• 2019-04-09 02:56:52
  • ជីវិតតារា

បាន​ឃើញ​កូន​ស្រី​រក​ឃើញ​ត្រើយ​ជីវិត ឪពុក សូរ្យ អេនណា បើក​ប្រវត្តិ​តស៊ូ​ជាមួយ​កូន​ស្រី

  • 2019-04-09 02:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

តារា​ម៉ូដែល សូរ្យ អេនណា បាន​រក​ឃើញ​ត្រើយ​ជីវិត ក្រោយ​សម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​បុរស​សង្ហារ​ជនជាតិ​ហូឡង់ ធ្វើ​ឲ្យ​លោក​ឪពុក​រំភើប និង​សប្បាយ​ចិត្ត​រក​និយាយ​មិន​ត្រូវ។ ឃើញ​ដូច​នេះ ​អ្នក​មាន​គុណ ដែល​ដើរ​តួ​ជា​ឪពុក​ផង ជា​ម្ដាយ​ផង បាន​ដាច់​ចិត្ត​ទម្លាយ​ប្រវត្តិ​តស៊ូ​ជាមួយ​កូន​ស្រី​តាំង​កូន​នៅ​អាយុ ៤​ឆ្នាំ។

លោក ចៅ សូនីយ៉េត និង​កូន​ស្រី​

លោក ចៅ សូនីយ៉េត គឺ​ជា​ឪពុក​បង្កើត​របស់ សូរ្យ អេនណា បាន​បង្ហើប​ថា លោក និង​ភរិយា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បែក​បាក់​គ្នា​តាំង​ពី​ឆ្នាំ ១៩៩៥ ដែល​វេលា​នោះ សូរ្យ អេនណា ទើប​តែ​មាន​អាយុ ៤​ឆ្នាំ​ប៉ុណ្ណោះ។ លោក សូនីយ៉េត ដែល​បច្ចុប្បន្ន​​មាន​វ័យ ៥៦​ឆ្នាំ បាន​បន្ត​ថា ពេល​នោះ គឺ​ជា​វេលា​លំបាក​បំផុត​របស់​លោក ដោយ​ត្រូវ​មើល​ថែ​បីបាច់​កូន​ស្រី​តែ​ម្នាក់​ឯង។

ដោយ​មិន​ចង់​និយាយ​ច្រើន ជុំ​វិញ​ការ​បែក​បាក់​ជា​មួយ​ម្ដាយ អេនណា បុរស​វ័យ ៥៦​ឆ្នាំ ប្រាប់​ថា កាល​ណោះ អ្វី​ដែល​លោក​គិត គឺ​អ្វី​ក៏​ដោយ ធ្វើ​យ៉ាង​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​បី​បាច់​កូន​ស្រី ឲ្យ​ធំ​ពេញ​វ័យ និង​មាន​អនាគត​ល្អ។ ដូច្នេះ ដោយ​មិន​មាន​មុខ​របរ​អ្វី​ច្បាស់​លាស់ លោក សូនីយ៉េត ប្រាប់​ថា បាន​ទៅ​សុំ​គេ​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន។

“កាល​នោះ ដោយ​សារ​តែ​កូន​ស្រី​នៅ​តូច​ពេក អត់​មាន​អ្នក​មើល ហើយ​មិន​អាច​ទុក​ចោល​បាន ការងារ​អ្វី​ក៏​ដោយ​ឲ្យ​តែ​គេ​ឲ្យ​ខ្ញុំ​យក​កូន​ទៅ​ជាមួយ គឺ​ខ្ញុំ​ធ្វើ​ទាំង​អស់ អីចឹង​ហើយ​ខ្ញុំ​បាន​ទៅ​សុំ​គេ​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​រាជធានី​នេះ ហើយ​ពេល​នោះ ស្អី​ក៏​ធ្វើ​ដែរ! និយាយ​ឲ្យ​អស់​ទៅ លាង​ចាន ដុះ​បង្គន់​ក៏​ដោយ ឲ្យ​តែ​គេ​ឲ្យ​ធ្វើ គឺ​ធ្វើ​ទាំង​អស់”។

អ្នក​មាន​គុណ​រូប​នេះ បញ្ជាក់​ថា លោក​ធ្វើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន​ពេល​ថ្ងៃ ហើយ​យប់​ឡើង​ទៅ​ធ្វើ​ការ​នៅ​ក្នុង​បារ​បន្ថែម​ទៀត ព្រោះ​ចំណូល​មួយ​កន្លែង មិន​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង និង​កូន​ស្រី​គ្រប់។ ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​ខាង​លើ​បាន​រយៈ​ពេល ៨​ឆ្នាំ លោក សូនីយ៉េត ក៏​បាន​ផ្លាស់​ប្ដូរ​ការងារ។ ក្រោយ​ៗ​មក​ទៀត ក៏​មិន​មាន​ការងារ​អ្វី​ធំ​ដុំ​ដែរ គឺ​នៅ​តែ​ស៊ីឈ្នួល​ធ្វើ​ការ​ឲ្យ​គេ​នៅ​ភោជនីយដ្ឋាន​បន្ត​បន្ទាប់​ទៀត។

លុះ​ក្រោយ​មក នៅ​ឆ្នាំ២០០៧លោក​ក៏​បាន រៀប​ការ​ជាមួយ​ភរិយា​ថ្មី​ទៀត ក្នុង​គោល​បំណង​ដើម្បី​បាន​ជា​គ្នា​ជួយ​មើល​ថែ​កូន​ស្រី និង​បាន​រស់​នៅ​ជុំ​គ្នា។ រហូត​ដល់ អេនណា ធំ​ពេញ​រូប​ពេញ​រាង នាង​ក៏​បាន​ចេញ​ធ្វើ​ការ​ងារ​ក្រៅ​ខ្លះ គ្រាន់​បាន​កម្រៃ​ខ្លះ ពោល​គឺ​ជា​តារា​ម៉ូដែល​ជាមួយ​មិត្តភ័ក្ដិ​នាង។ លោក ចៅ សូនីយ៉េត អះអាង​ថា អេនណា គឺ​ជា​កូន​ស្រី​ស្ដាប់​បង្គាប់ នាង​មិន​ដែល​ធ្វើ​ឲ្យ​លោក​អាក់​អន់​ស្រពន់​ចិត្ត​ឡើយ។

ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ ការងារ​សិល្បៈ របស់ អេន​ណា កាន់​តែ​រីក​ចម្រើន​ឡើង រហូត​ដល់​គេ​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន និង​សល់​ខ្លះ​ជួយ​ទប់​ជីវភាព​អ្នក​ផ្ទះ​ទៀត។ ពិសេស​ក្រោយ​ពី​គេ​បាន​ជាប់​ជា Miss Globle ឆ្នាំ ២០១៦។ ក្រោយ​មក​នាង ក៏​បាន​បើ​ជា​ក្រុម​បង្ហាញ​ម៉ូដ​មួយ និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត។

ក្រោយ​ពី​ជោគជ័យ​ការងារ សូរ្យ អេនណា ក៏​បាន​ជួប​ជោគជ័យ​ថ្មី​ទៀត ដោយ​បាន​រក​ឃើញ​គូរ​អនាគត ជា​បុរស​ជនជាតិ​ហូឡង់​ឈ្មោះ Maurice Boumen ធ្វើ​ការ​ជា​អ្នក​គ្រប់គ្រង​សណ្ឋាគារ​នៅ​ទីក្រុង​ហុងកុង។ ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី៦ មេសា កន្លង​ទៅ។ លោក សូនីយ៉េត បញ្ជាក់​ថា លោក​រីករាយ និង​រំភើប​ចិត្ត​ណាស់ ពេល​ឃើញ​កូន​ស្រី ទទួល​បាន​ផ្លែ​ផ្កា​ល្អ​បែប​នេះ៕

មើល​រូបភាព​ស្អាតៗ ក្នុង​ថ្ងៃ​មង្គល​ការ​​របស់ សូរ្យ អេនណា

អាន៖ Bross La ចេញ​បទ​ផ្ទុះ​ជាមួយ ដួង ម៉ានិច ទៀត​ហើយ ហើយ​ក៏​រង​ការ​រិះគន់ណាស់​​ដែរ!

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់