• 2019-05-24 02:48:32
  • ព័ត៌មាន

សញ្ញា​វិជ្ជមាន! ផលិតករ ឯកភាព​ងាក​ទៅ​រក​រសជាតិ​ផ្សេង​ៗ ក្រៅ​តែ​ពី​រឿង​ខ្មោច និង​កំប្លែង

  • 2019-05-24 02:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទិសដៅ ធ្វើ​ឲ្យ​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក កាន់​តែ​មាន​ពណ៌​សម្បុរស នៅ​ក្នុង​ការ​ជួប​គ្នា​ចុង​ក្រោយ​មួយ​កាល​ពី​រសៀល​ថ្ងៃ​ទី ២២ ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ ផលិតករ​ភាពយន្ត​ក្នុង​ស្រុក បាន​ឯកភាព​លើ​ការ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​ភាពយន្ត​ចម្រុះ ជា​ជាង​ប្រជែង​គ្នា​ផលិត​តែ​រឿង​ខ្មោច​ដូច​កាល​ពី​អតីតកាល។

បញ្ហា​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​ជជែក​ពិភាក្សា​មួយ​អំពី​ស្ថានភាព និង​ការ​លើក​កម្ពស់​នៃ​ភាពយន្ត​ខ្មែរ បន្ទាប់​​ពី​ថ្មី​ៗ មាន​ការ​ប្រកាស​លើក​លែង​ពន្ធ​លើ​ការ​ផលិត​ភាពយន្ត​ក្នុង​ស្រុក​ដោយ​រាជ​រដ្ឋាភិបាល ដែល​បញ្ហា​នេះ ធ្លាប់​ជា​កង្វល់​ដ៏​ធំ និង​ជា​យូរ​មក​ហើយ របស់​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក​។

លោក ព្រំ សិលា(រូប​អាវ​ស) និង​លោក ហ៊ុយ យ៉ាឡេង

លោក ព្រំ សិលា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រកាស​លើក​លែង​ពន្ធ​លើ​ការ​ផលិត​ភាពយន្ត​ដោយ​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ពេល​ថ្មី​ៗ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ធានា​ដល់​ការ​ផលិត​ភាពយន្ត​ក្នុង​ស្រុក កាន់​តែ​​មាន​ស្ថិរភាព​ជាង​មុន ពោល​គឺ​ផលិតករ នឹង​កាន់​តែ​មាន​ទឹក​ចិត្ត​ក្នុង​បន្ត​ផលិត​ភាពយន្ត​ត​ទៅ​ទៀត និង​បន្ត​ឈាន​ទៅ​ផលិត​ភាពយន្ត​កាន់​តែ​មាន​គុណភាព។

នៅ​ក្រោយ​ការ​ពិភាក្សា​នេះ អង្គ​ប្រជុំ បាន​រក​ឃើញ​ថា ភាពយន្ត​ក្នុង​ស្រុក​ដែល​ជន​ជោរ​ដោយ​ប្រភេទ​រឿង​ខ្មោច និង​កំប្លែង​នោះ ហាក់​ធ្លាក់​ចុះ​ការ​គាំទ្រ និង​មិន​អាច​រក​អ្នក​មើល​ថ្មី​ៗ​បាន។ ដូច្នេះ​ហើយ​ចំណុច​សំខាន់​ដែល​នៅ​សល់ គឺ​ការ​ផលិត​ភាពយន្ត​ចម្រុះ។ លោក សិលា ដែល​ជា​ផលិតករ​ផង ជា​ប្រធាន​សមាគម​ភាពយន្ត​ផង បាន​ជំរុញ ឲ្យ​ផលិតករ ផលិត​រឿង​ឱ្យ​បាន​គ្រប់​រសជាតិ មិន​ត្រឹម​តែ​ជា​ប្រភេទ​រឿង​កំប្លែង និង​រឿង​ខ្មោច​នោះ​ទេ។

ចំណុច​នេះ លោក​អះអាង​ថា ដើម្បី​ផ្ដល់​រសជាតិ​ថ្មី មិន​ច្រំ​ដែល ដែល​អាច​ទាញ​មក​វិញ​ឲ្យ​ទស្សនិកជន​នៅ​តែ​បន្ត​គាំទ្រ​ភាពយន្ត​ខ្មែរ។ លោក​បន្ថែម​ថា នេះ​ក៏​ជា​នយោបាយ បង្កើន​ចំនួន​អ្នក​គាំទ្រ​ដែរ ដែល​ផលិតករ​មាន​ចំណែក​សំខាន់ ឱ្យ​ទស្សនិកជន​ងាក​មក​ស្រលាញ់​ភាពយន្ត​ខ្មែរ​ឱ្យ​បាន​ច្រើន ទើប​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​ទាំង​មូល អាច​បន្ត​រីក​ចម្រើន​ទៅ​មុខ​បាន។

លោក ហ៊ុយ យ៉ាឡេង ផលិតករ​រឿង "ធ្មប់" ឆ្លើយ​តប​ជាមួយ Sabay តាម​សារ​អេឡិចត្រូនិក បាន​អះអាង​ថា ផលិតករ​ខ្មែរ​ទាំង​អស់ បាន​ឯកភាព​ចំពោះ​ការ​ជំរុញ​របស់​ប្រធាន​សមាគម​ភាពយន្ត​ខាង​លើ។ លោក​ថា វា​ពិត​ជា​ដល់​ពេល​មែន ដែល​ឧស្សាហកម្ម​ភាពយន្ត​របស់​ខ្មែរ ត្រូវ​តែ​បន្ថែម​រសជាតិ​ថ្មី និង​សម្បូរ​បែប​ទៅ​ឲ្យ​ទស្សនិកជន។ ហ៊ុយ យ៉ាឡេង ដែល​ជោគជ័យ​តាម​រយៈ​រឿង​ខ្មោច​បែប​រន្ធត់ ដូច​ជា​រឿង "ធ្មប់" និង "ទារុណកម្ម​ខ្មោច" ជា​ដើម បាន​បញ្ជាក់​ថា លោក​នឹង​ត្រៀម​រក​រសជាតិ​ថ្មី ដូច​ការ​លើក​ឡើង សម្រាប់​ដាក់​ជូន​ទៅ​ទីផ្សារ​នា​ពេល​ខាង​មុខ។

ងាក​មក​នាយ គ្រឿន ជា​អ្នកនិពន្ធ និង​ដឹកនាំ​សម្ដែង ទទួល​ជោគជ័យ​ក្នុង​រឿង "ជួប​ស៊យ" វគ្គ​២ ដែល​ហាក់​មើល​ដឹង​ទី​ផ្សារ​រួច​ហើយ​នោះ បាន​​ថ្លែង​ប្រាប់ Sabay ថា លោក​ក៏​បាន​ត្រៀម​បញ្ចេញ​ភាពយន្ត​រសជាតិ​ថ្មី​ទៀត​ដែរ បន្ទាប់​ពី​ស្នាដៃ​ខាង​លើ។ លោក​ថា រឿង​ក្រោយ​របស់​លោក គឺ​អាច​ជា​ប្រភេទ​រឿង​ទាក់​ទង​នឹង​សង្គម​ច្រើន​ជាង។ យ៉ាង​នេះ​ក្ដី លោក​ថា អាច​នឹង​នៅ​តែ​លាយ​កំប្លែង​តិច​តួច​ដែរ ដោយ​សារ​តែ​លោក​ជា​អ្នក​កំប្លែង។

ជុំវិញ​បញ្ហា​នេះ​ដដែល លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD បាន​ឯកភាព​ដូច​គ្នា ចំពោះ​ការ​ជំរុញ​ឲ្យ​ការ​ផលិត​ភាពយន្ត​គួរ​ចៀស​ពី​ការ​ផលិត​រឿង​ខ្មោច​ដដែលៗ។ លោក​ថា ធ្វើ​បែប​នេះ ឧស្សាហកម្ម​ភាពយន្ត​ពិបាក​នឹង​ទៅ​មុខ ហើយ​ផលិត​ផល​ភាពយន្ត​របស់​ខ្លួន​(ផលិតករ) ក៏​មិន​អាច​ជ្រៀត​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​បាន​ដែរ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក លីដា អះអាង​ថា លោក​បាន​ត្រៀម​រួច​ហើយ ដើម្បី​បន្ថែម​រសជាតិ​ថ្មី សម្រាប់​ដាក់​ទៅ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក។ រឿង​ក្រោយ​របស់​លោក ជា​រឿង​ប្រភេទ Action ដោយ​បាន​ចំណាយ​ទុន​ច្រើន​ជាង ៣០ម៉ឺន​ដុល្លារ ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​ផលិត។ លោក​ថា លោក​វិនិយោគ​ដ៏​សម្បើម​នេះ ដើម្បី​បន្ថែម​ផ្លែផ្កា​ឲ្យ​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​ទាំង​មូល និង​សម្រាប់​បំបែក​ទីផ្សារ​ទៅ​ទីផ្សារ​បរទេស​សម្រាប់​ខ្លួន​ឯង​ផង។

តាម​របាយការណ៍​ពី​នាយកដ្ឋាន​ភាពយន្ត បញ្ចេញ​ដោយ​ប្រធាន​នាយកដ្ឋាន​លោក ប៉ុក បូរក្ស ពេញ​មួយ​ឆ្នាំ ២០១៨ ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក គ្រប​ដណ្ដប់​ដោយ​ភាពយន្ត​ប្រភេទ​ខ្មោច​(ខ្មោច​រន្ធត់ ខ្មោច​បែប​កំប្លែង) ប្រមាណ​ ៦០%។ តួលេខ​នេះ លោក​ថា ពិត​ជា​ច្រើន​ពិត​មែន ដូច្នេះ​ហើយ លោក​ជំរុញ​ដូច​គ្នា ឲ្យ​ផលិតករ​គិត​គូរ​ពី​ការ​ងាក​ចេញ​ខ្លះ​ពី​ការ​ផលិត​តែ​រឿង​ខ្មោច​ដូច​អតីតកាល។

“បើ​យើង​ទៅ​មើល​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ភាពយន្ត​រីក​ចម្រើន​ហើយ ដែល​នៅ​ក្បែរ​យើង​នេះ ក៏​គេ​មាន​រឿង​ខ្មោច​ដូច​តែ​គ្នា​ដែរ។ ដូច្នេះ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​មិន​អាច​ចោល​ភាពយន្ត​ប្រភេទ​នេះ​ដូច​គ្នា ប៉ុន្តែ​សុំ​ឲ្យ​មាន​តុល្យភាព​រវាង​ប្រភេទ​ភាពយន្ត​នីមួយៗ"។ លោក បូរក្ស បន្ថែម។

ជាមួយ​គ្នា ប្រធាន​នាយកដ្ឋាន​ដដែល នៅ​បាន​ក្រើន​រំលឹក​ថា ផលិតករ​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​ការ​ផលិត​ឲ្យ​មាន​គុណភាព ខណៈ​រាជរដ្ឋាភិបាល​ទើប​នឹង​ប្រកាស​លើក​លែង​ពន្ធ​លើ​ការ​ផលិត និង​ការ​នាំ​ចូល​សម្ភារៈ​ពី​បរទេស​ហើយ។ មិន​អីចឹង លោក​ថា ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​នៅ​តែ​មិន​អាច​ទៅ​មុខ​បាន មិន​អាច​ចូល​ទីផ្សារ​បរទេស​បាន៕

អាន៖ វ័យ​ត្រឹម ១២​ឆ្នាំ តែ ប្អូន​ស្រី ជូលី មាន​គំនិត​គិតគូរ​បាន​វែង​ឆ្ងាយ​ណាស់

អាន៖ តារា​ស្រី​ដ៏​ល្បី​របស់​ភូមាម្នាក់​ សម្រេច​ចិត្ត​បួស​ជា​ដូនជី ឈប់​ស្ដាយ​នឹង​រឿង​លោកិយ​

អាន៖ កាល​មុន Surprise ឲ្យ អ៊ី លីឈី ខឹង​រឿង​លាង​ចាន ឥឡូវ ពូ​សេម ធ្វើ​ស៊ី​ភរិយា​ទៀត​ហើយ

អត្ថបទ៖ ទារិកា

មតិយោបល់