• 2019-05-17 00:11:00
  • ព័ត៌មាន

ភស្តុតាង​មាំៗ សង្ស័យ ឆន សុវណ្ណារាជ ខូចចិត្ត​ខ្លាំង​ខណៈ សុគន្ធ​កញ្ញា ការ​ជាមួយ​ប្អូន​ថៅកែ​ហង្សមាស

  • 2019-05-17 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆន សុវណ្ណារាជ ដែល​បាន​រង​ចចាមអារ៉ាម​ថា​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ ឱក សុគន្ធ​កញ្ញា នោះ នៅ​ថ្ងៃ​ម្សិលមិញ វេលា​​ដែល ភាគី​ខាង​ស្រី បាន​ចូល​រោង​ក្រាប​ផ្ទឹម​ជាមួយ​លោក អ៊ឹង សុខលី ជា​ប្អូន​ប្រុស​ថៅកែ​ហង្សមាស ម្ចាស់​បទ "ទីក្រុង​គ្មាន​មេឃ" បាន​លេច​ចេញ​សារ​ជា​ច្រើន ដែល​គេ​សង្ស័យ​ថា លោក​កំពុង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​គួរ​ឲ្យ​អាសូរ។

"គ្មាន​អ្វី​ស្ថិត​នៅ​រហូត​ទេ...។ មនុស្ស​ខ្លះ​ចូល​មក​ក្នុង​ជីវិត​យើង​ដើម្បី​គ្រាន់​តែ​ប្រាប់​យើង​ថា អ្វី​ត្រូវ អ្វី​ខុស អ្វី​រីករាយ អ្វី​ជា​ការ​ឈឺ​ចាប់...។ មនុស្ស​ខ្លះ​បង្ហាញ​វត្តមាន​នៅ​ក្នុង​ជីវិត​យើង​មួយ​រយៈ រួច​ក៏​បាត់​ទៅ​វិញ គេ​គ្រាន់​តែ​មក​ដើម្បី​ប្រាប់​យើង​ថា យើង​ត្រូវ​រៀន​ស្រលាញ់​ខ្លួន​ឯង​បែប​ណា គេ​គ្រាន់​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​មួយ​រយៈ​ រួច​ក៏​បន្ត​ឯកា​ដដែល​ដូច​មុន​ទៀត។ មនុស្ស​ខ្លះ​ទៀត គ្រាន់​តែ​ស្គាល់​យើង​មួយ​រយៈ​ក៏​ធម្មតា យើង​សំខាន់​តែ​មួយ​រយៈ​សម្រាប់​គេ ពេល​គេ​ត្រូវការ ក្រោយ​មក​ក៏​ទុក​យើង​ចោល​ម្នាក់​ឯង​ដដែល។ គ្មាន​នរណា​អាច​កំដរ​យើង​រហូត​ទេ... រៀន​កំដរ​ខ្លួន​ឯង​ខ្លះ​ទៅ"។

ខាង​លើ​នេះ គឺ​ជា​សារ​ពេញ​និយម​មួយ​នៅ​លើ​ហ្វេសប៊ុក​ជា​យូរ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​គេ​ឃើញ បង្ហោះ​សារ​ជា​ថ្មី​នៅ​ម្សិលមិញ ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​មួយ​សន្លឹក​របស់​លោក សុវណ្ណា​រាជ ផង​នៅ​លើ​ទំព័រ Sovannareach។ ចំណុច​ចាប់​អារម្មណ៍ សារ​មួយ​នេះ​មាន​អ្នក​ចែក​ចាយ​បន្ត​ប្រមាណ ៥ពាន់​នាក់​ឯណោះ។ ដោយ​ឡែក អ្នក​សរសេរ​សារ ក៏​ក្បែរ​១​ពាន់​នាក់​ដែរ។

ក្រៅ​ពី​នេះ ក៏​នៅ​មាន​ចេញ​សារ​ជា​ច្រើន​ទៀត មាន​ទាំង​បទ​ចម្រៀង​របស់​លោក ឆន សុវណ្ណារាជ ផង សុទ្ធ​ជា​បទ​ស៊ី​ទៅ​នឹង​សាច់​រឿង​អ្នក​ខូច​ចិត្ត។ តម្រុយ​ទាំង​នេះ មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Chhorn Sovannareach HD ដែល​គេ​ដឹង​ថា ជា​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​មួយ​របស់​អ្នក​គាំទ្រ​តារា​ចម្រៀង​ខាង​លើ។

“ស្នាម​ញញឹម​ក្លែង​ក្លាយ" “បើ​ដឹង​ថា​មាន​ថ្ងៃ​នេះ បង​មិន​ចង់​ស្គាល់​អូន​ឡើយ" “ពេល​ញញឹម​ក៏​ទឹក​ភ្នែក​ហូរ" "វេលា​ទឹក​ភ្នែក និង​បទ "យើង​បែក​គ្នា​ហើយ​មែន​ទេ?” ជា​ដើម ដែល​សុទ្ធ​សារ​សព្ទ​ពី​ស្នេហា​ខូច​ចិត្ត​របស់​បុរស​ម្នាក់ ហើយ​ម្នាក់​នោះ គេ​សង្ស័យ​ថា​ជា​លោក ឆន សុវណ្ណារាជ។ ជាមួយ​គ្នា​អ្នក​គាំទ្រ​លោក​ជា​ច្រើន​បាន​ចូល​ទៅ​សរសេរ​សារ​លើក​ទឹក​ចិត្ត ឲ្យ​លោក​កាត់​ចិត្ត និង​បន្ត​ជូន​ពរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មាន​សុភមង្គល និង​អនាគត​ល្អ​ដែរ។

ឆន សុវណ្ណារាជ ញញឹម ថត​ជាមួយ សុគន្ធ​កញ្ញា តែ​ត្រូវ​អ្នក​គាំទ្រ​ថា​ជា​ស្នាម​ញញឹម​ក្លែងក្លាយ

គួរ​ចាប់​អារម្មណ៍​មួយ​ទៀត ទំព័រ Troll មួយ ក៏​បាន​ធ្វើ​វីដេអូ Troll ដោយ​ទាញ​ពី​រឿង​ខូច​ចិត្ត​របស់​តារា​ចម្រៀង​រូបនេះ​ផង​ដែរ ដោយ​គេ​ដាក់​ចំណង​ជើង​ថា "ការ​គេ​សោះ មក​ល្បី ឆន សុវណ្ណា​រាជ ទៅ​វិញ"។ យ៉ាង​ណា គេ​មិន​ទាន់​ឃើញ​លោក ឆន សុវណ្ណារាជ បាន​ចេញ​មក​អះអាង​ជា​ថ្មី​ឡើយ ជុំ​វិញ​ព័ត៌មាន​វិវត្ត​ថ្មី​ម្សិលមិញ ក្រៅ​តែ​ពី​ការ​អះអាង​កន្លង​មក​ថា ទំនាក់​ទំនង​លោក និង សុគន្ធកញ្ញា កន្លង​មក​នោះ ត្រឹម​ជា​មិត្ត​រួម​អាជីព រួម​ផលិតកម្ម និង​ត្រឹម​ជា​បង​ប្អូន​ប៉ុណ្ណោះ៕

ទស្សនា​វីដេអូ Troll លោក ឆន សុវណ្ណារាជ ដែល​បង្ហោះ​ដោយ​ទំព័រ​អ្នក​គាំទ្រ​របស់​លោក​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី