• 2019-04-12 07:23:54
  • ព័ត៌មាន

តារា​ចម្រៀង​ស្រី​ស្អាត រ៉ាប៊ី ប្រែប្រួល​តម្លៃ​ខ្លួន ខណៈ​ត្រៀម​លេច​មុខ​ក្នុង​ព្រឹត្តិការណ៍​ធំ​ស្អែក​នេះ

  • 2019-04-12 07:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ស្អាត រ៉ាប៊ី របស់​ផលិតកម្ម​ថោន បាន​ប្រែ​ប្រួល​តម្លៃ​ខ្លួន​ខ្លះ ខុស​ពី​ពេល​មុន ចាប់​តាំង​ពី​នាង​ផ្ដើម​មាន​ទីផ្សារ​កាន់​តែ​ច្រើន ពិសេស​ក្នុង​រដូវ​បុណ្យ​ជាតិ​ធំ​ៗ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​តែ​ម្ដង។

កាល​ពី​២០១៨ រ៉ាប៊ី ដែល​ផ្ទុះ​ខ្លាំង​ជាមួយ​បទ "មាន់​ស្រែ" ល្បី​មាន​តម្លៃ​ខ្លួន​ប្រមាណ​១៥០០​ដុល្លារ​សម្រាប់​ការ​ចេញ​ច្រៀង​តាម​កម្មវិធី​តន្ត្រី​ធំ​ៗ។ ជាមួយ​តម្លៃ​ពលកម្ម​ប៉ុណ្ណេះ ក៏​មាន​ព័ត៌មាន​ទៀត​ថា នាង​អាច​រក​ចំណូល​ដល់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ ស្រប​ពេល​សាមី​ខ្លួន​ធ្លាប់​បាន​សារភាព​ថា នាង​ទទួល​បាន​កម្មវិធី​ច្រើន​រហូត​ស្ទើរ​មិន​អាច​ចែក​ខ្លួន​ទៅ​ធ្វើ​បាន​ទៀត​កាល​ពី​វេលា​នោះ។

ដោយ​ឡែក មក​ដល់​ឆ្នាំ ២០១៩ មាន​ប្រភព​មួយ​បង្ហើប​ទៀត តម្លៃ​ខ្លួន​របស់ រ៉ាប៊ី នា​ពេល​នេះ បាន​ឈាន​ដល់​ជាង ២០០០​ដុល្លារ​ទៅ​ហើយ។ ប្រភព​ម្នាក់​បង្ហើប​ថា "អូហ៍​តាម​ដឹង នាង​ស៊ី​ថ្លៃ​ចង់​ចូល​២០០០ជាង​អី​ហើយ"។តាម​តួលេខ​នេះ បង្ហាញ​ថា រ៉ាប៊ី ប្រែ​ប្រួល​តម្លៃ​ពលកម្ម​ស្ទើរ ៥០% ទៅ​នឹង​តួលេខ​ចាស់។ យ៉ាង​នេះ​ក្ដី ប្រភព​មិន​ហ៊ាន​អះអាង​ទេ​ថា វា​តម្លៃ​ថេរ​សម្រាប់​កម្មវិធី​ទូទៅ ឬ​គ្រាន់​តែ​ជា​តួលេខ​ឡើង​បណ្ដោះ​អាសន្ន​ក្នុង​រដូវ​បុណ្យ​ជាតិ​ធំ​ៗ​ដូច្នេះ​នោះ​ឡើយ។

រ៉ាប៊ី រួម​ជាមួយ​មិត្ត​រួម​អាជីព​ផ្សេង​ទៀត ដូច​ជា លោក ខេម លោក ខាន់ ជេមស៍ និង​កញ្ញា កែវ សុបញ្ញា ជា​ដើម គ្រោង​នឹង​ឡើង​ឆាក​តន្ត្រី​ជាមួយ​គ្នា​ក្នុង​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​ធំ​មួយ​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ ២០១៩។ ព្រឹត្តិការណ៍ ត្រូវ​គេ​ហៅ​ថា "សង្ក្រាន្ត​ស្កាយលេនស៍" ដោយ​សារ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ទីតាំង ស្កាយលេនស៍ ស្ថិត​នៅ​តំបន់​អរិយក្សត្រ ដែល​គេ​ដឹង​ថា​ជា​របស់ ឧកញ៉ា ស្រី ចាន់ថន។

តាម​លោក បានី វីរៈរិទ្ធ ហៅ ពៅ ជា​អ្នក​គ្រប់​គ្រង​កម្មវិធី​តន្ត្រី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ដែល​តារា​ចម្រៀង​ផលិត​កម្ម​ថោន រ៉ាប៊ី និង​តារា​ចម្រៀង​ល្បី​ៗ​របស់​កម្ពុជា​មួយ​ចំនួន នឹង​ត្រូវ​ចូល​រួម​នេះ គឺ​ជា​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​ធំ​មិន​ធ្លាប់​មាន ដោយ​នឹង​ត្រូវ​ធ្វើ​នៅ​ទីតាំង​ក្រោម​ដី​ថែម​ទៀត។ កម្មវិធី​គ្រោង​នឹង​ប្រារព្ធ​ឡើង​រយៈ​ពេល​៣​ថ្ងៃ ​ដោយ​ដើរ​ទន្ទឹម​គ្នា​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​តែ​ម្ដង ដើម្បី​លើក​កម្ពស់​សិល្បៈ​វប្បធម៌ និង​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

រូបភាព៖ ហ្វេសប៊ុក រ៉ាប៊ី

វិល​មក​រឿង​តម្លៃ​ពលកម្ម​របស់​កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី អ្នក​គ្រប់​គ្រង​កម្មវិធី សុំ​មិន​អធិប្បាយ​វែង​ឆ្ងាយ​លើ​ករណី​នេះ ដោយ​លោក​លើក​ឡើង​ថា មិន​បាន​ដឹង​ទេ។ "អូហ៍ បើ​សួរ​រឿង​កម្មវិធី​ហ្នឹង​ម៉េច​អី​ម៉េច អា​ហ្នឹង​ខ្ញុំ​ដឹង ខ្ញុំ​អាច​និយាយ​បាន តែ​និយាយ​តម្លៃ​ខ្លួន​អី​ហ្នឹង ប្រាប់​អត់​កើត​ទេ"។ លោក ពៅ បញ្ជាក់​ថា ម្យ៉ាង​ក៏​លោក​អត់​ដឹង​ដែរ​ពី​រឿង​នេះ​ដែរ ព្រោះ​មាន​មនុស្ស​ផ្សេង​ទៀត ក្នុង​ក្រុម​ការងារ​លោក​ជា​អ្នក​ធ្វើ​ការ​លើ​រឿង​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់