• 2019-04-19 02:13:55
  • ព័ត៌មាន

ធ្ងន់​ក​អ្នក​ប្រព្រឹត្ត​ហើយ សមាគម​ភាពយន្ត​មិន​លើកលែង ចំពោះ​ករណី​បំពាន​លើ​រឿង "ជួប​ស៊យ" វគ្គ២

  • 2019-04-19 02:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ភាពយន្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សមាគម​បាន និង​កំពុង​ដុត​ដៃ​ដុត​ជើង​ហើយ ប្រឆាំង​នឹង​ការ​បំពាន​ លើ​ករណី​រឿង "ជួប​ស៊យ" វគ្គ២ របស់​ផលិតកម្ម LD ត្រូវ​បាន​ជន​អនាមិក​លួច​ថត​ចម្លង​យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​យ៉ាង​អានាធិបតេយ្យ។

សមាគម​ភាពយន្ត ចាប់​បាន​សកម្មភាព​មិន​ប្រក្រតី​ខាង​លើ ក្រោយ​ពី​ឃើញ​ឃ្លីប​នៃ​សាច់​រឿង​ដឹកនាំ​ដោយ នាយ គ្រឿន នេះ ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​​សង្គម​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ករណី​នេះ សមាគម​ដែល​ដឹកនាំ​ដោយ​លោក ព្រំ សិលា បាន​ហៅ​ការណ៍​នេះ​ថា គឺ​ជា​សកម្មភាព​បំពាន​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ដែល​មិន​អាច​លើក​លែង​បាន ហើយ​ថា ជន​ប្រព្រឹត្ត​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

"យើង​ខ្ញុំ​លែង​ទទួល​ពាក្យ«សូម​ទោស»ឆ្លើយ​ថា​មិន​ដឹង​ទៀត​ហើយ អ្នក​ប្រព្រឹត្ត​ខុស​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ " សារ​របស់​សមាគម​ភាពយន្ត​នា​រសៀល​ម្សិលមិញ។ ជាមួយ​គ្នា សមាគម​មួយ​នេះ ស្នើ​ឲ្យ​បង​ប្អូន​សាធារណជន ចូល​រួម​ទប់​ស្កាត់​នឹង​កម្ចាត់​រាល់​សកម្មភាព​លួច​ចម្លង​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស​នេះ ដើម្បី​ធានា​ដល់​ភាព​រីក​ចម្រើន រុងរឿង​នៃ​សិល្បៈ​ភាពយន្ត​របស់​ជាតិ។

ជា​ថ្មី​ម្ដង​ទៀត សមាគម​ភាពយន្ត បញ្ជាក់​ជំហរ​ថា មិន​ឱប​ដៃ​ឈរ​មើល​ករណី​បំពាន​ច្បាប់​មួយ​នេះ​ឡើយ។ "យើង​ខ្ញុំ​នឹង​រៀប​ចំ​របាយការណ៍​ដាក់​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ"។

ក្រោយ​ប្រតិកម្ម​របស់​សមាគម​ភាពយន្ត វីដេអូ​ថត​ចម្លង​រឿង "ជួបស៊យ" វគ្គ​២ ត្រូវ​បាន​លុប​ចេញ​ពីឆាណែល​យូធូប​មួយ​ចំនួន​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​នេះ។

ចំណុច​គួរ​កត់​សម្គាល់ ករណី​ខាង​លើ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រឿង "ជួប​ស៊យ" វគ្គ​២ បាន​ចាក់​បញ្ចាំង ជូន​ប្រិយមិត្ត​ទស្សនា​កាល​ពី​មុន​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ហើយ​ទទួល​បាន​ការ​ពេញ​និយម។ នេះ​បើ​តាម​កញ្ញា កែវ មរកត អ្នក​សម្រប​សម្រួល​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ខាង​លើ​ឲ្យ​ផលិតកម្ម LD។

ករណី​នេះ ត្រូវ​បាន​ទទួល​ស្គាល់ ដោយ​លោក ព្រំ បញ្ញា​វ័ន្ត ប្រធាន​ផ្នែក​ទី​ផ្សារ​របស់​រោងភាពយន្ត​លេជេន។ លោក លើក​ឡើង​ថា ភាពយន្ត​ខ្មែរ​មួយ​រឿង​នេះ ទទួល​បាន​ការ​បញ្ចេញ​ខ្លាំង​នៅ​រោងភាពយន្ត​របស់​លោក​ទាំង​ប៉ុន្មាន​សាខា។ "តាំង​ពី​ថ្ងៃ​​បញ្ចាំង ២-៣ ថ្ងៃ​ដំបូង យើង​លក់​សំបុត្រ Sold Out ស្ទើរ​តែ​គ្រប់​ម៉ោង។និយាយ​ជា​រួម​រោងភាពយន្ត​លីជេន​យើង​ដែល​មាន​៦សាខា បាន​ផ្ដល់​ឲ្យ​គាត់​ប្រមាណ​៥០ស្គ្រីន ហើយ​ក្នុង​ចំណោម​នេះ គឹ​មាន​អ្នក​គាំទ្រ ប្រមាណ​ពី​ ៨០ ទៅ ៨៥%។ ខ្ញុំ​អាច​និយាយ​បាន​ថា រឿង​នេះ មាន​សន្ទុះ​ខ្លាំង​ស្ទើរ​ដូច​នឹង​រឿង "Friend Zone” ដែល​ចាក់​បញ្ចាំង​ពី​ខែ៣"។

ករណី​នេះ(សន្ទុះ​គាំទ្រ) ក៏​មាន​ដំណឹង​ថា បាន​កើត​នៅ​រោងភាពយន្ត Major Cineplex by Smart ដូច​គ្នា។ យ៉ាង​ណា អ្នកនាង នូណា ប្រធាន​ផ្នែក​ទីផ្សារ​របស់​រោងភាពយន្ត មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ ដោយ​សារ​ទូរសព្ទ​មិន​អាច​ទាក់​ទង​បាន។

រឿង "ជួប​ស៊យ" វគ្គ​២ ជា​សាច់​រឿង​ត​ពី​រឿង "ជួប​ស៊យ" កាល​ពី​ឆ្នាំ ២០១៧។ រឿង​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មេសា ២០១៩ មុន​៣​ថ្ងៃ​នៃ​ការ​មក​ដល់​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ៕

សប្បាយ​ទៀត​ហើយ​អ្នក​នៅ​កូរ៉េ

មង្គលការ សូរ្យ អេនណា យប់​មិញ សុទ្ធ​តែ​ស្រី​ស្អាត និង​បារាំង​ច្រមុះស្រួច

អត្ថបទ៖ ទារិកា

មតិយោបល់