• 2019-04-23 03:10:10
  • ព័ត៌មាន

ពេល​នេះ​ផលិតកម្ម M ឆ្លើយ​តប​វិញ​ហើយ រឿង​បង្ហោះ​បទ​ចម្រៀង សូលីកា ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល

  • 2019-04-23 03:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម M ដែល​ជា​ផលិត​ដើម​របស់​តារា​ចម្រៀង ពេជ្រ សូលីកា បាន​ឆ្លើយ​តប​វិញ​ហើយ ជុំ​រឿង​បង្ហោះ​បទ​ចម្រៀង​មួយ​បទ​របស់​តារា​ចម្រៀង​ស្រី ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់ និង​ភ្ញាក់​ផ្អើល​កាល​ពី​ខែ​មុន។

កាល​ពី​ខែ​មុន បាន​ផលិតកម្ម M បាន​បង្ហោះ​រូបភាព ពេជ្រ សូលីកា និង​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ថ្វាយ​បង​ឲ្យ​គេ" នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ផលិតកម្ម។ ព័ត៌មាន​នេះ បាន​នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់ ស្រប​ពេល​គេ​ដឹង​ថា តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ហង្សមាស​ទៅ​ហើយ ហើយ​ហេតុ​អ្វី​ស្រាប់​តែ​ឃើញ​មក​ចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​ដើម​ទៅ​វិញ។

ជាមួយ​គ្នា អ្នក​គាំទ្រ​ផ្សេង​ យល់​ថា​អ្វី​ដែល M បាន​ធ្វើ គ្រាន់​តែ​ជា​អារម្មណ៍​សោកស្ដាយ​តារា​ចម្រៀង​ស្រី​ស្អាត​ប៉ុណ្ណោះ។ ជុំវិញ បញ្ហា​នេះ ផលិតកម្ម M ដែល​ដំបូង​ឡើយ​បាន​ខកខាន​ក្នុង​ការ​ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក​ពី​ពេល​មុន​នោះ បាន​ឆ្លើយ​តប​ពេល​នេះ​វិញ​ថា តាម​ពិត​បទ​ចម្រៀង "ថ្វាយ​បង​ឲ្យ​គេ" មិន​មែន​ជា​បទ​ថ្មី​របស់ សូលីកា គឺ​ជា​បទ​ចាស់​របស់​នាង​ដែល​បាន​ចេញ​យូរ​មក​ហើយ។

បទ សូលីកា ដែល​ផលិតកម្ម M បង្ហោះ​សារ​ជា​ថ្មី

ដោយ​ឡែក​ចំពោះ មូលហេតុ​ដែល​ផលិតកម្ម បាន​យក​មក​បង្ហោះ​ជា​ថ្មី​នៅ​ឆ្នាំ ២០១៩ នេះ គឺ​ដោយ​សារ​តែ​មាន​ការ​ស្នើ​សុំ​ពី​អ្នក​គាំទ្រ និង​ដើម្បី​ប្រូម៉ូត​លេខ​កូដ​បទ​ចម្រៀង​ផង។ "ខាង​ផលិតកម្ម​គ្រាន់​តែ​ប្រូម៉ូត​លេខ​កូដ​បទ​ចម្រៀង​ទេ​បង ព្រោះ​ពី​មុន​បទ​ចាស់​ៗ​អត់​មាន​លេខ​កូដsmart tunes ទេ ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ​បង​ប្អូន​គាត់​ចេះ​តែ​សំណូមពរ​បទ​ចាស់​ទើប​ខាង​ផលិតកម្ម​ក៏​បង្ហោះ​ទៅ​មិនមែន​បង្ហោះ​តែ​បទ សូលិកា តែ​មួយ​ទេ​បង!”។

តំណាង​ផលិតកម្ម​ដែល​ពុំ​ព្រម​ប្រាប់​ឈ្មោះ បញ្ជាក់​ថា បទ​ចម្រៀង​ចាស់​​ៗ​របស់​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ពី​មុន​មក គឺ​បង្ហោះ​សារ​ជា​ថ្មី​ទាំង​អស់ ពោល​គឺ អោយ​តែ​ប្រិយមិត្ត​ សំណូមពរ ស្រប​ពេល​ដែល​ពួក​គេ(អ្នក​គាំទ្រ) រក​បទ​ចាស់​ៗពី​មុន​មិន​ឃើញ។

វិល​មក​រឿង​ដែល​អ្នក​គាំទ្រ​យល់​ថា ផលិតកម្ម​នៅ​ស្ដាយ សូលីកា ទើប​បង្ហោះ​នោះ ផលិតកម្ម​ដើម​របស់ សូលីកា នេះ តំណាង​ផលិតកម្ម​ដដែល បាន​តប​ថា មិន​មាន​រឿង​បែប​នោះ​ឡើយ ហើយ​ថា រវាង​ផលិតកម្ម និង​តារា​ចម្រៀង​ស្រី គឺ​បាន​ចប់​តាម​លក្ខខណ្ឌ​ការងារ។ " សម្រាប់ សូលិកា វិញ​កាល​ឆ្នាំ​នោះ ដែល​គាត់​ឈប់ ហេតុផល គឺ​គាត់​បាន​ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​ហើយ អីចឹង​ខាង​ផលិតកម្ម អត់​មាន​អី​ដែល​មិន​សុខ​ចិត្ត​ទេ ព្រោះ​គាត់​បាន​បំពេញ​តួនាទី​ចប់​អស់​ហើយ អត់​មាន​ខុស​អី​ជា​មួយ​ខាង​ផលិតកម្ម​ទេ"។

ពេជ្រ សូលីកា បាន​ចូល​រួម​ជាមួយ​ផលិតកម្ម M អំឡុង​ឆ្នាំ ២០១២-២០១៣ លុះ​មក​ដល់​អំឡុង​ឆ្នាំ ២០១៥-១៦ នាង​ក៏​បាន​ឈប់​ទៅ​វិញ និង​បាន​ចាក​ចេញ​ពី​សិល្បៈ​នា​ពេល​បន្ទាប់ ដោយ​ឱប​ជាប់​ជា​មួយ​ចចាមអារ៉ាម​មាន​ការ​ផ្ចុងផ្ចើម​ដោយ​មន្ត្រី​ធំ​មួយ​រូប។

រូបភាព៖ IG សូលីកា

បាត់​មុខ​ប៉ុន្មាន​ឆ្នាំ សូលីកា ក៏​លេច​មុខ​វិញ និង​មាន​ចចាមអារ៉ាម នាង​គ្រោង​ចូល​រួម​ជាមួយ​ផលិតកម្ម សាន់ដេ។ ប៉ុន្តែ​ទី​បំផុត​នាង គេ​បែរ​ជា​ឃើញ​នាង​បាន​មក​ចូល​រួម​ជា​ផលិតកម្ម​ហង្សមាស ដែល​ក៏​ជា​ផលិតកម្ម​ចាស់​របស់​នាង​ទៅ​វិញ។ ចូល​ហង្សមាស​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ សូលីកា ទទួល​បាន​ការ​លើក​ស្ទួយ​ ជា​ហេតុ​ឲ្យ​នាង​​អាច​ក្ដាប់​តំណែង​តួឯក​ភ្លាម​ៗ ក្នុង​ភាពយន្ត​របស់​ទូរទស្សន៍​ហង្សមាស រឿង “អាពាហ៍​ពាហ៍ចៃដន្យ” ដោយ​ចាប់​ដៃ​ជាមួយ​ដៃគូ​ចាស់ នីកូ វិញ​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់