• 2019-04-24 04:10:29
  • ជីវិតតារា

ច្បាស់ការហើយ គង់ សុជាតិប្រកាសពពោះកូនទី២ តាមបំណងស្វាមីមិនបង្អង់ចាំឆ្នាំក្រោយ

  • 2019-04-24 04:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការីនីល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាសអ្នកនាង គង់សុជាតិ និងស្វាមី ជា វិបុល បន្ទាប់ពីមមាញឹកក្នុងការសិល្បៈរាងខ្លួន​ៗមួយរយៈធំកន្លងមក ស្រាប់តែពេលនេះលេចឮដំណឹងថា អ្នកនាងកំពុងពពោះកូនទី២ ទៀតបាត់។

បន្ទាប់ពីអ្នកនាងទទួលបានចំណងដៃកូនស្រីយ៉ាងស្រស់ស្អាតម្នាក់ ដែលមកទល់ពេលនេះមានអាយុជិត២ ខួប៤ខែ និងកំពុងចូលរៀននៅមត្តេយ្យផងនោះ អ្នកនាងក៏បាន​ទម្លាយថា​ខ្លួន​កំពុង​ពពោះកូនទី២ ក្រោយទទួលសំណើរបង្កើតសមាជិកថ្មីមួយបន្ថែមទៀតសម្រាប់ស្វាមីរបស់ខ្លួនដែលចង់បានកូនប្រុសម្នាក់ទៀតក្នុងឆ្នាំនេះ។

ជាក់ស្តែងជុំវិញបញ្ហាពិធីការិនីរូបនេះចង់ពពោះកូនទី២ មិនមែនជាដំណឹងថ្មីចម្លែកអ្វីនោះទេ បើតាមសម្តីរបស់នាងប្រាប់មកកាន់ Sabay ថាអ្នកនាងពិតជាចង់បានកូនណាស់ គ្រាន់តែមួយរយៈមុនអ្នកនាង និងស្វាមីរវល់ខ្លាំង។ ប៉ុន្តែសម្រាប់ឆ្នាំថ្មីឆ្នាំកុរនេះពួកគេមិនឲ្យរំលងទៀតទេ ណាមួយហាក់ធូរស្រាលពីការងាររវល់បន្តិចដែរហើយស្វាមីចង់បានកូនប្រុសម្នាក់ទៀត ហើយអ្នកនាងក៏ត្រៀមខ្លួនរួចរាល់ដែរ នឹងត្រៀមបន្ថែមសមាជិកថ្មី និងប្អូនរបស់កូនស្រីនាងជាមួយស្វាមី។

អ្នកនាងគង់ សុជាតិបានបន្ថែមថា ខ្លួនធ្លាប់ជោគជ័យរួចមកហើយក្នុងការបង្កើតកូនស្រីដំបូងតាមបំណងដែលចង់បាន ហើយដោយលោកវេជ្ជបណ្ឌិតជំនាញ ឃាង ធារិទ្ធ នៅមន្ទីរពេទ្យកំពូលពេទ្យក្នុងប្រទេសខ្មែរ ជាពេទ្យជំនាញពូកែខាងសុខភាពបន្តពូជ។

សម្រាប់ឆ្នាំថ្មីនេះអ្នកនាងនៅតែប្រកាន់ជំហរជឿជាក់ដដែល ថាអាចបង្កើតកូនប្រុសតាមបំណងឲ្យស្វាមីដែលស្រលាញ់ ព្រោះអ្នកនាងនិងស្វាមីបានទៅពិនិត្យ ព្រមទាំងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញរួចរាល់ហើយនៅក្នុងប្រទេសសម្រាប់ការគម្រោងយកកូនប្រុសឆ្នាំកុរនេះ។ ការរំពឹងទុកស្វាមីរបស់នាងមួយទៀតនោះ គឺបើបានកូនប្រុសភ្លោះកាន់តែល្អ។

គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបការជាមួយគ្នាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បើគិតមកដល់ពេលនេះ ជាង៦ឆ្នាំហើយ។ ទោះបីជាពិធីការិនី គង់ សុជាតិ និងពិធីករ ជា វិបុល បានរៀបអាពាហ៍ពិពាហ៍ អស់ជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍ ដ៏ផ្អែមល្ហែម ដែលមើលទៅ មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ ព្រមទាំងមានកូនស្រីម្នាក់ជាចំណងដៃ ឈ្មោះថា «ជា សុជាតិនារី ហៅ ដូរី»ទៀតផងហើយបើនិយាយពីមុខជំនួញវិញក៏ជោគជ័យមិនធម្មតាដែរ៕

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់