• 2019-07-25 07:55:00
  • ព័ត៌មាន

សរសើរ តារា​វ័យ​ក្មេង ចេះ​មាន​គំនិត ចង់​ឲ្យ​មាន​ការ​ជួល​សំលៀកបំពាក់​ខ្មែរ​ថត​នៅ​តំបន់​ប្រាសាទ​បុរាណ

  • 2019-07-25 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ពិធីករ​ស្រស់​សង្ហា យក់ ឆេង​ហាក់ បាន​បង្ហាញ​គំនិត​មួយ ដោយ​ចង់​ឲ្យ​មាន​ការ​ជួល​សំលៀកបំពាក់​បែប​បុរាណ​ខ្មែរ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ស្លៀក​នៅ​តំបន់​ប្រាសាទ​បុរាណ និង​សង្ឃឹម​ថា​អាជ្ញាធរ​ពាក់​ព័ន្ធ​គាំទ្រ។

ចេតនា​មួយ​នេះ បាន​កើត​ឡើង​ក្រោយ​ពី​តារា​ប្រុស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​ជា​ថ្មី ដើម្បី​បំពេញ​ការងារ និង​បាន​ដើរ​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​ខ្មែរ​បុរាណ​ដ៏​គួរ​ឲ្យ​ទាក់​ចិត្ត​នោះ​ផង។ តារា​រូប​នេះ​លើក​ឡើង​ថា រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ពិសេស​តំបន់​ប្រាសាទ​បុរាណ ជា​យូរ​មក​ហើយ បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​កម្សាន្ត និង​ស្វែង​យល់។

បន្ថែម​លើ​ការ​ទស្សនា ការ​ថត​រូប ក៏​បាន​ក្លាយ​ជា​រឿង​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ​ដែរ ហើយ​ការ​ស្លៀក​សំលៀកបំពាក់​បុរាណ​នៅ​តំបន់​ប្រាសាទ​ក៏​នឹង​កាន់​តែ​ទាក់​ទាញ​ទៀត ព្រោះ​តែ​ភ្ញៀវ​អន្តរជាតិ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ស្គាល់ លោក​ជឿ​ថា ពួក​គេ​នឹង​ចាប់​អារម្មណ៍​លើ​សំលៀកបំពាក់​បែប​ប្រពៃណី នៅ​តំបន់​ប្រាសាទ​ដ៏​មាន​វ័យ​ចំណាស់​របស់​ខ្មែរ​មិន​ខាន។ “ម្យ៉ាង នេះ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​ផង រួម​ទាំង​អាច​ឲ្យ​បង​ប្អូន​នៅ​ក្នុង​តំបន់​អាច​រក​ចំណូល​បាន​ផង​ដែរ។” យក់ ឆេង ថ្លែង។

លោក​បន្ត​ថា សំលៀកបំពាក់​ខ្មែរ​មាន​ភាព​ទាក់ទាញ និង​សម្បូរ​បែប គឺ​ពិត​ជា​ទាក់​ទាញ​ចិត្ត​ភ្ញៀវ​ជាតិ ពិសេស​ភ្ញៀវ​អន្តរជាតិ ក្នុង​នោះ​គ្រាន់​តែ​ការ​ថតPre-wedding របស់​គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី​មួយ​ចំនួន​​នៅ​តំបន់​ប្រាសាទ ក៏​បាន​ធ្វើ​ឲ្យ​អ្នកទេសចរ​អន្តរជាតិ​តាម​ទស្សនា និង​សុំ​ផ្ដិត​យក​រូបភាព​មិន​តិច​ទេ។ ដូច្នេះ​ហើយ ចាត់​​ជា​ការ​ជួយ​រក្សា​អត្តសញ្ញាណ​ជាតិ និង​ជួយ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ផង លោក​ថា ពិត​ជា​ល្អ​ណាស់ ប្រសិន​បើ​មាន​ការ​ផ្ចុងផ្ដើម​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​សេវា​ជួល​សំលៀកបំពាក់​បែប​បុរាណ​ខ្មែរ​នៅ​តំបន់​សំខាន់​ៗ​បែប​ប្រវត្តិសាស្ត្រ​សំខាន់​ៗ។

រូបភាព៖ ផ្ដល់​ដោយ​សាមី​ខ្លួន

ក្រៅ​តែ​ពី​ការ​សំណូម​ពរ​នេះ លោក​ក៏​ស្នើ​ឲ្យ​ប្រជាជន​ខ្មែរ​ជួយ​ថែ​រក្សា លើក​កម្ពស់​សិល្បៈ​នៃ​ការ​តុប​តែង និង​ស្លៀកពាក់​របស់​ខ្មែរ​តាម​រយៈ​ការ​ថត​រូប​បែប​បុរាណ​នេះ នៅ​តំបន់​ប្រាសាទ​នា​នា ជា​ជាង​ការ​ជិះ​យន្ត​ហោះ​ទៅ​ថត​សំលៀកបំពាក់​បរទេស ដែល​លោក​យល់​ថា ចំណាយ​ច្រើន ដោយ​យក​លុយ​ទៅ​ឲ្យ​គេ​ហើយ នៅ​​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​គេ​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់