• 2019-07-09 02:28:29
  • ព័ត៌មាន

ចំណង​ដៃ​ថ្មី​បំផុត​របស់ ហ៊ុយ យ៉ា​ឡេង គ្រាន់​តែ​អាន​សង្ខេប​រឿង ក៏​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ

  • 2019-07-09 02:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​នៅ​ឈ្មោះ​ចាស់ "មាតុ​ចក្រ" លោក ហ៊ុយ យ៉ា​ឡេង ចាងហ្វាង​ផលិតកម្ម​បាន​ផលិត​តែ​រឿង​កំប្លែង និង​ភ័យ​រន្ធត់ ឥឡូវ​នេះ​លោក​មាន​ចំណង​ដៃ​ថ្មី រស់​ជាតិ​ប្លែក​កម្សត់​ស្រក់​ទឹក​ភ្នែក ដែល​សាច់​រឿង​នេះ​មាន​ចំណង​ជើង​ថា "ដើម្បី​កូន"។

នេះ​ជា​ខ្សែ​ភាពយន្ត​មាន​រសជាតិ​ប្លែក​ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ទាំង​ឡាយ​របស់​លោក។ បែប​នេះ យ៉ាងឡេង បញ្ជាក់​ថា ក៏​ព្រោះ​តែ​លោក​ចង់​ផ្ដល់​ឲ្យ​ទស្សនិកជន​នូវ​រសជាតិ​ប្លែក និង​សម្បូរ​បែប​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក។ "ខ្ញុំ​ធ្វើ​រឿង​នេះ គឺ​ចង់​បំបែក​ទីផ្សារ​ភាពយន្ត អោយ​មាន​ច្រើន​បែប អោយ​ទស្សនិកជន​បាន​ទស្សនា​ភាពយន្ត​ខ្មែរ​ច្រើន​បែប​ច្រើន​ប្រភេទ ដូច​ទសវត្សរ៍​ទី ៥៤ ដែល​មិន​មែន​តែ​រឿង​ខ្មោច​ដូច​បច្ចុប្បន្ន។ មួយ​វិញ​ទៀត គឺ​ចង់​បង្ហាញ​ពិភព​លោក​នៅ​យុគ​សម័យ​កាល​ថ្មី​នៃ​កុន​ខ្មែរ​ដែល​នឹង​វិវត្ត​ខ្លួន​កាន់​តែ​ល្អ និង​រីក​ចម្រើន​ច្រើន​ប្រភេទ​នៃ​ភាពយន្ត​ខ្មែរ"។ យ៉ាឡេង ថ្លែង។

វិល​មក​រឿង "ដើម្បី​កូន" ​មួយ​នេះ​ដដែល គឺ​ជា​ចំណង​ដៃ​ថ្មី​សម្រាប់​ប្រិយមិត្ត​ទូរ​ទស្សនិកជន ក្រោយ​ពី "មាតុ​ចក្រ" បាន​សម្រេច​ប្ដូរ​ឈ្មោះ​មក​ជា "កថា ជ័យ​ភាពយន្ត" វិញ។ លោក យ៉ា​ឡេង បាន​ឲ្យ​ដឹង​ថា សាច់​រឿង "ដើម្បី​កូន" គឺ​បាន​ដក​ស្រង់​ចេញ​ពី​ជីវិត​ពិត​របស់​បុរស​ជា​ឪពុក​ដ៏​កម្សត់​មួយ​រូប តស៊ូ​ធាក់​ស៊ីក្លូ ព្រម​ទាំង​របរ​ជា​ច្រើន​ទៀត ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន ២នាក់ ក្រោយ​ម្ដាយ​ដាច់​ចិត្ត​ទៅ​ចោល។

តួឯក​រឿង "វិកល​ចរិត" បាន​បន្ត​សង្ខេប​​រឿង​នេះ​ថា លោក ឪពុក រូប​នោះ ខ្លួន​ពិការ​តែ​ចិត្ត​មិន​បាន​ពិការ​ឡើយ ដូច្នេះ​ហើយ លោក​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ តូច​ទាប​យ៉ាង​ណា ឲ្យ​តែ​សង្គម​មិន​ស្អប់​ខ្ពើម គឺ​លោក​ធ្វើ​ទាំង​អស់​ដើម្បី​កូន​ទាំង​ពីរ។ ពេល​ព្រឹក លោក​ឪពុក​ទៅ​ជួយ​ដឹក​ជញ្ជូន​ឥវ៉ាន់​ឲ្យ​គេ​ដាក់​ផ្សារ​ចាស់ រួច​ហើយ​ចេញ​ទៅ​រត់​ស៊ីក្លូ ជាមួយ​គ្នា នៅ​ឆ្លៀត​រើស​អេតចាយ​ថែម​ទៀត។ មិន​អស់​នៅ​ឡើយ យប់​ឡើង​លោក​នៅ​ទៅ​ជួយ​រឺយែ​ឡាន​គេ ដោយ​ស្ពាយ​កូន​ពៅ​ជាប់​ខ្លួន​ផង។

រូបភាព៖ ហ្វេសប៊ុក យ៉ាឡេង

ពលិកម្ម​របស់​ឪពុក​កម្សត់​រូប​នេះ ពិត​ជា​នៅ​មាន​ច្រើន​ទៀត​ណាស់...បែប​នេះ​ទៅ​ហើយ តើ​វាសនា​របស់​លោក​ឪពុក និង​កូន​ទាំង​ពីរ​យ៉ាង​ណា?អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ខាង​លើ​ស្នើ​ប្រិយមិត្ត​រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា។ មិន​ទាន់​មាន​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ ប៉ុន្តែ​តាម​លោក ហ៊ុយ យ៉ា​ឡេង បង្ហើប ភាពយន្ត​ជីវិត​ពិត និង​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​មួយ​នេះ​របស់​លោក នឹង​ចេញ​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ក្នុង​រយៈ​ពេល​មិន​យូរ​ខាង​មុខ៕

អត្ថបទ៖ ទារិកា

មតិយោបល់