• 2019-06-27 08:26:35
  • ព័ត៌មាន

យុវតី​ស្រស់​ស្អាត ម៉ាន នីស្សា នៅ​តែ​តាំង​ចិត្ត​ខ្លាំង​លើ​វិថី​ឆ្ពោះ​ទៅ K-Pop idol

  • 2019-06-27 08:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​មិន​ធ្លាប់​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រឡង​ប្រជែង​ប៉ុន្មាន​លើក​ហើយ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​យុវតី​ស្រស់​ស្អាត ម៉ាន នីស្សា មក​ពី​ខេត្ត​បាត់ដំបង បញ្ជាក់​ថា នាង​មាន​គោលដៅ​ច្បាស់​ណាស់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​វិស័យ K-Pop កូរ៉េ។

"ទោះ​ជា​ឥឡូវ​មិន​ទាន់​បាន​លទ្ធផល​ល្អ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាក់​ទឹក​ចិត្ត​ទេ​បង គឺ​ខ្ញុំ​នឹង​នៅ​តែ​ព្យាយាម និង​នៅ​តែ​មាន​ក្ដី​ស្រមៃ​ថា នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា K-Pop idol អោយ​បាន"។ នីស្សា ថ្លែង។

ម៉ាន នីស្សា មាន​វ័យ ១៩​ឆ្នាំ​មក​ពី​ខេត្ត​បាត់​ដំបង បាន និង​កំពុង​សិក្សា​ភាសា​កូរ៉េ​ឆ្នាំ​ទី ១ នៅ​វិទ្យាស្ថាន​ភាសា​បរទេស(IFL)។ ដោយ​សារ​និស្ស័យ​ស្រឡាញ់​សិល្បៈ K-pop នាង​បាន​ហ្វឹកហាត់​រាំ​ក្នុង​ទម្រង់​សិល្បៈ K-Pop ជាមួយ​គ្រូ​ម្នាក់​ឈ្មោះ កក្កដា តាំង​ពី​ខែ វិច្ឆិកា ២០១៨។ រយៈ​ពេល​ត្រឹម​កន្លះ​ឆ្នាំ យុវតី​រូប​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​សូម្បី​តែ​គ្រូ​បង្វឹក​នាង​ផ្ទាល់​ក៏​បាន​លាន់​មាត់​សរសើរ​ដែរ។

កាល​ពី​ខែ​មុន​នេះ ម៉ាន នីស្សា បាន​លេច​មុខ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី “K-pop World Festival” ប្រារព្ធ​ធ្វើ​នៅ CKCC ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​ទី​ដែល​នាង​បាន​សាង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ទេពកោសល្យ​រាំ​ចង្វាក់ K-Pop យ៉ាង​រស់​រវើក ព្រម​ទាំង​មាន​សម្ផស្ស​ស្រស់​ស្អាត។ នីស្សា គឺ​ជា​បេក្ខភាព​តែ​មួយ​គាត់​ដែល​រាំ​ទោល​ក្នុង​កម្មវិធី ខណៈ ១១​ក្រុម​ផ្សេង​ទៀត ភាគ​ច្រើន​ជា​រាំ​ជា​ក្រុម(សម្រាប់​តែ​ក្រុម​រាំ)។

គួរ​ឲ្យ​ស្ដាយ យុវតី នីស្សា មិន​ទទួល​បាន​លទ្ធផល​ល្អ​ដោយ​ជាប់​ជយលាភី​ឆ្ពោះ​ទៅ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ទីក្រុង​សូវ៉ុន​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។ កាល​នោះ ក្រោយ​ប្រកាស​លទ្ធផល មាន​ព័ត៌មាន​លេច​លឺ​ថា ការ​ប្រកួត​ខាង​លើ ចង់​បាន​ការ​រាំ​ជា​ក្រុម​ច្រើន​ជាង សម្រាប់​យក​ទៅ​ប្រកួត​តំណាង​កម្ពុជា ទល់​នឹង​ក្រុម​រាំ​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ដែល​ភាគ​ច្រើន​សុទ្ធ​ការ​រាំ​ជា​ក្រុម​ដែរ។

ចំពោះ​បញ្ហា​នេះ បន្ទាប់​ពី​ចុះ​ពី​លើ​ឆាក​មក នីស្សា ឆ្លើយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Sabay ថា នាង​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ។ ដោយ​ឡែក​ចំពោះ លទ្ធផល ក៏​នាង​មិន​បាន​អាក់​អន់​ស្រពន់​ចិត្ត​អ្វី​ដែរ ផ្ទុយ​ទៅ​វិញ នាង​បាន​លើក​សរសើរ​ក្រុម OMG ដែល​ឈ្នះ​ជយលាភី​លេខ​១​ថែម​ទៀត។ "អត់​ទេ​បង ខ្ញុំ​ដូច​មិន​អន់​ចិត្ត​ទេ ខ្ញុំ​ធ្វើ​បាន​តែ​ប៉ុណ្ណឹង ដោយ​ឡែក​ពួក​បង OMG ពួក​គាត់​ពិត​ជា​ធ្វើ​បាន​ល្អ​ពិត​មែន សាក​សម​ជា​អ្នក​ឈ្នះ​ជយលាភី"។ នីស្សា ថ្លែង។

បើ​ទោះ មិន​បាន​ជាប់​ជយលាភី នៅ​ក្នុង​ឱកាស​នោះ ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បាន​បញ្ចប់​គេ​បាន​ឃើញ​លោក Kim Il hoon អ្នក​ផលិតកម្ម​វិធី​នៃ​​ស្ថានីយ​ទូរទស្សន៍ KBS ដ៏​ល្បី​របស់​កូរ៉េ និង​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​បង្កើត K-POP World Festival បាន​ឡើង​ទៅ​ជួប នីស្សា ផ្ទាល់​នៅ​លើ​ឆាក និង​បាន​ឱន​ខ្សឹប​ដាក់​ត្រចៀក នីហ្សា ដែល​បន្ទាប់​មក យុវតី​ក៏​ស្រក់​ទឹក​ភ្នែក។ នីស្សា បញ្ជាក់​ថា ពេល​នោះ ផលិតករ​កម្មវិធី​ជនជាតិ​កូរ៉េ បាន​សរសើរ​ទេពកោសល្យ​របស់​នាង និង​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ខិត​ខំ កុំ​បោះបង់​ក្ដី​ស្រមៃ។

ដូច្នេះ​ហើយ ទើប​នាង​បាន​តាំង​ចិត្ត​មោះមុត​ថា មិន​បោះបង់​ចោល​មហិច្ឆតា​ចង់​ក្លាយ​ជា K-Pop idol នោះ​ទេ៕

មើល​ការ​សម្ដែង​របស់ ម៉ាន នីស្សា ​ក្នុង​កម្មវិធី “K-pop World Festival” កាល​ពី​ខែ​មុន៖

អត្ថបទ៖ ទារិកា

មតិយោបល់