• 2019-04-05 04:39:55
  • ព័ត៌មាន

យ៉ាង​ម៉េច​អីចេះ! ពេជ្រ សូលីកា ល្បី​ចូល​​ហង្សមាស​បាត់​ហើយ ស្រាប់​ឃើញ​ចេញ​បទ​នៅ M ទៅវិញ

  • 2019-04-05 04:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ពេជ្រ សូលីកា បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ម្ដង​ទៀត ក្រោយ​ពេល​គេ​ឃើញ​នាង ស្រាប់​តែ​មាន​បទ​ថ្មី​ចេញ​នៅ​លើ​ផលិតកម្ម M ដែល​ជា​ទ្រនំ​ចាស់​របស់​នាង ទាំង​គេ​ដឹង​ទៀត​ថា សូលីកា បាន​ក្លាយ​ជា​តារា​ចម្រៀង​របស់​ហង្សមាស​ទៅ​ហើយ​នោះ។

បទ​ថ្មី​របស់ ពេជ្រ សូលីកា នៅ​ដែល​ចេញ​នៅ​ផលិតកម្ម M នោះ​មាន​ចំណង​ជើង​ថា "ថ្វាយ​បង​ឲ្យ​គេ" ដែល​បាន​ចេញ​កាល​ពី​ចុង​ខែ មីនា ២០១៩​នេះ ដោយ​ឃើញ​មាន​ការ​គាំទ្រ​ក្នុង​កម្រិត​មួយ​ទាប​នៅ​ឡើយ។ បែប​នេះ​ក្ដី គេ​នៅ​មិន​ទាន់​ដឹង​ថា នេះ​ជា​បទ​ថ្មី​បំផុត​របស់​កញ្ញា ពេជ្រ សូលីកា ក្នុង​ទ្រនំ​ចាស់ ឬ​ក៏​ជា​បទ​ចាស់​នាង កន្លង​មក​មិន​ទាន់​បាន​ចេញ ឬ​យ៉ាង​ណា​នោះ​ទេ។

ចំណុច​គួរ​ចាប់​អារម្មណ៍ ក្រោយ​ពី​បទ​របស់ សូលីកា ត្រូវ​បាន​បញ្ចេញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ផលិតកម្ម M នោះ​មក មាន​អ្នក​គាំទ្រ​ខ្លះ បាន​កាត់​យល់​ថា M នៅ​អាល័យ​តារា​ចម្រៀង​ស្រី​ស្អាត​រូប​នេះ ត្បិត​ថា ពេល​នេះ​នាង​បាន​ចូល​រួម​ជាមួយ​ផលិតកម្ម​ផ្សេង​រួច​ទៅ​ហើយ។ ជាក់​ស្ដែង​គណនី​ហ្វេសប៊ុក​មួយ​សរសេរ​ថា៖ "នៅ​អាល័យ​អាឡោះ​គាត់​ដល់​ណា​ទៀត​ប្រូ អិម គាត់​មាន​ជម្រើស​ថ្មី​ហើយ...”។

ជុំ​វិញ​បញ្ហា​នេះ ភាគី​ទាំង​សងខាង មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​នៅ​ព្រឹក​នេះ ក្នុង​នោះ​ផលិតកម្ម M នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ពោល​គឺ​មិន​ឆ្លើយ​តប ក្រោយ​បាន​ឃើញ​សារ​ក្រុមការងារ​យើង​បាន​ចោទ​សួរ​តាម​រយៈ Facebook Chart។ ដោយ​ឡែក សូលីកា មិន​ទាន់​អាច​ទាក់​ទង​បាន​ដូច​គ្នា។

ពេជ្រ សូលីកា បាន​បាត់​មុខ​ជា​ច្រើន​ឆ្នាំ ជាមួយ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ថា នាង​ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​រូប​ស្រឡាញ់ និង​ផ្ចុងផ្ដើម​នាង​ឲ្យ​រស់​ស្រួល ដោយ​មិន​ចាំ​បាច់​ពឹង​សិល្បៈ។ ប៉ុន្តែ​កាល​ពី​ដើម​ឆ្នាំ ២០១៨ គេ​ឃើញ​នាង ស្រាប់​តែ​វិល​វិញ​ក្រឡឺម ជាមួយ​រូបរាង​នៅ​ស្រស់​សោភា​ដដែល។ ក្រោយ​ពី​ចេញ​មុខ​ជា​ថ្មី​មិន​យូរ​ប៉ុន្មាន នាង​ក៏​បាន​ហក់​ចូល​ហង្សមាស តាម​ដៃគូ​ចាស់​របស់​នាង នីកូ ដែល​បាន​ចូល​ទៅ​មុន។

នេះ​ជា​លើក​ទី​២ ដែល សូលីកា បាន​ចូល​ទៅ​ហង្សមាស ព្រោះ​នាង​ធ្លាប់​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម និង​បាន​ចែក​ផ្លូវ​គ្នា​ម្ដង​ហើយ កាល​ពី​ប្រមាណ ១០​ឆ្នាំ​មុន ដែល​កាលណោះ​ល្បី​ថា ហង្សមាស​សម្រេច​លុប​ចោល​កុងត្រា​នាង ដោយ​សារ​តែ​នាង​បាន​ចុះ​កុងត្រា​ជាន់​គ្នា​ជាមួយ​ផលិត Rock។ ក្រោយ​ជួប​ជុំ​គ្នា​ជា​ថ្មី គេ​ឃើញ​ថា សូលីកា ត្រូវ​ថ្នាក់​ដឹកនាំ​ឲ្យ​ចាប់​ដៃគូ​ជាមួយ​លោក ឆន សុវណ្ណារាជ និង​រៀប​ចំ​បទ​ចម្រៀង​១​អាល់ប៊ុម​រួម​គ្នា​មួយ​ផង។

មិន​ត្រឹម​ប៉ុណ្ណឹង សូលីកា ក៏​ទទួល​បាន​ការ​លើក​ស្ទួយ​បន្ថែម​ទៀត ដោយ​អាច​ក្ដាប់​តំណែង​តួឯក​ក្នុង​ភាពយន្ត​របស់​ទូរទស្សន៍​ហង្សមាស រឿង “អាពាហ៍​ពាហ៍ចៃដន្យ” ដោយ​ចាប់​ដៃ​ជាមួយ​ដៃគូ​ចាស់ នីកូ វិញ​ទៀត​ផង ក្រោយ​ពី​នាង​បាន​ឈាន​ជើង​ចូល​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ៕

រូបភាព៖ IG សូលីកា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម