• 2019-05-16 02:39:27
  • ព័ត៌មាន

តារា​ចម្រៀង​កំពុង​ញាំញី​ដោយ​ជំងឺ​មហារីក ងួន កែវ​ពេជ្រ​​ពិសិដ្ឋ ត្អូញ​នៅ​ស្រណោះ​ស្នាដៃ​១មិន​ទាន់​បញ្ចេញ

  • 2019-05-16 02:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ តារា​ចម្រៀងOriginal Song និង​ជា​អ្នក​និពន្ធ ដែល​កំពុង​តែ​​​កើត​ជំងឺ​មហារីក​ដំណាក់​កាល​ទី១ ធ្វើ​​ឲ្យ​មហាជន​មួយ​ចំនួន​ធំ​សម្ដែង​ការ​​អាណិតអាសូរ​ខ្លាំង​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ខ្លួន​មាន​ស្នាដៃ​រឿង​​ខ្លី​មួយ​ថត​រួច​រាល់​ហើយ កំពុង​កាត់ត នៅ​មិន​ទាន់​​បញ្ចេញ។

ថ្លែង​បែប​នេះ​គ្រា​ដែល តារា​ចម្រៀង​ពលករ​លោក គុយលី ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​លោក​បាន​​ដឹក​នាំ​សប្បុរសជន​យក​អំណោយ​ទៅ​​ជូន​លោក កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​សង្កាត់​បឹង​សាឡាង កាល​ពី​ពេល​ថ្មីៗ​នេះ។

ងាក​មក​មើល​លើ​ស្នាដៃ​រឿង​​ខ្លី​របស់ លោក ងួន កែវ​ពេជ្រ​​ពិសិដ្ឋ ដែល​មិន​ទាន់​ផលិត​ចប់​នោះ ធ្វើ​ឲ្យ​សាមី​ខ្លួន​សោក​ស្ដាយ​​ខណៈ​ខ្លួន មាន​ជំងឺ​ធ្ងន់ធ្ងរ មាន​ចំណង​ជើង​ថា "បេសកកម្ម​ហេងស៊យ" ។ ភាពយន្ត​នោះ​មាន​តារា​សម្ដែង​ជា​ច្រើន​ក្នុង​នោះ លោក គុយ លី ក៏​ជា​តារា​សម្ដែង​ម្នាក់​ដែរ នៅ​ក្នុង​សាច​រឿង​ដែរ។ ជា​ភាព​​អប់​រំ​ខ្លី បែប​កំប្លែង ដែល​លោក​និពន្ធ​និង​ផលិត​ឡើង សម្រាប់​ចាក់​លើ​យូធូប។

តាម​ការ​​បញ្ជាក់​​ឲ្យ​ដឹង ភាពយន្ត​នោះ​បាន​ថត​ចប់​​ជិត​១ឆ្នាំ​ហើយ និង​កំពុង​កាត់ត ប៉ុន្តែ​ចៃដន្យ​​លោក​ធ្លាក់​ខ្លួន​ឈឺ ក៏​ចេះ​តែ​អូស​បន្លាយ​រហូត​មក​ដល់​បច្ចុប្បន្ន​តែ​ម្ដង​ទៅ។ទោះ​ធ្លាក់​ខ្លួន​ឈឺ កើត​មហារីក​ដល់​ដំណាក់​កាល​ទី១​ហើយ​ក្ដី លោក​នៅ​តែ​មាន​ឆន្ទៈ​ថា ភាពយន្ត​នៅ​​ត្រូវ​តែ​ធ្វើ​ឲ្យ​រួច​រាល់ ដើម្បី​ចាក់​ផ្សាយ និង​មាន​បំណង​បន្ត​ផលិត​ស្នាដៃ​ជា​ច្រើន​ទៀត។ និយាយ​រួម គឺ​អារម្មណ៍​របស់​លោក គឺ​ដក់​ជាប់​នឹង​ការងារ​សិល្បៈ​តែ​ម្ដង ទោះ​បច្ចុប្បន្ន​មាន​ជំងឺ​បែប​នេះ​ក្ដី។

តាម​ការ​បញ្ជាក់​ពី​ប្អូន​ស្រី ​ជីដូន១ របស់​លោក​ដែល​ជា​អ្នក​ចាំ​មើល​ថែ​ជា​ប្រចាំ លោក ងួន កែវ​ពេជ្រ​​ពិសិដ្ឋ មាន​កំណើត​មក​ពី​ខេត្ត ក្រចេះ លោក​បាន​ប្រលូក​ការងារ​សិល្បៈ​​ជាង​៥ឆ្នាំ​មក​ហើយ​ ក្នុង​អាជីព​ជា​តារា​ចម្រៀង និង​និពន្ធ។ ស្នាដៃ​​ដែល​​លោក​ធ្លាប់​បាន​ផលិត មិន​ក្រោម ១០០ ចំណង​ជើង​ឡើយ ចំណែក​បទ​ចម្រៀង​​ក៏​មាន​ច្រើន​ផង​ដែរ។ បទ​ចម្រៀង​របស់​លោក​ដែល​ទស្សនិកជន​ស្គាល់​ច្រើន​មាន​បទ"សុំទោស​លោក​មាន​គុណ",”កុំ​ទុក​បង​ជា Power Bank" "ខ្លាច​អូន​ប្រាប់​ថា​បែក" ជា​ដើម។

លោក ​ជា​មនុស្ស​ម្នាក់​មាន​​អធ្យាស្រ័យ​​ល្អ ធ្វើ​ឲ្យ​​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​តែង​តែ​បន្ត​រាប់​អាន​គ្នា​រហូត​មិន​បោះ​បង់​ចាល​គ្នា​ឡើយ។ តារា​ចម្រៀង​វ័យ​៣០ឆ្នាំ​រូប​នេះ មាន​ជំងឺ​មហារីក​ដំណាក់​កាល​ទី​១​នេះ អស់​រយៈ​ពេល ៥​ខែ​មក។ ប៉ុន្តែ​លោក បាន​ព្យាយាម​លាក់​បាំង​ដោយ​សុខ​ចិត្ត​តស៊ូ​មើល​ព្យាបាល​ខ្លួន​ឯង​តាម​លទ្ធភាព​របស់​គ្រួសារ។ យ៉ាង​ណា លទ្ធភាព​ដែល​គ្រួសារ​មាន មិន​បាន​ធ្វើ​ឲ្យ​លោក ពិសិដ្ឋ បាន​ធូរស្រាល​ឡើយ គឺ​មាន​តែ​វិវត្តន៍ រហូត​ដល់​លោក​ប្រែ​រូបរាង​ជា​ស្គម​ឃើញ​ហើយ​ស្លុត​ចិត្ត​បែប​នេះ។

លោក គុយ លី បាន​អះអាង​ថា លោក​ស្លុត​ចិត្ត និង​អាណិត​មិត្ត​ខ្លាំង​ណាស់ ក្រោយ​ទទួល​ដំណឹង។ ដូច្នេះ​ហើយ លោក​បាន​ប្រកូក​ប្រកាស​មិត្តភ័ក្ដិ​ និង​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ប្រមូល​បាន​ជំនួយ ១ ១០០ ០០០រៀល ក្នុង​នោះ មាន​​លោក ឧកញ៉ា ឡេង ណាវ៉ត្រា ១លានរៀល និង​មិត្តភ័ក្ដិ​ម្នាក់​ទៀត​១០ម៉ឺន​រៀល។ លោក​ថា នឹង​បន្ត​ប្រកាស​ទៀត​ក្រែង​មាន​សប្បុរសជន​​ផ្សេង​ទៀត​ជួយ។ គុយលី ថា លោក​​ទើបតែ​ស្គាល់​គ្នា​បាន​ជាង​១ឆ្នាំ​ទេ តែ​ហាក់​មាន​អារម្មណ៍​ស្និទ្ធស្នាល​ខ្លាំង ។ ជារឿយៗ​លោក​តែង​តែ​ជួយ​គ្នា​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា​លើ ការងារ​សិល្បៈ ប៉ុន្តែ​មួយ​រយៈ​នេះ លោក​រវល់​ពេក​ក៏​ខាន​មក​ជួយ ទើប​តែ​ដឹង​ដំណឹង​​ថា ធ្លាក់​ខ្លួន​ឈឺ​ក៏ ប្រឹង​មក​មើល​​តែ​ម្ដង​ទៅ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់