• 2019-06-14 05:48:44
  • ព័ត៌មាន

អ្វី​ៗ​ហួស​ពេល​ហើយ នាយ ហុងដា បញ្ឈប់​ការ​ប្រកាស​លក់​ផ្ទះ​វិញ!

  • 2019-06-14 05:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ប្រកាស​លក់​ផ្ទះ​តែ​មួយ​គត់​របស់​ខ្លួន​ដែល​មាន​ទីតាំង​នៅ​ម្ដុំ​ផ្សារ​ឈូក​មាស កាល​ពី​ចុង​ខែ​ឧសភា​យ៉ាង​តក់​ក្រហល់​នោះ នៅ​ពេល​នេះ នាយ ហុងដា បញ្ជាក់​ថា លោក បញ្ឈប់​បំណង​ចង់​លក់​ផ្ទះ​ផ្ទាល់​ខ្លួន​នោះ​ទៀត​ហើយ។

“ឈប់​លក់​ហើយ ឈប់​លក់​ហើយ​ប្អូន លក់​ទៅ​ធ្វើ​អី​បើ​ឪពុក​លែង​នៅ​ហើយ!”។ នាយ ហុងដា ថ្លែង។

នាយ ហុងដា បាន​ប្រកាស​លក់​ផ្ទះ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៩ ឧសភា ២០១៩ ដោយ​សារ​តែ​លោក​មាន​ធុរៈ​បន្ទាន់ ពោល​គឹ​ត្រូវ​ការ​យក​ប្រាក់​ខ្លះ​ទៅ​សង​បំណុល​គេ និង​ខ្លះ​ទៀត ទុក​សម្រាប់​ព្យាបាល​លោក​ឪពុក​នា​ពេល​នោះ ដែល​អ្នក​មាន​គុណ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ត្រូវ​ការ​ប្រាក់​បន្ទាន់​ដើម្បី​ត​ទល់​នឹង​មច្ចុរាជ។ ប៉ុន្តែ​អ្វី​ៗ ដូច​ជា​លឿន​ហួស​ការ​គិត ព្រោះ​រំលង​បាន​តែ ២​ថ្ងៃ​ប៉ុណ្ណោះ លោក​ឪពុក​បាន​ចែក​ឋាន​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត។

“កាល​ហ្នុង​លក់ គឺ​ដើម្បី​យក​លុយ​មើល​ពុក​ហ្នឹង ដល់​ឥឡូវ​គាត់​លែង​នៅ​ហើយ លក់​ធ្វើ​អី​ទៀត!”។ ផ្ទះ​នាយ​ហុងដា ជា​ប្រភេទ​ផ្ទះ​ល្វែង​១​ជង់​មាន ២ជាន់ ស្ថិត​នៅ​ផ្លូវ​កែង​ចម្ងាយ​ត្រឹម ១០០ម៉ែត្រ​ពី​ផ្សារ​ឈូក​មាស ដែល​កាល​ប្រកាស​លក់​យ៉ាង​តក់​ក្រហល់​នោះ នាយ​បញ្ជាក់​ថា លក់​ក្នុង​តម្លៃ​ជិត ១០ម៉ឺន​ដុល្លារ​អាមេរិក។ លោក​បង្ខំ​ចិត្ត​លក់ ដើម្បី​យក​លុយ ទៅ​ស្រាយ​បំណុល ដែល​នាយ អះអាង​ថា មាន​ចំនួន​ច្រើន សល់​ពី​ការ​ចំណាយ​មើល​ជំងឺ​ឪពុក។

ប្រាក់​នៅ​សល់ គឺ​ដើម្បី​បន្ត​ព្យាបាល​លោក​ឪពុក ព្រោះ​ពេល​នោះ លោក​អស់​លទ្ធភាព​ទៅ​ហើយ ទើប​បង្ខំ​ចិត្ត​លក់ ដោយ​សុខ​ចិត្ត​ចុះ​ទៅ​រស់​នៅ​ជាមួយ​ប្អូន​វិញ។ ប៉ុន្តែ​ក្រោយ​អ្វី​ផ្លាស់​ប្ដូរ​លឿន​ហួស​ការ​គិត​ដល់ លោក​បញ្ជាក់​ថា សុខ​ចិត្ត​រក្សា​អចលនទ្រព្យ​នេះ​ដដែល​វិញ សម្រាប់​ស្នាក់​នៅ​ផង និង​អាស្រ័យ​ផង។

លោក ហុងដា ប្រាប់​ថា បច្ចុប្បន្ន​ផ្ទះ​របស់​លោក ខាង​ក្រោម​បាន​ជួល​ទៅ​ឲ្យ​គេ​បើក​លក់​ថ្នាំ​ពេទ្យ ដោយ​បាន​ប្រាក់​មួយ​ចំនួន ដើម្បី​ទប់​ទល់​ជីវភាព បន្ថែម​ពី​លើ​ការងារ​សិល្បៈ​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម