• 2019-05-24 07:45:00
  • ចម្រៀង

មិនធម្មតា!ផ្តាច់ព្រ័ត្រ Battle of the Bands Cambodia ក្រុមទាំង៤លើកយកតែ Original Song ប៉ុណ្ណោះ​

  • 2019-05-24 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ស្អែក​មួយ​ថ្ងៃ​ទៀត​ទេ វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្ម​វិធី Battle of Bands Cambodia ​បាន​មក​ដល់ និង​រក​ឃើញ​ថា​​ក្រុម​ណា​​ជា​ម្ចាស់​ជយ​លាភី​ហើយ។ អ្វី​កាន់​តែ​ពិសេស​ទៀត​នោះ ​ក្រុម​ទាំង​៤ ​ដែល​ត្រៀម​នឹង​ដណ្ដើម​ពាន​រង្វាន់ តម្រូវ​ឲ្យ​លើក​យក​តែ​បទ​ចម្រៀង Original Song ប៉ុណ្ណោះ ដែល​ជា​លក្ខខណ្ឌ​​នៃ​ការ​ប្រកួត។

​បើ​តាម​កញ្ញា ម៉ាប់ ស្រី​មុំ ជំនួយ​ការ​ផលិត​ករ ប្រាប់​ថា កម្ម​វិធី​បាន​ទុក​ពេល​១​​ខែ​សម្រាប់​​ក្រុម​ទាំង​៤ ​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​។ ​​ការ​តម្រូវ​បែប​នេះ ​ដោយ​សារ​កម្មវិធី​ចង់​ផ្ដល់​ឱកាស​​ដល់​យុវជន​ជំ​នាន់​ថ្មី​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត ​ហើយ​ចង់​លើក​ស្ទួយ​វិស័យ​សិល្បៈ ដោយ​ការ​ចេះ​បង្កើត​បទ​ចម្រៀង​ថ្មី។ ទន្ទឹម​នឹង​នេះ ​កម្ម​វិធី​មិន​ចង់​បាន​បទ​ចម្រៀង​កូ​ពី​សម្រាប់​បេក្ខជន​យក​មក​ប្រលង​នោះ​ឡើយ ដោយ​សារ​នេះ​ជា​ការ​ប្រកួត​សមត្ថភាព។​

​​កញ្ញា ​បន្ថែម​ថា ការ​កំណត់​បែប​នេះ ​មិន​មែន​ជា​ការ​តឹង​តែង​នោះ​ទេ។ ម្យ៉ាង​ទៀត ឆ្លង​កាត់​ការ​ប្រលង​មួយ​រយៈ​នេះ ​ទាំង​កញ្ញា​និង​គណៈកម្មាធិការ​មើល​ឃើញ​ថា ​មិន​លំបាក​ខ្លាំង​សម្រាប់​​ក្រុម​ទាំង​៤​ឡើយ ព្រោះ​ពួក​គេ​ មាន​ទេព​កោសល្យ​ផ្នែក​តែង​និពន្ធ ច្នៃ​ប្រឌិត​ខ្លាំង​ដោយ​​ក្រុម​ខ្លះ​ធ្លាប់​បាន​បង្ហាញ​តាំង​ពី​វគ្គ​ដំបូង​ៗ ដោយ​លើក​យក​បទ​ Original Song ​មក​ប្រលង ។

​​​បើ​ងាក​មក​មើល​អំឡុង​ពេល​ហ្វឹក​ហាត់​សម​​របស់​ក្រុម​ទាំង​៤ ដូច​ជា ​ក្រុម Hashtag ក្រុម Sweet Band ​ក្រុម Batbangers និង​ក្រុម De' first ឃើញ​ថា​ល្អ​ប្រសើរ។ ​ពេល​នោះ ​គណៈកម្មាធិការ​ឲ្យ​យោបល់​ថា​ មាន​ក្រុម​ខ្លះ​ធ្វើ​បទ​រួច​ហើយ ​តែ​ក៏​ធ្វើ​សារ​ឡើង​វិញ ក្រុម​ខ្លះ​ក៏​ច្នៃ​បន្តិច​ៗ ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន ហើយ​ទាំង​៤​ក្រុម​នេះ មាន​ស្ទិល​លេង​​ខុស​ៗ​គ្នា​ទាំង​អស់ ។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ថា សមត្ថភាព​និង​ទេព​កោសល្យ​របស់​ក្រុម​ទាំង​៤​ អស្ចារ្យ​កម្រិត​ណា ​កុំ​ភ្លេច​មក​ទស្សនា​នៅ​ថ្ងៃ​២៥ ខែ​ឧសភា ​ឆ្នាំ​២០១៩ នៅ​ផ្សារ​​ទំនើប Exchange Square ​ចាប់​ពី​ម៉ោង ៥​កន្លះ​ល្ងាច​ត​ទៅ៕

​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់