• 2019-06-15 03:25:53
  • ព័ត៌មាន

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ដឹក​នាំ​រឿង​ដែល​រង​គ្រោះ ជន​សង្ស័យ​ទំនង​មិន​រួច​ខ្លួន​ឡើយ

  • 2019-06-15 03:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ហេតុការ​នឹក​ស្មាន​មិន​ដល់ ដោយ​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​កាល​ពី​យប់​ថ្ងៃ​ទី ១១ ឆ្លង​ចូល​ទី ១២ ឧសភា ក្រុម​អ្នក​ថត​ភាពយន្ត​រង​គ្រោះ បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ហើយ​បើ​តាម​ការ​អះអាង ជន​សង្ស័យ​ទំនង​នឹង​មិន​រួច​ខ្លួន​ឡើយ។

លោក ប៊េនលី ម៉ាប់ អ្នក​ដឹកនាំ​រឿង និង​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​នោះ បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ពួក​លោក សមត្ថកិច្ច​បាន​ចេញ​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​កំណត់​មុខ​សញ្ញា​បាន​ហើយ។ យ៉ាង​ណា​ក៏​ដោយ លោក បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ប្រើ​ជំនាញ ដើម្បី​រក​ឲ្យ​ឃើញ​ជន​សង្ស័យ​ពិត​ប្រាកដ ១០០% មុន​ធ្វើ​ការ​ឃាត់​ខ្លួន​។

“និយាយ​ទៅ​តាម​ប៉ូលិស គឺ​គាត់​បាន​កំណត់​មុខ​សញ្ញា​បាន​ហើយ នៅ​ឡើយ​តែ​ការ​សម្រេច​ចុង​ក្រោយ ថា​បើ​ច្បាស់​លាស់​ហើយ គាត់​នឹង​តាម​ចាប់​ជន​សង្ស័យ ដែល​មាន​គ្នា ៦នាក់​ហ្នឹង​ហើយ!"។

លោក ប៊េនលី ម៉ាប់ និង​ក្រុម​ការងារ​ដែល​រងគ្រោះ

កាល​ពី​យប់​ថ្ងៃ​ទី ១១ ឆ្លង​ចូល​ទី ១២ ឧសភា មាន​ករណី​វាយ​ប្រហារ​គ្នា​មួយ​កើត​ឡើង​នៅ​តំបន់​ជ្រោយ​ចង្វារ ម្ដុំ​សណ្ឋាគារ​សុខា។ ភាគ​ម្ខាង គឺ​ជា​ក្រុម​អ្នក​ថត​ភាពយន្ត​របស់​ផលិតកម្ម Gold Film ឯ​ម្ខាង​ទៀត ត្រូវ​គេ​សង្ស័យ​ថា​ជា​ក្រុម​ចោរ។ តាម​លោក ប៊េនលី ម៉ាប់ អ្នក​ដឹកនាំ​រឿង​ខាង​លើ ប្រាប់​ថា នៅ​យប់​នោះ ក្រោយ​ពី​សម្រាក​ពី​ថត ក្រុម​ការងារ​របស់​លោក​បាន​ទៅ​អង្គុយ​លេង​នៅ​មាត់​ទន្លេ។

បន្តិច​ក្រោយ​មក​ក៏​មាន​មនុស្ស​មួយ​ក្រុម បាន​ចូល​ទៅ​កាប់​ក្រុម​អ្នក​ថត​ភាពយន្ត​តែ​ម្ដង។ លោក ម៉ាប់ ហៅ​ក្រុម​នោះ​ថា "ចោរ" ដោយ​សារ​ពួក​គេ​បាន​ចូល​មក​វាយ​ប្រហារ​ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់។ "នៅ​យប់​ហ្នុង ចោរ​វា​ទៅ​កាប់​ប្លន់​ក្រុម​ការងារ​ខ្ញុំ​ទេ ឯ​ខ្ញុំ​ជា​អ្នក​ទៅ​ជួយ ហើយ​ត្រូវ​ពួក​វា​កាប់​ឲ្យ​រង​របួស​ក្នុង​ការ​ប្រទូស្តសារ៉ាយ​ហ្នុង​ដែរ"។

ក្រោយ​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់ លោក ម៉ាប់ និង​ក្រុម​ការងារ​២នាក់​ទៀត​បាន​រង​របួស​យ៉ាង​ដំណំ​នៅ​លើ​ក្បាល។ ដោយ​សារ​រងគ្រោះ​ទាំង​មិន​ដឹង​សាច់​រឿង អ្នក​ដឹកនាំ​រឿង​ផលិតកម្ម Gold Film ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​រក​យុត្តិធម៌។ លោក ម៉ាប់ ថ្លែង​ថា លោក​សង្ឃឹម​ថា សមត្ថកិច្ច​នឹង​អាច​នាំ​ខ្លួន​ជន​សង្ស័យ​ឲ្យ​មក​ទទួល​ទោស​ក្នុង​ពេល​ឆាប់​ៗ​នេះ។

លោក ប៊េនលី ម៉ាប់ ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​ដឹកនាំ​រឿង​ល្បី​ឈ្មោះ​មួយ​រូប​ដែល​ធ្លាប់​ដឹកនាំ​រឿង​ល្បី​ៗ​ជា​ច្រើន។ ស្នាដៃ​ដឹកនាំ​គួរ​កត់​សម្គាល់​របស់​លោក​មាន​រឿង "ល្បុក្កតោ​ចម្លែក" “អមតៈ" រឿង "ឆន្ទា" របស់​អ្នក​ស្រី​អម្ពរទេវី ជា​ដើម។ នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ លោក ក៏​ទើប​បញ្ចប់​ការ​ដឹកនាំ​រឿង​របស់​ស្ថានីយ​ទូរទស្សន៍​ល្បី​មួយ​ក្នុង​ស្រុក​ដែរ។ យ៉ាង​ណា លោក​សុំ​លាក់​ចំណង​ជើង និង​ស្ថានីយ​ទូរទស្សន៍ ដែល​ជា​ម្ចាស់​ផលិត ដោយ​សំអាង​ថា ជា​គោលការណ៍​ម្ចាស់​លុយ៕

អត្ថបទ៖ ទារិកា

មតិយោបល់