• 2019-08-06 02:32:21
  • ភាពយន្ត

ឡូយ​បាត់​ភាពយន្ត​ខ្មែរ​មួយ​នេះ ចាយ​ទុន​សម្បើម ឯ​សាច់​រឿង​វ៉ៃ បាញ់​ប្រហារ​មិន​ប្រណី​កក្រើក​ព្រៃ

  • 2019-08-06 02:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សាយ​ភាយ​ដំណឹង​ប៉ុន្មាន​ខែ​រួច​មក នៅ​ថ្មី​នេះ បាន​លេច​ចេញ​វីដេអូ Trailer នៃ​រឿង "The Prey” ឬ "វាល​ប្រមាញ់" នៅ​លើ​បណ្ដាញ​សង្គម ដោយ​គេ​បាន​ឃើញ​ថា រឿង​នេះ ជា​ប្រភេទ​រឿង​បាញ់ និង​វាយ​ប្រហារ​យ៉ាង​សាហាវ​កម្រ​ប្រទះ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក។

រឿង "The Prey" ឬ "វាល​ប្រមាញ់ ផលិតដោយ​ផលិតកម្ម Altered Vision Films រួមសហការជាមួយផលិតកម្ម "កងចក្រ" ដែល​ជា​ម្ចាស់​ផលិតតែ​មួយ​ជាមួយ​រឿង "បំបែកគុក" ឬ "Jail Break"។ វិល​មក​ចំណង​ដៃ​ថ្មី​នេះ​ទៀត ការ​ប្រយុទ្ធ​ដើម្បី​រស់ រឹត​តែ​សាហាវ​ជាង​មុន។ សាច់​រឿង​និយាយ​ពី ភ្នាក់ងារ​សំងាត់​ចិន​ ម្នាក់​ដែល​បាន​ទទួល​បេសកកម្ម​ដ៏​សំខាន់​មួយ​ជា​លក្ខណៈ​អន្តរជាតិ។

ប៉ុន្តែ​ភ្នាក់​ងារ​ពិសេស​នេះ បែរ​ជា​ត្រូវ​ភ្លាត់ រហូត​ត្រូវ​គេ​ចាប់​បាន​បញ្ជូន​ទៅ​កាន់​គុក​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​កន្លែង​ឃុំ​ខ្លួន​របស់​អ្នក​ទោស​ជា​ច្រើន​ទៀត។ ពួក​គេ​បាន​ក្លាយ​ជា​ល្បែង​កម្សាន្ត សម្រាប់​ក្រុម​អ្នក​ទេសចរ​ដែល​មាន​ប្រាក់​ច្រើន​ដ៏​គួរ​អោយ​​ខ្លាច។ ពួក​គេ​បាន​ចំណាយ​ពេល និង​លុយ​ដ៏​ច្រើន​របស់​ពួក​គេ មក​ល្បែង​បរបាញ់​មនុស្ស​នៅ​ក្នុង​ព្រៃ​នោះ។ នេះ​បើ​តាម​ប្រភព​មួយ​ក្រុម​ផលិត​បាន​បង្ហើប។

ប្រភព​បន្ត​ថា នេះ​ជា​ខ្សែ​ភាពយន្ត​ខ្មែរ​បែប​វាយ​ប្រហារ​ដ៏​ធំ​បំផុត​មួយ ដែល​បាន​ចំណាយ​ទុន​ផលិត​អស់​ជាង​១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ ព្រោះ​ភាពយន្ត​នេះ គ្រោង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត អន្តរជាតិ​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​ផង​ដែរ។

ស្ដាប់​ទៅ​ពិត​ជា​អស្ចារ្យ​ណាស់ ឥឡូវ​ទស្សនា​វីដេអូ Trailer ទាំង​អស់​គ្នា​សិន មុន​ពេល​ ភាពយន្ត​នេះ នឹង​ត្រូវ​យក​មក​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី ១៩ កញ្ញា ២០១៩ តទៅ។

អត្ថបទ៖ ទារិកា

មតិយោបល់