• 2019-06-07 02:19:47
  • ព័ត៌មាន

អាណិត ប៊ុន សក្តិ ឪពុក​​ស្លាប់​ទៅ​ហើយ ហើយ​ឥឡូវ​ម្ដាយ កំពុង​ជួប​គ្រោះ​សាហាវ​ថែម​​ទៀត

  • 2019-06-07 02:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ប៊ុន សក្តិ ធ្លាប់​បាត់​បង់​ឪពុក​ជា​​ទី​ស្រលាញ់​របស់​ខ្លួន​ដោយ​ជំងឺ​មហារីក​ពោះវៀនធំ​ម្ដង​រួច​មក​ហើយ ដោយ​ទុក្ខសោក​​នោះ​ទើប​តែ​រសាត់​បាត់​ពី​ខ្លួន​មិន​បាន​ប៉ុន្មាន​ផង ត្រាប់​តែ​ពេល​នេះ ម្ដាយ​​ម្នាក់​ទៀត​កំពុង​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដែរ ធ្វើ​ឲ្យ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។

តារា​ចម្រៀង លោក ប៊ុន សក្តិ បាន​ថ្លែង​ឲ្យ​ដឹង​ថា កាល​១២ឆ្នាំ​គ្រួសារ​របស់​លោក​បាន​ជួប​ទុក្ខសោក​ម្ដង​រួច​មក​ហើយ ដោយ​ឪពុក​របស់​លោក​បាន​កើត​ជំងឺ​មហារីក​ពោះវៀនធំ ដោយ​កាល​ណោះ​លោក​បាន​ដឹង​​ឪពុក​លោក​ឈឺ​ជំងឺ​នេះ មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ លោក​ក៏​បាន​ចែក​ឋាន​ទៅ ដោយ​លោក​មិន​បាន​មើល​ថែ​ឲ្យ​អស់​ពី​ចិត្ត​នៅ​ឡើយ។

រំលឹក​ពី​អាការៈ​ជំងឺ​ឪពុក​របស់​លោក​កាល​ណោះ ប៊ុន សក្តិ ប្រាប់​ថា ដំបូង​ឡើយ ឪពុក​របស់​លោក ចេះ​តែ​មាន​​អាការៈ​ចុក​ឆ្អល់​​ក្នុង​ពោះ​ជា​ខ្លាំង​ទ្រាំ​មិន​បាន។ បែប​នេះ ក្រុម​គ្រួសារ​ក៏​បាន​នាំ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ ហើយ​ក្រោយ​ពិនិត្យ​​ទៅ ទើប​ដឹង​ថា កើត​ជំងឺ​មហារីក​ពោះវៀន។ លុះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ឪពុក​របស់​លោក​ដែល​ជា មេ​បង្គោល​ក្នុង​គ្រួសារ​ក៏​បាន​ស្លាប់ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​ការ​សង្វេគ​ជា​ខ្លាំង។

គិត​ថា ជំងឺ​ដ៏​កាច​សាហាវ​នេះ​និង​​លែង​កើត​លើ ក្រុម​គ្រួសារ​​លោក​ទៀត​ហើយ ព្រោះ​កន្លង​មក​​ក្រុម​គ្រួសារ​លោក​មិន​មាន​ពូជ កើត​មហារីក​ឡើយ ប៉ុន្តែ​ស្រាប់​តែ​ប៉ុន្មាន​ថ្ងៃ​នេះ ជំងឺ​ដែល​គួរ​ឲ្យ​ខ្លាច​មួយ​នេះ បាន​កើត​មក​លើ​ម្ដាយ​​ជា​ទី​ស្រលាញ់​របស់​លោក​ថែម​ទៀត។ តាម​អតីត​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ ម្ដាយ​របស់​លោក មាន​ជំងឺ​មហារីក​សុដន់។

"ដឹង​ពី​ដំណឹង​មួយ​នេះ​ ខ្ញុំ និង​ក្រុម​គ្រួសារ​​ស្លុត​ចិត្ត​ជា​ខ្លាំង​ណាស់...តើ​ពី​ជាតិ​មុន​ខ្ញុំ​បាន​សាង​បាបកម្ម​អ្វី​ខ្លះ បាន​ជា​ជាតិ​នេះ​អភ័ព្វ​ម្ល៉េះ ១២​ឆ្នាំ​មុន​លោក​ឪពុក​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​មហារីក​ពោះវៀន ដល់​ពេល​ឥឡូវ​នេះ អ្នក​ម្ដាយ​ជា​ទី​គោរព​នៃ​កូន បាន​កើត​ជំងឺ​មហារីក​នេះ​ដែរ​ហើយ ពុទ្ធោ...លោក​អើយ"។ ប៊ុន សក្ដិ ថ្លែង។

បច្ចុប្បន្ន​លោក និង​ក្រុម​គ្រួសារ​កំពុង​តែ​រក​វិធី​ដើម្បី​ព្យាបាល​ម្ដាយ​​របស់​លោក​ឲ្យ​អស់​ពី​លទ្ធភាព។ លោក​ថា ឥឡូវ​នេះ​នៅ​បន្ត​ព្យាបាល​នៅ​ក្នុង​ស្រុក​សិន ហើយ​បើ​ស្ថានភាព​មិន​ប្រសើរ ម្ដាយ​របស់​លោក អាច​នឹង​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់