• 2019-05-07 02:57:01
  • ព័ត៌មាន

មក​វិញ​ហើយ​ៗ អតីត​តារា​ចម្រៀង Rock ៣​នាក់ ឲ្យ​តម្រុយ​ថា​នឹង​វិល​មក​ច្រៀង​វិញ ប្រិយមិត្ត​គាំទ្រ​ពេញ​ទំហឹង

  • 2019-05-07 02:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ផលិតកម្ម រ៉ក់ ដែល​បាន​បិទ​ទៅ​ហើយ ៣នាក់ មាន​លោក លំ សុក្រិត លោក ជេក និង​លោក ផា យ៉ត ជា​អតីត​សមាជិក Rock Boy បាន​ឲ្យ​តម្រុយ​ថា ពួក​គេ​នឹង​វិល​មក​សិល្បៈ​ចម្រៀង​វិញ​ឆាប់​ៗ​នេះ​ហើយ។ ដំណឹង​នេះ ធ្វើ​អ្នក​គាំទ្រ​របស់​ពួក​គេ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង

"យើង​ទាំង​បី​នាក់ នឹង​វិល​មក​កាន់​ទីផ្សារ​ចម្រៀង​ជា​ថ្មី​ម្ដង​ទៀត​ឆាប់​ឆាប់...."។ លោក លំ សុក្រិត បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ពួក​គេ​ទាំង​បី​នាក់​ផង។ ឃើញ​តម្រុយ​នេះ អ្នក​គាំទ្រ​ពួក​គេ​ទាំង​បី ថ្លែង​ថា​ពួក​គេ​រីករាយ និង​រង​ចាំ​គាំទ្រ​ពេញ​ទំហឹង​តែ​ម្ដង។ ប៉ុន្តែ​មួយ​ចំនួន នៅ​មន្ទិល​ថា នេះ​ជា​ការ​ពិត ឬ​យ៉ាង​ណា?

ជុំវិញ​បញ្ហា​នេះ លោក លំ សុក្រិត បាន​បង្ហើប​ថា នោះ​ការ​ពិត​ គឺ​លោក និង​មិត្តភ័ក្ដិ​២នាក់​ទៀត ជេក និង ផាយ៉ត គ្រោង​វិល​វិញ​មែន។ យ៉ាង​ណា តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ធំ មិន​ទាន់​បញ្ចេញ​កាល​បរិច្ឆេទ​ពិត​ប្រាកដ​ថា​ពួក​លោក​នឹង​វិល​មក​វិញ​ពេល​ណា​ឡើយ។ "សុំ​អត់​ទាន់​ប្រាប់​​ទេ​បង ចង់​ឲ្យ​ភ្ញាក់​ផ្អើល​តែ​ម្ដង...ដោយ​ឥឡូវ​កំពុង​សម្ងំ​ធ្វើ​បទ​ចម្រៀង​សិន និង​បាន​ធ្វើ​រួច​រាល់​មួយ​បទ​ហើយ តែ​សុំ​មិន​ទាន់​ប្រាប់​ចំណង​ជើង​​ទេ!"។ សុក្រិត ថ្លែង។

លោក លំ សុក្រិត

លំ សុក្រិត លោក ជេក និង ផាយ៉ត គឺ​ជា​អតីត​សមាជិក​ក្រុម Rock Boy របស់​ផលិតកម្ម Rock ជាមួយ​គ្នា។ ក្នុង​អាជីព​ចម្រៀង​ជា​ក្រុម ពួក​គេ​បាន​កសាង​កេរ្តិ៍​ឈ្មោះ តាម​រយៈ​បទ​មួយ​ចំនួន​ដូច​ជា​បទ "ម្ដេច​ភ្លេច​សន្យា" និង "សង្សារ​វិទ្យាល័យ​ជា​ដើម"។ ប៉ុន្តែ​ក្រោយ​មក ពួក​គេ​បាន​បែក​ក្រុម និង​ដើរ​ចេញ​ពី​ផលិតកម្ម Rock អំឡុង​ឆ្នាំ ២០១៣ ទៅ​ធ្វើ​ជា​តារា​ចម្រៀង​ឯករាជ្យ​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​បន្តិច​ៗ​ម្ដង ពួក​គេ​ស្ទើរ​តែ​បាត់​ឈ្មោះ ដោយ​សារ​ស្ងប់ស្ងាត់​សកម្មភាព​សិល្បៈ។

លោក ចេក

ក្នុង​ចំណោម​ពួក​គេ​ទាំង​៣​នាក់ គេ​ឃើញ​តែ ផាយ៉ត ម្នាក់​ប៉ុណ្ណោះ ដែល​យូរ​ៗ​ម្ដង​បាន​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស ឬ​ហោចណាស់ ច្រៀង Cover ដាក់​លើ​យូធូប។ ដោយ​ឡែក ២នាក់​ទៀត ហាក់​ឆ្ងាយ​ពី​ការងារ​សិល្បៈ​តែ​ម្ដង។ ដូច្នេះ​ហើយ ដោយ​សារ​តែ​នៅ​ស្ដាយ​កេរ្តិ៍​ឈ្មោះ ស្ដាយ​ការងារ​សិល្បៈ​ដែល​ខ្លួន​ស្រឡាញ់ សុក្រិត ក៏​បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​វិល​ត្រឡប់​មក​សិល្បៈ​នេះ​វិញ ហើយ​ក៏​ទទួល​បាន​ការ​ឯកភាព​ពី​ដៃគូ​ពីរ​នាក់​ទៀត។

លោក ផា យ៉ត

តាម​ការ​បង្ហើប Rock Boy នឹង​ប្រើ​ប្រាស់​ថវិកា​ខ្លួន​ឯង​សុទ្ធ​សាធ​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​ជូន​អ្នក​គាំទ្រ​បាន​ស្ដាប់​សារ​ជា​ថ្មី​នេះ ដោយ​ក្នុង​នោះ អ្នក​ផ្ដួចផ្ដើម​គំនិត​បង្ហើប​ថា គ្រោង​ធ្វើ​ឲ្យ​ខ្លាំង​តែ​ម្ដង។ យ៉ាង​នេះ​ក្ដី សុក្រិត មិន​ទាន់​ហ៊ាន​និយាយ​ពី​កម្រិត​គាំទ្រ​នោះ​ទេ ដោយ​លោក​ឡើង​ថា ទុក​ឲ្យ​អ្នក​គាំទ្រ ក៏​ដូច​ជា​អ្នក​ស្ដាប់ វិនិច្ឆ័យ​ទៅ​ចុះ។ ប៉ុន្តែ​លោក​នៅ​មាន​ក្ដី​សង្ឃឹម​ខ្លះ​ដែរ​ថា នឹង​អាច​ទទួល​ផ្លែ​ផ្កា​ល្អ ដោយ​សារ​តែ​ក្រុម​របស់​លោក​មាន​ប្រិយមិត្ត​ស្គាល់​ច្រើន​គួរ​សម​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់