍ កំពុង​បំផុស​ឲ្យ​មាន​ការ​ពិចារណា

  • 2019-04-02 09:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ កែវ ច័ន្ទ​បូរណ៍ ប្រលោម​លោក​ដ៏​ល្បី​ឈ្មោះ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រៅ​ប្រទេស គឺ​សហរដ្ឋ​អាមេរិក​នោះ នៅ​រសៀល​នេះ បាន​បញ្ចេញ​រឿង​ខ្លី​មួយ ដោយ​អ្នក​ស្រី​បាន​ដាក់​ចំណង​ជើង​ថា "សុំ​ឆ្ងល់​លេង"។ អត្ថន័យ​របស់​រឿង​ខ្លី អ្នក​និពន្ធ​បាន​បង្កប់​សារ​អប់រំ លើ​ទម្លាប់​ដុត​ក្រដាស​(លុយ​ខ្មោច ឬ​លុយ​សែន)សែន​ដូនតា ឬ​កុង​ម៉ា ដែល​ភាគ​ច្រើន​បំផុត​ឃើញ​មាន​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ពិធី​មួយ​ចំនួន​ទៀត។

និយាយ​ពី​ទម្លាប់ "ដុត​សែន" ក្រដាស​ប្រាក់(ក្រដាស​ប្រាក់​ខ្មោច) ផ្ទះ​ក្រដាស ឡាន ឬ​របស់​ប្រើ​ប្រាស់​ផ្សេង​ៗ​ធ្វើ​ពី​ក្រដាស តាម​ប្រពៃណី​ជនជាតិ​ចិន មាន​បង្កប់​អត្ថន័យ​ថា នោះ​ជា​របៀប​ឧទ្ទិស​ជូន​ដល់​សាច់​ញាតិ ដូនតា ម៉ា កុង ដែល​បាន​ចែក​ឋាន ត្បិត​ថា ពួក​គេ​ត្រូវ​ការ​របស់​ទាំង​នោះ ប្រើ​ប្រាស់​ជា​ចាំ​បាច់​ដែរ ចៀសវាង​ឲ្យ​ពួក​គេ ដើរ​អនាថា គ្មាន​ផ្ទះ​សម្បែង​ជ្រកកោន និង​គ្មាន​សម្ភារ​ចាំ​បាច់​នានា​ប្រើ​ប្រាស់។

ចំណុច​នេះ ខ្មែរ​យើង​ក៏​មាន​ទំនៀមទម្លាប់​មួយ​ដែរ ក្នុង​ការ​ឧទ្ទិស​អ្វី​មួយ​ជូន​បុព្វការី​ជន​ដែល​ចែក​ឋាន ប៉ុន្តែ​ប្រពៃណី​របស់​ខ្មែរ​យើង គឺ​យក​របស់​ទាំង​នោះ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ជា​បុគ្គល​ដែល​មាន​ពេញ​ដោយ​ធម៌​វិន័យ ឲ្យ​ជួយ​ផ្សព្វផ្សាយ​បញ្ជូន​បន្ត​ទៅ​បុព្វការី​ជន​ដែល​បាន​លះ​បង់​លោក​នេះ ទៅ​កាន់​លោក​ខាង​មុខ ជំនួស​ឲ្យ​ការ​ដុត​បញ្ជូន​ទៅ​ដោយ​ផ្ទាល់ដូច​​ប្រពៃណី​ជនជាតិ​ចិន។

ជះ​ត្រឡប់​មក​វិញ​លើ​ការ​ដុត​សែន​របស់​ទាំង​នោះ​តាម​ប្រពៃណី​ជនជាតិ​ចិន និង​ការ​វេរ​ប្រគេន​របស់​ទាំង​ឡាយ​តាម​រយៈ​ព្រះសង្ឃ​ ជា​ទំនៀម​ប្រពៃណី​ជនជាតិ​ខ្មែរ ពួក​គេ​ជឿ​ថា ក្រោយ​ពី​ជីដូន ជីតា ម៉ា កុង បាន​ទទួល​របស់​របរ​ទាំង​នោះ​យក​ទៅ​ប្រើ​ប្រាស់​រួច​ហើយ ពួក​គេ​(ដូនតា)នឹង​រស់​នៅ​សុខ​កាយ​សប្បាយ​ចិត្ត ចុង​ក្រោយ នឹង​ងាក​ក្រោយ​ឲ្យ​ពរ​ដល់​កូនចៅ ញាតិ​សន្ដាន រក​ស៊ី​មាន​បាន កើត​មាស កើត​ប្រាក់​ជាក់​ជា​មិន​ខាន។ ដូច្នេះ​ហើយ ទើប​នៅ​រដូវ​បុណ្យ​ប្រពៃណី​របស់​ជនជាតិ​ដូច​ជា បុណ្យ​ចូល​ឆ្នាំ​ចិន ពិធី​សែន​ក្បាល​ទឹក​ជា​ដើម គេ​ឃើញ​បង​ប្អូន​ជនជាតិ​ចិន ឬ​ក៏​បង​ប្អូន​ខ្មែរ ជាប់​សែ​ស្រ​ឡាយ​ចិន បាន​នាំ​ដុត​សែន​របស់​ទាំង​នោះ គ្រប់​ៗ​គ្នា។

នៅ​ត្រង់​ទិដ្ឋភាព​នេះ សំណេរ​របស់​អ្នកនិពន្ធ​ កែវ ច័ន្ទ​បូរណ៍ លើ​រឿង​ខ្លី​ខាង​ក្រោម បាន​បំផុស​គំនិត​ពិចារណា ទៅ​លើ​សកម្មភាព​ខាង​លើ​ថា ចំណេញ ឬ​ខាត ត្បិត​ថា នោះ​ជា​ក្រដាស​សែន​ក៏​ពិត​មែន ប៉ុន្តែ​ទាំង​នោះ បាន​ពី​ការ​ប្រើ​ប្រាស់​លុយ​ទៅ​ទិញ​មក​ដែរ។ ដូច្នេះ តាម​ដាន និង​ពិចារណា​លើ​សាច់​រឿង​ខ្លី​របស់​អ្នក​និពន្ធ​រូប​នេះ ដែល​អ្នក​ស្រី​បាន​សរសេរ​ជា​វគ្គ​សន្ទនា​របស់​តួ​អង្គ​២នាក់ គឺ សុក និង សៅ ទាំង​អស់​គ្នា!

រឿង សុំ​ឆ្ងល់​លេង

សុក ៖ សៅ! ឯង​ដុត​លុយ​ធ្វើ​អី? ក្រែង​ឯង​កំពុង​តែ​ក្រ.. មិន​មែន​ទេ?

សៅ ៖ លុយ​ក្រដាស​ដុត​សែន​ដូន​តា​តើ​ហ្អ!

សុក ៖ លុយ​ក្រដាស ក៏​យក​លុយ​ទៅ​ទិញ! ទិញ​បាន​ហើយ​ដុត​ចោល មិន​អស់​លុយ​ទេ?

សៅ ៖ ដុត​ផ្ញើ​ដូន​តា អោយ​មាន​ចាយ​នៅ​ស្រុក​លើ! ហើយ​ដើម្បី​សុំ​ពរ​ពី​លោក​អោយ​យើង​ឆាប់​មាន​វិញ!

សុក ៖ អ្ហា៎ក! នៅ​ស្រុក​លើ ចាយ​លុយ​ក្រដាស ដែរ​ហ្អ? ម៉េច​បាន​ឯង​ដឹង?

សៅ ៖ ឮ​គេ​ថា​អញ្ចឹង!

សុក ៖ ដែល​គេ​ថា​ហ្នឹង! តើ​គេ​ដឹង​ដំណឹង​ពី​ឋាន​លើ​មក​វិញ​តាម​ណា?

សៅ ៖ អត់​ដឹង​ទេ​វើយ!

សុក ៖ ហើយ​ចុះ​នៅ​ឋាន​លើ គេ​ចាយ​តែ​លុយ​ក្រដាស ដែល​មនុស្ស ​ឋាន​ក្រោម​បោះពុម្ព​ទេ មែន​ទេ?

សៅ ៖ ហ្នឹង​ក៏​ខ្ញុំ​អត់​ដឹង​ដែរ! ធ្វើ​តែ​តាម​គេ​ថា!

សុក ៖ ហើយ​ចុះ​ដូនតា​វិញ? បើ​ព្រលឹង​លោក​សក្ដិសិទ្ធិ​មែន​ម៉េច ក៏​មិន​ជប់​លុយ​ចាយ​ខ្លួន​ឯង​ទៅ? ម៉េច​ចាំ​ បាច់​អោយ​កូន​ចៅ​ដុត​ផ្ញើ​អោយ​ធ្វើ​អី?

សៅ ៖ ហ្នឹង​ក៏​ខ្ញុំ​កាន់​តែ​លែង​ដឹង​ទៀត!

សុក ៖ បើ​ព្រលឹង​ដូនតា​ជប់​លុយ​អោយ​ខ្លួន​ឯង​ចាយ​មិន​បាន​ផង តើ​ដូនតា​មាន​សិល្ប​មន្ត អី​នឹង​ជប់​ទ្រព្យ ជប់​លាភ អោយ​កូន​ចៅ​នៅ ឯ​ឋាន​កណ្ដាល​បាន​ទៅ? គ្រាន់​តែ​ឆ្ងល់​លេង​ទេ! ឯង​កុំ​អន់​ចិត្ត​អី​ណា៎!

សៅ ៖ អឺ! គ្នា​អត់​ដឹង​ដែរ! ចាំ​គ្នា​សួរ​ញាតិ​បន្ត​ទៀត​សិន! បើ​គ្នា​ដឹង ចាំ​ប្រាប់​ឯង​វិញ៕

អត្ថបទ៖ ទារិកា

មតិយោបល់