• 2019-04-19 02:20:00
  • ជីវិតតារា

ពុធ ស្រីខួច​ ត្រូវបានហ្វេនប្រលោមលោកពេញចិត្ត​ក្នុងតួអង្គ​មេធាវីពៅបញ្ញា  

  • 2019-04-19 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 98

ចន្លោះមិនឃើញ

ពុធ ស្រី​ខួច​ ដែល​សម្តែង ជា តួអង្គ​កូន ស្រីពៅ​ ផ្ទះ​ប៉ែន​ពេជ្រ​ ក្នុងរឿងភាគ "ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់" ត្រូវបានមហាជន​បញ្ចេញ​ការសាទរថា មានទំាងសម្រស់ធម្មជាតិនិងទេពកោសល្យសម្តែង​មិនចាញ់តារាថៃឬកូរ៉េ។

ជាមួយការមិនផាត់ម្សៅក្រាស់ មិនលេងសម្លៀកបំពាក់​ហ៊ឺហារ តារាសម្ដែងស្រីរូបនេះនៅតែស្រស់ស្អាត​គួរអោយស្រលាញ់ ​ក្នុងរឿង​ដែលកំពុង​សម្តែង​ដៃគូជាមួយ​លោក លឹម ជាឡាយ។ ស្រីខួចបានអោយដឹងថា ៖ "ក្នុងរឿង​នេះ​ខ្ញុំបានខំអាន​សាច់រឿង​ រៀន​ពី​អត្តចរិតតួអង្គ​ដែលត្រូវ​សម្តែង​ច្បាស់លាស់​ហើយ​ខ្ញុំសម្តែង​ដោយការ​ស្រលាញ់ពេញចិត្ត​ចរិត​តួអង្គមួយនេះ គឺលេងអស់ពី​សមត្ថភាព ដើម្បីកុំអោយ​អ្នកគាំទ្រប្រលោមលោក​មានអារម្មណ៍​ថាខុសគ្នាពីការ​ស្រមៃ​របស់ពួក​គាត់ឆ្ងាយពេក!"។  

នៅក្នុងសាច់រឿង​តម្រូវអោយមាន​ឈុតឆាកបញ្ចេញ​មនោសញ្ចេតនា​ច្រើន​ មិនថា​ខឹងក្នាញ់ ស្រលាញ់ស្អប់ នាង​និយាយថា​គ្រប់ពេលសម្តែង​នាង​ចូលតួបានលឿន​និងល្អ ដោយសារ​សាច់រឿងទំនង និងសម្តី​មួយឃ្លាៗឆ្ងាញ់គួរអោយ​ចង់និយាយ ។ ពេលសម្តែង​រឿង​ដែលមានតួអង្គ​ខ្លួនឯងចូលចិត្ត​គឺពិតជាមិនខ្លាចហត់នឿយនិងមានអារម្មណ៍ថា សម្តែង​បានល្អជាទីបំផុត។

ស្រីខួចក៏ទទួលស្គាល់ដែរថា មានចំណុច​ខ្វះខាតខ្លះ​ដែលត្រូវ​ការ​អោយមាន​ការកែលំអរបន្ថែម។ អតីត​ហ្វ្រេសស៊ីរូបនេះ មិនធ្លាប់មានប្រវត្តិសម្តែងជាតួអង្គមេធាវី​ពីមុនមកឡើយ។ ជាមួយការស្លៀកឈុតសុភាពរាបសារនិងកិរិយា​ជាអភិជន​ខ្ពង់ខ្ពស់រឹងមាំ ព្រមទំាង​ជានារីខ្មែរ​ប្រកបដោយ​កត្តិញ្ញូតាធម៌ ជា​ចរិត​ដ៏លេចធ្លោរបស់តួពៅបញ្ញា​ដែល​តួសម្តែង​ណាក៏​មើលទៅគួរអោយ​ស្រលាញ់ទំាង​អស់។

នាងសំណូមពរអោយអ្នកនិពន្ធនាៗ​រចនា​ចរិតលក្ខណៈតួអង្គអោយមានលក្ខណៈច្បាស់លាស់ ងាយស្រួល​នឹង​សម្តែង​តាម ហើយ​ថា​អត្តចរិកដែលអ្នកនិពន្ធតាក់តែងនោះហើយ​ដែលនាំអោយ​តួសម្តែង​សមឬមិនសម​ព្រោះថា​បើតែងមកមិនច្បាស់​ហើយ​អោយនិយាយឃ្លាសន្ទនាមិនសូវទំនង​ ការសម្តែងចេញ​ក៏មិនទំនង​ទៅតាម​ហ្នឹងដែរ​ព្រោះ​តួសម្តែងមិនមានសិទ្ធិកែប្រែ​អ្វី​ដែលអ្នកនិពន្ធ​សរសេរមកនោះឡើយ។

ទូរទស្សន៍ភីអិនអិន កំពុងចាក់បញ្ចាំងរឿងថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់​នៅរៀងរាល់ថ្ងៃចន្ទដល់ពុធ​វេលាម៉ោង១៩និង៥០នាទី។

សម្រាប់អ្នកខកខានមិនបានទស្សនានៅលើទូរទស្សន៌សូមចូលទៅកាន់កម្មវិធី Soyo ដើម្បីទស្សនា។

ដើម្បីទស្សនាសូមចុចទីនេះ ៖ http://bit.ly/2YcvxST

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម