• 2019-06-12 03:22:22
  • ព័ត៌មាន

ឌី សូនីតា បង្ហាញ​ខ្លួន​សម្ដែង​រឿង​វិញ ជាមួយ​នឹង​ចចាមអារ៉ាម​ថា នាង​ស៊ី​ថ្លៃ​ខ្ពស់​ជាង​គេ

  • 2019-06-12 03:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

ក្រោយ​ពី​ស្ងប់​ស្ងាត់​ការ​សម្ដែង​មួយ​រយៈ តារា​មាន​ប្រជាប្រិយភាព តាម​កម្មវិធី​ទូរទស្សន៍ និង​លើ​បណ្ដាញ​សង្គម ឌី សូនីតា ត្រូវ​បាន​ស្ថានីយទូរទស្សន៍លេខ៥ ឆក់​មក​ដើរ​តួឯក​ក្នុង​រឿង​របស់​ខ្លួន បើ​ទោះ​ល្បី​ថា តារាស្រី​រូប​នេះ ជា​តារា​ស៊ី​ថ្លៃ​ឈ្នួល​ថ្លៃ​មិន​ធម្មតា​ក៏​ដោយ។

ភាពយន្ត​ភាគ​ថ្មី​មួយ​ទៀត​របស់​ទូរទស្សន៍​ខាង​លើ មាន​ចំណង​ជើង​ថា "ភ្លើង​គំនុំ" ដែល​ទើប​ធ្វើ​ពិធី​ក្រុង​ពាលី ត្រៀម​ចេញ​ថត​កាលពីថ្ងៃទី១០ ខែមិថុនា​កន្លង​ទៅ។ នៅ​ពេល​នោះ ប៉ុស្តិ៍​លេខ ៥ ក៏​បាន​បង្ហាញ​មុខ​តារា​ជា​ច្រើន​ដួង​ទៀត ដែល​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ ពិសេស​គឺ​ពួក​គេ​លេច​មុខ​ធ្វើ​ជា​តួឯក​ជុំ​គ្នា​តែ​ម្ដង។ ពួក​គេ​ទាំង​នោះ​មាន កញ្ញា ឌី សូនីតា កញ្ញា ទឹម រដ្ឋា លោក ឆឹម សក្កដា និង លោក ដានី ជា​តួឯក​នៃ​ខ្សែ​ភាពយន្ត​ខាង​លើ។

និយាយ​ពី​កញ្ញា ឌី សូនីតា ដែល​ខក​ខាន​ឃើញ​សម្ដែង​ភាពយន្ត​យូរ​ក្រែល​ដែរ​ហើយ នៅ​មុន​ការ​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ ត្រូវ​បាន​អ្នក​ដឹក​នាំ​ម្នាក់​បង្ហើប​ឱ្យ​ដឹង​ថា ក៏​ព្រោះ​តែ​តារា​ស្រី​សិចស៊ី ឌី សូនីតា មាន​ហាង​ឆេង ពោល​គឺ​ស៊ី​ថ្លៃ​ឈ្នួល​ពលកម្ម​ជាង​តារា​ស្រី​ផ្សេង​ទៀត ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ផលិតករ​នានា ពិបាក​នឹង​រក​ឱកាស​ធ្វើ​ការ​ជាមួយ​នាង។

តាម​ផលិត​ដដែល ថ្លៃ​ពលកម្ម​របស់ សូនីតា ក្នុង​មួយ​រឿង នាង​ស៊ី​ថ្លៃ​ប្រមាណ​ជា​ក្បែរ​ៗ​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយ​រឿង ខណៈ​តារា​ស្រី​ផ្សេង​ទៀត ស៊ី​ថ្លៃ​ទាប​ជាង​នេះ។

ទោះ​យ៉ាង​នេះ​ក្ដី អតីត​តារា​ចម្រៀង​ផលិតកម្ម ហនុមាន បាន​ហក់​មក​ក្ដោប​តំណែង​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ខាង​លើ​ទាល់​តែ​បាន ជាមួយ​នឹង​តម្លៃ​ខ្លួន​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ថា។ តំណាង​ខាង​ទូរទស្សន៍​លេខ​៥ ម្ចាស់​ផលិត​ភាពយន្ត​ខាង​លើ សុំ​សិទ្ធិ​មិន​អធិប្បាយ​លើ​រឿង​នេះ ដោយ​សំអាង​ថា មិន​ចង់​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​តារា​ស្រី​ផ្សេង​ទៀត ដែល​សម្ដែង​ជាមួយ។

វិល​មក​កញ្ញា ឌី សូនីតា ​វិញ នៅ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន នាង​បាន​បដិសេធ​ចំពោះ​ការ​ឆ្លើយ​សំណួរ​ខាង​លើ​ដូច​គ្នា។ កញ្ញា សុំ​និយាយ​តែ​រឿង​ឱកាស​បាន​ទទួល​ការងារ​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​ខាង​លើ​ជា​ជំនួស​វិញ ដោយ​ក្នុង​នោះ នាង​បាន​អះអាង​ថា មិន​នឹក​ស្មាន​ថា អាច​ទទួល​ការងារ​នេះ​ឡើយ។ ដូច្នេះ​ហើយ នាង​សប្បាយ​ចិត្ត ដោយ​បាន​រួម​ការងារ​ជាមួយ​ខាង​ទូរទស្សន៍ និង​មិត្ត​រួម​អាជីព​ផ្សេង​ទៀត។

រូបភាព៖ សហការី

នេះ​គឹ​ជា​ចាប់​ដៃគូ​សម្ដែង​ជាមួយ​គ្នា​លើក​ដំបូង​រវាង ឌី សូនីតា និង​តួឯក​ប្រុស​លោក ដានី។ ដូច្នេះ​ហើយ នាង​បញ្ជាក់​ថា នឹង​ខំ​ប្រឹង​បញ្ចេញ​សមត្ថភាព​ឱ្យ​អស់ ដើម្បី​សម្ដែង​ស៊ី​សង្វាក់​គ្នា​ជាមួយ​តួឯក​រូប​នេះ។ តាម​ផែន​ការ ភាពយន្ត​ភាគ​រឿង ”ភ្លើង​គំនុំ” នឹង​ដំណើរ​ការ​ចេញ​ថត​បន្ទាប់​ពី​ពិធី​ក្រុង​ពាលី​នេះ​តែ​ម្ដង។ ភាពយន្ត​នេះ គ្រោង​ចំណាយ​ពេល​ប្រមាណ​៣​ខែ និង​គ្រោង​ដាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​លេខ​៥ នៅ​ក្នុង​ម៉ោង​មាស នា​អំឡុង​ចុង​ឆ្នាំ ឬ​យូរ​បំផុត​ដើមឆ្នាំ២០២០៕

អត្ថបទ៖ ទារិកា

មតិយោបល់