• 2019-04-04 04:47:16
  • ព័ត៌មាន

ឃើញ​ចេញ​ចម្រៀង​ញយ​ៗ អេនឌី ត្រូវ​ផលិតកម្ម​មួយ​កោះ​ហៅ​ទៀត​បាត់

  • 2019-04-04 04:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អេនឌី ត្រូវ​បាន​ផលិតកម្ម​ថ្មី​មួយ បាន​កោះ​ហៅ​ឲ្យ​ចូល​រួម​ជាមួយ​ពួក​គេ​ទៀត​ហើយ ក្រោយ​ពី​ឃើញ​លោក​បាន​បញ្ចេញ​វីដេអូ​បទ​ចម្រៀង​ថ្មី​បន្ត​បន្ទាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន។

គិត​មក​ដល់​ពេល​នេះ អេនឌី ប្រាប់​ថា លោក​បាន​យល់​ព្រម និង​បញ្ចប់​ការ​ចរចា​ស្រេច​បាច់​អស់​ហើយ។ "បាទ បាន​និយាយ​គ្នា​អស់​ហើយ ហើយ​ខាង​គាត់ ក៏​បាន​រៀប​ចំ​បទ​ចម្រៀង​មួយ​បទ​ឲ្យ​ខ្ញុំ​រួច​ហើយ​ដែរ"។ នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត បន្ទាប់​ពី​លោក​បាន​សម្រេច​ដើរ​ចេញ​ពី​ផលិតកម្ម​ក្នុង​ស្រុក​មួយ ក្រោយ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ប្រមាណ​ជិត​១​ឆ្នាំ។ ការ​ដើរ​ពេល​នោះ លោក​ថា ដោយ​សារ​តែ​ផលិតកម្ម​មិន​អើពើ​នឹង​លោក។

ក្រោយ​ពី​ចាក​ចេញ​ពី​ផលិតកម្ម​ចាស់ អេនឌី បាន​ប្រឹង​ផលិត​វីដេអូ​ចម្រៀង​ថ្មី​ចេញ​បន្ត​បន្ទាប់ ដោយ​លោក​បាន​យក​បទ​ចម្រៀង​មរតក​ដើម​មក​ថត និង​ច្រៀង Cover ឡើង​វិញ ដោយ​ថ្មី​ៗ​នេះ​លោក​ទើប​នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​ចំនួន​ដូច​ជា​បទ "ចោរ​លួច​បេះដូង" “អ្នក​ណា​ហ្នឹង​អូន" “ប្រញាប់​តែ​ប្រចណ្ឌ" និង​បទ​ចុង​ក្រោយ​គេ គឺ "កំពង់ចាម​កំពង់​ចិត្ត" ដែល​​ទើប​នឹង​ចេញ​លើ Youtube ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

សមិទ្ធផល​បន្ត​បន្ទាប់​នេះ តារា​និយម​បទ​ចម្រៀង​មរតក​ដើម បញ្ជាក់​ថា ទើប​ធ្វើ​ផលិត​កម្ម​ថ្មី​មាន​ឈ្មោះ​ថា "DN Production” ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ចម្រៀង​វ័យ​ក្មេង​ជា​ច្រើន បាន​កោះ​ហៅ​លោក​ឲ្យ​ចូល​រួម​តែ​ម្ដង ហើយ​ដោយ​សារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ផង ទើប​លោក​សម្រេច​ចូល​ក្នុង​ផលិតកម្ម​ជា​ថ្មី។ យ៉ាង​ណា លោក​មិន​បាន​ចុះ​កុងត្រា​នោះ​ទេ ហើយ​លោក​នៅ​តែ​បន្ត​ធ្វើ​បទ​ចម្រៀង​របស់​លោក​បន្ត​បន្ទាប់​ទៀត។

និយាយ​ពី​លក្ខខណ្ឌ​ការងារ លោក​លើក​ឡើង​ថា ផលិតកម្ម​ថ្មី​បាន​ផ្ដល់​លក្ខខណ្ឌ​យោគយល់​គ្នា​ច្រើន ក្នុង​នោះ​មាន​ន័យ​ថា បើ​ទោះ​លោក​ជា​តារា​ចម្រៀង​ក្រោម​ផលិតកម្ម​ក៏​ពិត​មែន ប៉ុន្តែ​ផលិតកម្ម​បាន​យល់​ព្រម​ឲ្យ​លោក​បន្ត​ធ្វើ​ការងារ​ធ្វើ​វីដេអូ​ចម្រៀង​របស់​ខ្លួន​បន្ត​ទៀត ពោល​គឺ​មិន​បាន​ចង​ជើង​ទុក​នោះ​ទេ។ "និយាយ​ទៅ គឺ​គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ការងារ​ខ្ញុំ និង​អាច​ថត​ឲ្យ​ផលិតកម្ម​ផ្សេង​បាន​ទៀត ជា​រួម​បើ​មាន​អី​ធ្វើ ក៏​ធ្វើ​ទៅ ហើយ​ពេល​​គាត់​មាន​បទ​ឲ្យ​ខ្ញុំ ខ្ញុំ​ក៏​ទៅ​ថត​ឲ្យ​គាត់​ចឹង​ទៅ គឺ​ល្អ​ត្រង់​ហ្នឹង​បង!”។

រូបភាព៖ ផ្ដល់​ដោយ​ អេនឌី

ផលិតកម្ម​បាន​រៀប​បទ​ចម្រៀង​ថ្មី​មួយ​បទ​រួច​ហើយ ទុក​ឲ្យ​តារា​ចម្រៀង​ចាស់​វស្សា​រូប​នេះ តែ​លោក​សុំ​សិទ្ធិ​លាក់​សិន។ អេនឌី បាន​បន្ត​ថា ដំណើរ​វិល​ចូល​ផលិតកម្ម​ជា​ថ្មី​នេះ នឹង​ជួយ​ឲ្យ​លោក​អាច​ឈរ​ជើង​លើ​ទីផ្សារ​បាន​រឹង​មាំ​ជាង​មុន ពោល​គឺ​មាន​បទ​ចម្រៀង​ចេញ​បន្ត​បន្ទាប់ ទៅ​តាម​ការ​ចាត់​ចែង​របស់​ថ្នាក់​ដឹកនាំ​ផលិតកម្ម៕

អត្ថបទ៖ ទារិកា

មតិយោបល់