• 2019-06-07 04:05:49
  • ព័ត៌មាន

ឡូយ! ប្រកួតK-POP World Festival ​នៅ CKCC យើងល្ងាច​នេះ មាន​ទាំង KBS មក​ថត​ផ្ទាល់​ទៀត!

  • 2019-06-07 04:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​ធ្វើ​ការ​ប្រារព្ធ​កម្មវិធី​ប្រកួតK-POP World Festival វគ្គ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា(K-POP World Festival) និង​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​ប្រចាំ​ឆ្នាំ​២០១៩ ក្នុង​បរិវេណ​មជ្ឍមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

រូប​ភាព​តំណាង

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន កម្មវិធី​ខាង​លើ​នឹង​មាន​ក្រុម​ការងារ​របស់​ស្ថានីយ​ទូរទស្សន៍ KBS(Korean Broadcast System) នឹង​ធ្វើ​ការ​ចុះ​មក​ថត​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ការ​ប្រកួត​កម្មវិធី​វគ្គ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា រួច​នឹង​ចាក់​ផ្សាយ​ទៅ​ប្រមាណ​ជា​១២០​ប្រទេស​ទូទាំង​ពិភព​លោក ហើយ​ក្រុម​ចម្រៀងN-tic របស់​កូរ៉េ នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​សម្ដែង​អបអរ​ក្នុង​កម្មវិធី​ទៀត​ផង។

តាម​សេចក្ដី​ប្រកាស​ខាង​លើ​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្មវិធី​ខាង​លើ​នេះ ជា​កម្មវិធី​សម្រាប់​ប្រិយមិត្ត​គាំទ្រ​វិស័យK-POP ទូទាំង​ពិភព​លោក ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍ KBS ក្រសួង​ការ​បរទេស​ប្រទេស​កូរ៉េ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​បរទេស។ កម្មវិធី​វគ្គ​ដំបូង ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​ប្រទេស​នីមួយ​ៗ ដើម្បី​ស្វែង​រក​អ្នក​តំណាង​របស់​ប្រទេស​ទាំង​នោះ​ពី​ក្នុង​ចំណោម​ម្ចាស់​ជយលាភី​ក្នុង​វគ្គ​ដំបូង ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​ទូទាំង​ពិភព​លោក ដែល​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩ នៅ​ទី​ក្រុង Changwon នៃ​ប្រទេស​កូរ៉េ។

នេះ​ជា​លើក​ទី​៤ ហើយ​ដែល មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ(CKCC) បាន​ប្រារព្ធ​កម្មវិធី​នេះ បន្ទាប់​ពី​មជ្ឈមណ្ឌល​នេះ​ ត្រូវ​បាន​សាង​សង់​តាម​រយៈ​ជំនួយ​របស់ KOICA នៅ​ក្នុងឆ្នាំ២០១៤ ពោល​គឺ កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ។

សម្រាប់​កម្មវិធី​នៅ​កម្ពុជា​ឆ្នាំ​នេះ មាន​ប្រិយមិត្ត​គាំទ្រ​វិស័យK-POP ប្រមាណ​ជាង ១០០​នាក់ បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត ហើយ​ក្រោយ​ឆ្លង​កាត់​តាម​រយៈ​ការ​វាយ​តម្លៃ​តាម​វីដេអូ យើង​បាន​ធ្វើការ​ជ្រើស​រើស​បេក្ខជន-បេក្ខនារី ចំនួន​១២ក្រុម(រាំ៧ក្រុម ច្រៀង៥​ក្រុម) សរុប​មាន​ចំនួន៥១នាក់។ នៅ​ថ្ងៃ​សុក្រ ទី៧ ខែ​មិថុនា​នេះ បេក្ខជន បេក្ខនារី ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​វគ្គ​ដំបូង ដើម្បី​ដណ្តើម​តំណែង​ជា​អ្នក​តំណាង​ឲ្យ​វិស័យ K-POP របស់​ប្រទេស​កម្ពុជា។

ល្ងាច​នេះ​នឹង​ដឹង​ហើយ​ថា​តើ​នរណា ឬ​ក្រុម​ណា នឹង​ក្លាយ​ជា​តំណាង​របស់​កម្ពុជា​ទៅ​ប្រកួត​បន្ត​នៅ​ទី​ក្រុង Changwon នៃ​ប្រទេស​កូរ៉េ។ មហោស្រព​ខាង​ទាំង​មូល​នឹង​បើក​ដំណើរ​ការ​ចាប់​ពី​ម៉ោង ១ រសៀល​ដល់​ម៉ោង ៤ រសៀល​ជាមួយ​កម្មវិធី "មហោស្រព​វប្បធម៌​កូរ៉េ"។ កម្មវិធី​បន្ទាប់​គឺ​ការ​ប្រឡង "K-POP World Festival” នឹង​បន្ត​ចាប់​ពី​ម៉ោង ៤​រសៀល​ដល់​ម៉ោង ៦ល្ងាច៕

ក្រុម​ចម្រៀងN-tic របស់​កូរ៉េ និយាយ​ពី​ការ​មក​សម្ដែង​នៅ​កម្ពុជា​ល្ងាច​នេះ!

អត្ថបទ៖ ទារិកា

មតិយោបល់