- 2019-07-17 04:38:13
- ព័ត៌មាន
ខាត់ វ៉ៃហាំង ទទួលអារម្មណ៍ដូចត្រូវគេសណ្ដំ ពេលថតនៅតំបន់ប្រាសាទមួយ
- 2019-07-17 04:38:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ វ៉ៃហាំង ទទួលអារម្មណ៍ដូចត្រូវគេសណ្ដំ ពេលថតនៅតំបន់ប្រាសាទមួយ
ចន្លោះមិនឃើញ
តារាប្រុសសង្ហា ខាត់ វ៉ៃហាំង បានទម្លាយឲ្យដឹងថា លោកទទួលបានអារម្មណ៍ហាក់ដូចត្រូវគេសណ្ដំ នៅក្នុងថតរឿងភាគបែបបុរាណ លាយសម័យមួយ របស់ស្ថានីយទូរទស្សន៍ PNN កាលពីថ្មីៗនៅតំបន់ប្រាសាទក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលជាលើកទីមួយសម្រាប់ជីវិតជាអ្នកសិល្បៈរបស់លោកប៉ុន្មានឆ្នាំមកនេះ។
រឿងដែលលោកចូលរួមថតជាតួឯកនោះ មានចំណងជើងថា "និស្ស័យស្នេហ៍នាងមនោរាហ៍" ដែលលោកមានឈុតស្លៀកបុរាណច្រើនបំផុត។ ចំពោះបញ្ហានេះ ខាត់ វ៉ៃហាំង បានអះអាងថា ត្បិតកន្លងមកខ្លួនធ្លាប់គ្រងសំលៀកបំពាក់សម្ដែងជាតួអង្គមួយចំនួនក្នុងសាច់រឿងល្ខោនខោល តែនោះជាការងារថតរូបដើម្បីជួយផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ជាតិ ខុសប្លែកអំពីការងារថតរឿង ដែលត្រូវតុបតែងហើយស្លៀកសំលៀកបំពាក់បែបបុរាណជាច្រើនថ្ងៃ ក្នុងអំឡុងពេលច្រើនខែទម្រាំការងារបញ្ចប់។
នៅក្នុងថតសម្ដែងគ្រងឈុតបុរាណដែលធ្វើឱ្យតារាប្រុសរូបនេះដក់ចិត្តចងចាំខ្លាំងជាងគេ ហើយតែងរីករាយជានិច្ចរាល់លើកដែលរំឭកដល់នោះ គឺឆាកសម្ដែងនៅក្នុងប្រាសាទតាព្រហ្ម ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ លោកថា ទិដ្ឋភាពគ្រប់យ៉ាងស្រស់ស្អាតប្រៀបដូចឋិតក្នុងការយល់សប្ដិ ព្រោះពេលនោះថតឆាកប្រជាពលរដ្ឋធ្វើបុណ្យភូមិក្នុងបរិវេណប្រាសាទ ហើយម្នាក់ៗស្លៀកពាក់សុទ្ធជាសំលៀកបំពាក់សម័យបុរាណ នាំគ្នាមកទស្សនាការសម្ដែងរបាំបុរាណចម្រុះប្រភេទទាំងយប់ថ្ងៃ។
លោក វ៉ៃហាំង បានរៀបរាប់ថា “ពេលហ្នឹងខ្ញុំដើរមើលគេ ព្រោះយើងជាមេទ័ព យើងដើរមើលគេអ៊ីចឹង! មានអារម្មណ៍ថាសប្បាយចិត្ត ព្រោះឃើញសិល្បករសិល្បការិនីតែងខ្លួនជាអ្នករបាំតាមប្រភេទនីមួយៗខុសប្លែកគ្នា ដូច្នេះ វាស្រស់ស្អាតខ្លាំង ហើយក៏ដក់ជាប់អារម្មណ៍ខ្លាំងដូចគ្នា ជាពិសេស គឺបានឃើញតួឯកស្រីនៅទីនោះតែម្ដង”។ លោកថា ពេលនោះអារម្មណ៍របស់លោក ហាក់ចូលតួខ្លាំង ប្រៀបដូចត្រូវគេសណ្ដំស្លុងទៅនឹងទិដ្ឋភាព ដូចជាលោកកំពុងតែនៅក្នុងព្រឹត្តិការណ៍ក្នុងសម័យអតីតកាលនោះអីចឹង។
ក្រៅពីឆាកសម្ដែងដែលរីករាយ វ៉ៃហាំង ក៏ប្រឈមនឹងការលំបាកមួយចំនួនដែរក្នុងរឿងបុរាណលាយសម័យខាងលើ។ប្រុសស្អាតលើកឡើងថា មានឈុតមួយដែលធ្វើឱ្យលោក រួមនឹងក្រុមការងារលំបាកខ្លាំង គឺឈុតធ្វើសង្គ្រាម កណ្ដាលថ្ងៃក្ដៅខ្លាំង រហូតធ្វើឱ្យរបកស្បែកខ្នងតួសម្ដែងខ្លះថែមទៀតផង។ យ៉ាងណា ក្រោយពីអត់ធ្មត់រហូតបញ្ចប់ការសម្ដែង លោកហាក់រីករាយវិញ ក្រោយបានឃើញលទ្ធផលចុងក្រោយប្រកបដោយគុណភាព។
រឿង "និស្ស័យស្នេហ៍នាងមនោរាហ៍" វ៉ៃហាំង បានចាប់ដៃគូជាមួយកញ្ញា ស៊ិន យូប៊ីន ទៀតហើយ! តើភាពប្រែប្រួលនៃស្នេហាក្នុងរឿងភាគថ្មី "និស្ស័យស្នេហ៍នាងមនោរាហ៍" របស់ទូរទស្សន៍ PNN រវាងកំលោះសង្ហាលោក ខាត់ វ៉ៃហាំង និងកញ្ញាសុភាពទន់ភ្លន់ ស៊ីន យូប៊ីន នឹងក្លាយទៅជាយ៉ាងណា? តើតួអង្គឯកប្រុសស្រីមួយគូនេះត្រូវឆ្លងកាត់នូវឧបសគ្គអ្វីខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់រៀងរាល់សប្ដាហ៍នាថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧:៥០នាទី រហូតម៉ោង៩យប់៕