• 2019-05-09 03:34:32
  • ព័ត៌មាន

ឧកញ៉ា​ៗប៉ុន្មាន​រូប​នេះ ក្នុង​សង្គម​សិល្បៈ​ខ្មែរ ភាគ​ច្រើន​មាន​ចិត្ត​សប្បុរស​គួរ​ឲ្យ​សរសើរ

  • 2019-05-09 03:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ការ​ឈាន​ឡើង​នូវ​កម្រិត​សេដ្ឋកិច្ច​ជាតិ ក៏​ធ្វើ​ឲ្យ​កើន​អ្នក​មាន​ទ្រព្យ ហើយ​ក៏​ធ្វើ​ឲ្យ​ចំនួន​ឧកញ៉ា​កើន​ឡើង​ដែរ​តាម​រយៈ​សកម្មភាព និង​ធនធាន​ចូល​រួម​កិច្ចការ​សង្គម​នានារបស់​រាជរដ្ឋាភិបាល។ និយាយ​តែ​ក្នុង​សង្គម​សិល្បៈ ក៏​មាន​ឧកញ៉ា ជា​ច្រើន​រូប​ផង​ដែរ ហើយ​ក្នុង​នោះ ភាគ​ច្រើន​មាន​ចិត្ត​សប្បុរស​ចេះ​ជួយ​សង្គម​ថែម​ទៀត។

១.ឧកញ៉ា ឡេង ណាវ៉ាត្រា ៖ ដើម​ឡើយ​គឺ​ជា​ពលករ​ដ៏​សាមញ្ញ​មួយ​រូប ប៉ុន្តែ​ក្រោយ​ចប់​អាណត្តិ​ធ្វើ​ការ​នៅ​កូរ៉េ លោក​បាន​វិល​មក​ក្នុង​ស្រុក​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ទិញ​ដី​លក់​រហូត​មាន​បាន​ក្លាយ​ជា​ឧកញ៉ា​រហូត​មកដល់​បច្ចុប្បន្ន។ ចំណុច​នេះ កុំ​ថា​ឡើយ​តែ​ប្រិយមិត្ត សូម្បី​តែ​សាមី​ខ្លួន ក៏​នឹក​មិន​ដល់​ដែរ​ថា ខ្លួន​អាច​ឈាន​មក​ដល់​ចំណុច​ដ៏​ខ្ពស់​នេះ។ តាម​រយៈ​សកម្មភាព​ជួយ​សង្គម​ជាតិ មាន​ជា​អាទិ ​ជួយ​ដល់​​មន្ទីរពេទ្យ​គន្ធបុប្ផា កាកបាទក្រហម និង កិច្ច​ការ​សង្គម​ជា​ច្រើន​ទៀត លោក ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជា​ឧកញ៉ា កាល​ពី​ថ្ងៃ​ទី ៦ កក្កដា ២០១៨។

២.ឧកញ៉ា ឃ្លោក ៖ លោក ទុំ សារុត ហៅ ឃ្លោក ក៏​បាន​វិវត្តន៍​ខ្លួន​ទាំង​មិន​គួរ​ជឿ​ដែរ ត្បិត​ថា ដើម​ឡើយ​លោក គ្រាន់​ជា​តារា​កំប្លែង​ក្នុង​ក្រុម​កំប្លែង​នាយ កុយ ដែល​ជួន​ឃើញ​សម្ដែង​ធ្វើ​ចាស់ ធ្វើ​ក្មេង ធ្វើ​ឡប់ ធ្វើ​ជា ដើម្បី​បង​ប្អូន​បាន​សើច​សប្បាយ ប៉ុន្តែ​ក្រោយ​មក​អំឡុង​ឆ្នាំ ២០១៤ លោក​បាន​ដក​ខ្លួន​ពី​ការងារ​សិល្បៈ ក្រោយ​ពី​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជា​ឯកឧត្ដម កាល​ពី​ដើម​ឆ្នាំ ២០១៤។

ឧកញ៉ា ឃ្លោក និង​ឯកឧត្តម កុយ ស៊ីឌឿន

បន្ត​មក​ទៀត លោក​បាន​ងារ​ជា​ឧកញ៉ា​ថែម​ទៀត តាម​រយៈ​សកម្មភាព​ជាមួយ​កិច្ចការ​សង្គម និង​សិល្បៈ​ជា​ច្រើន ក្នុង​នោះ​លោក រមែង​ឃើញ​ចេញ​ជួយ​សិល្បៈ​មាន​ជំងឺ ទាំង​សិល្បៈ​វ័យ​ក្មេង និង​វ័យ​ចាស់​មួយ​ចំនួន។ ឧកញ៉ា ឃ្លោក មាន​ជំនួញ​មួយ​ចំនួន​ក្នុង​ដៃ ដូច​ជា​អាជីវកម្ម​ឡាន​ដឹក​ខ្សាច់ អាជីវកម្ម​លក់​អាហារ​បំប៉ន ដែល​គាំទ្រ​សកម្មភាព​សប្បុរស​ធម៌​លោក​នានា។ ក្រៅ​ពី​ជា​អ្នក​ជំនួញ ឧកញ៉ា ឃ្លោក ក៏​មាន​ឋានៈ​ជាទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​សភា​ផង។

៣.ឧកញ៉ា តូនី៖ លោក គឺ​ជា​ឧកញ៉ា​មិន​សូវ​ចេញ​មុខ​ជា​សាធារណៈ​ម្នាក់ ដូច្នេះ​ហើយ​លោក មាន​ជំនួញ​អ្វី​ខ្លះ​ក្នុង​ដៃ មិន​សូវ​មាន​អ្នក​ដឹង​ទេ។ ប៉ុន្តែ​នៅ​ក្នុង​សង្គម​សិល្បៈ មាន​មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់​លោក ដោយ​សារ​តែ​លោក​គឺ​ជា​មនុស្ស​រួសរាយ សាមញ្ញ​មិន​ប្រកាន់​ឫកពា​ខ្ពស់។ មិន​មាន​ព័ត៌មាន​ថា លោក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ពេល​ណា​ទេ ប៉ុន្តែ​មនុស្ស​ក្នុង​សិល្បៈ​និយម​ហៅ​លោក​ថា "ឧកញ៉ា តូនី​ៗ" ឯ​អ្នក​ខ្លះ​ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធ​ក៏​ហៅ​ថា "បង​ឧកញ៉ា​ៗ"។

ឧកញ៉ា តូនី (រូប​កាន់​ក្បាល​មេក្រូច្រៀង) ជូន​ពរ​កូន​ធម៌ កញ្ញា ពិន ទេពី

ចំណុច​គួរ​ចាប់​អារម្មណ៍ លោក តូនី ឬ ឧកញ៉ា តូនី ក៏​ជា​មនុស្ស​ចិត្ត​ទូលាយ និង​រមែង​ជួយ​គេ​ឯង​ជា​ច្រើន​ក្នុង​សិល្បៈ​ដែរ ក្នុង​នោះ ការ​ប្រឡង​ប្រជែង​សមត្ថភាព ឬ​សម្រស់​របស់​បេក្ខជន​របស់​កម្ពុជា​នៅ​ក្រៅ​ប្រទេស មួយ​ចំនួន រមែង​មាន​លោក​នៅ​ពី​ក្រោយ​ជួយ​ឧបត្ថម្ភ។ ដូច្នេះ​ហើយ គេ​ឃើញ​ថា លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សិល្បករ​ស្ទើរ​គ្រប់​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម