• 2019-04-30 03:13:40
  • ព័ត៌មាន

ធ្វើ​បែប​នេះ វីជេ រតនា ឲ្យ​តម្លៃ​ភរិយា​ខ្ពស់​ណាស់! ស្រប​ពេល​ដំណើរ​ជីវិត​កាន់​តែ​ជោគជ័យ​ឡើង​ៗ

  • 2019-04-30 03:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ធី នរៈរតនា ហៅ វីជេ រតនា បាន​ពោល​ពាក្យ​ក្នុង​ចិត្ត​ប្រាប់​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ថា ពេល​នេះ ជីវិត​របស់​លោក​កាន់​តែ​ជោគជ័យ ក្នុង​នោះ​ក៏​ព្រោះ​តែ​លោក​មាន​មនុស្ស​ដ៏​សំខាន់​នៅ​ពី​ក្រោយ​ខ្នង នោះ​គឺ​ភរិយា​ដ៏​ស្រស់​ស្អាត​របស់​លោក ជា​មនុស្ស​ម្នាក់​គត់​ធ្វើ​ឲ្យ​លោក​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ជោគជ័យ។

“ការ​ចាប់​ផ្ដើម​ជីវិត​គូ​របស់​ពួក​យើង គឺ​បាន​នូវ​ហេតុផល​ច្រើន​ណាស់ ដើម្បី​ឲ្យ​បង​ទទួល​បាន​ជោគជ័យ។ វា​បាន​ជំរុញ​ឲ្យ​បង​កាន់​តែ​ប្រឹង​ធ្វើ​ការ កាន់​តែ​ពុះពារ ធ្វើ​ឲ្យ​បង​កាន់​តែ​មាន​ស្នាម​ញញឹម​ក្នុង​ការ​រស់​នៅ"។ រតនា ថ្លែង។

លោក ធី នរៈ​រតនា ឬ វីជេ រតនា បាន​​ចូល​រោងការ​ជាមួយ​កញ្ញា លឹម លីហ្សា កាល​ពី​ដើម​ឆ្នាំ ២០១៦។ ក្រោយ​បង្កើត​ជា​ក្រុម​គ្រួសារ​មួយ លោក​បាន​ងាក​មក​ប្រឡូក​ជំនួញ​បន្ថែម​ពី​លើ​ការងារ​សិល្បៈ ដែល​លោក​ហាក់​រយាល​ដៃ​តាំង​ពី​រៀបការ​នោះ​មក ក្នុង​នោះ លោក​គឺ​ជា​ថៅកែ​ហ្គារ៉ាស់​មួយ​កន្លែង បូក​រួម​ទាំង​កន្លែង​លាង​ឡាន​មួយ​កន្លែង​ផង។ តាម​ការ​បញ្ជាក់​សាមី​ខ្លួន​កន្លង​មក អាជីវកម្ម​ទាំង​ពីរ​របស់​លោក បាន និង​កំពុង​ដំណើរ​ការ​យ៉ាង​ល្អ។

ជាមួយ​គ្នា​នៅ​ថ្ងៃ​នេះ អតីត​ពិធី​ករ​ទូរទស្សន៍​ដដែល បញ្ជាក់​ថា លោក​ក៏​បាន និង​កំពុង​រៀប​ចំ​គម្រោង​ជីវិត​បន្តបន្ទាប់ ដើម្បី​គ្រួសារ​ឆ្ពោះ​ទៅ​កាន់​ជីវិត​កាន់​តែ​ជោគជ័យ ដោយ​មាន​ភរិយា​ដ៏​ស្រស់​ស្អាត​ជា​អ្នក​គាំទ្រ​គ្រប់​យ៉ាង ក្នុង​នោះ គឺ​លោក​ក៏​បាន​ហក់​មក​វិនិយោគ​គម្រោង​អចលនទ្រព្យ​ថែម​ទៀត។ លោក​ថ្លែង​ថា ៖"អរគុណ​អូន ដែល​តែង​តែ​គាំទ្រ និង​ផ្ដល់​គំនិត​ល្អ​ៗ ថ្មី​ៗ ដល់​បង​រហូត។ បង​ជោគជ័យ ក៏​ព្រោះ​តែ​មាន​ភរិយា​ស្អាត និង ឆ្លាត​នៅ​ពី​ក្រោយ​បង​ជានិច្ច"។

លោក រតនា អះអាង​បន្ថែម​ទៀត​ថា ភរិយា​គឺ​ជា​ឃ្លាំង​សម្រាប់​ទុក​លុយ តែ​បើ​ឃ្លាំង​ចេះ​តែ​ធ្លាយ ទោះ​លោក​ខំ​រក​យ៉ាង​ណា​ក៏​មិន​សល់​ដែរ។ ដូច្នេះ​ហើយ​ទើប​លោក​យល់​ថា លោក​ពិត​ជា​មាន​សំណាង​បាន​កញ្ញា លឹម លីហ្សា ធ្វើ​ជា​ភរិយា ដែល​នាង​មាន​ទាំង​ព្រម គឺ​ស្អាត ឆ្លាត និង​ពូកែ​ទុក​ដាក់។

តប​នឹង​គុណ​សម្បត្តិ​ទាំង​ឡាយ ជា​បច្ច័យ​ធ្វើ​ឲ្យ​លោក​កាន់​តែ​ជោគជ័យ វីជេ រតនា បាន​ទិញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក ឡង់គ្រីស័រ ជូន​ភរិយា​ក្នុង​ថ្ងៃ​ខួប​គម្រប់​៣​ឆ្នាំ នៃ​ការ​ចាប់​ដៃ​គ្នា​ដើរ​លើ​វិថី​ជីវិត​គូ។ ភាគី​ខាង​ប្រុស មិន​បាន​បញ្ចេញ​តម្លៃ​របស់​រថយន្ត​ទំនើប​នេះ​ឡើយ ប៉ុន្តែ​តាម​ទីផ្សារ រថយន្ត​ប្រភេទ​នេះ មាន​តម្លៃ​មិន​ក្រោម​១០ម៉ឺន​ដុល្លារ​ឡើយ។

រថយន្ត វីជេ រតនា ទិញ​ជា​កាដូ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៣​ឆ្នាំ

ក្រៅ​ពី​នេះ ពិធី​ករ​ទូរទស្សន៍​រូប​នេះ ក៏​នៅ​អរគុណ​មនុស្ស​សំខាន់​ផ្សេង​ទៀត ដែល​លោក​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ឈ្មោះ គឹម ចាន់​រតនា និង ភរិយា ដែល​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​រក​ស៊ី​ជាមួយ ដោយ​ចាប់​ដៃ​គ្នា​តាំង​ពី​បាត​ដៃ​ទទេ​រៀង​រហូត​ដល់​មាន​បាន​រៀង​ខ្លួន​នៅ​ថ្ងៃ​នេះ។ "អរគុណ​សម្រាប់​មិត្តភាព​ដ៏​ស្មោះ​ត្រង់ ហើយ​បាន​ចុះ​កុងត្រា​ការងារ​រក​ស៊ី​ជា​មួយ​គ្នា​អស់​មួយ​ជីវិត​ទៀត​ផង"៕

រូបភាព៖ ហ្វេសប៊ុក រតនា

អត្ថបទ៖ ទារិកា

មតិយោបល់