• 2019-08-06 06:50:52
  • ព័ត៌មាន

ប្រធាន​ក្រុម​ Pop Model សម្រេច​បំណង​លើ​បេក្ខនារី X Factor Cambodia

  • 2019-08-06 06:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​កម្មវិធី X-Factor Cambodia ម្នាក់​ឈ្មោះ “ចាន់​ឡា" បាន​ធ្វើ​ឲ្យ​ទស្សនិកជន រំជើបរំជួល​នៅ​លើ​បណ្ដាញ​សង្គម​ក្រោយ​បាន​ឃើញ​ការ​សម្ដែង​របស់​នាង រហូត​ដល់​ប្រធាន​ក្រុម Pop Model ប្រកាស​រក​ផ្លូវ​ជួប​ដើម្បី​ជួយ​តុបតែង​ខ្លួន​ឲ្យ ហើយ​នៅ​ពេល​នេះ នាង​បាន​សម្រេច​បំណង​ហើយ។

ចំណុច​ដែល​ធ្វើ​ឲ្យ​មាន​ការ​ដក់​ចិត្ត ពី​ការ​សម្ដែង ឬ​ក៏​ច្រៀង​ក្នុង​ការ​ប្រកួត​ប្រជែង​កម្មវិធី​ខាង​លើ​របស់ "ចាន់​ឡា" គឺ​ដោយ​សារ​ការ​តុប​តែង​ខ្លួន​របស់​នាង ស្រប​ពេល​ទស្សនិកជន​មើល​ឃើញ​ថា ចាន់​ឡា នៅ​មាន​ខ្វះខាត​នៅ​ឡើយ។ ដូច្នេះ​ហើយ​អ្នក​នាង សារ៉ា ប្រធាន​ក្រុម​ម៉ូដែល​ខាង​លើបាន​​ប្រកាស​ពី​បំណង​ចង់​ជួយ​នាង​លើ​ផ្នែក​នេះ។

សារ៉ា ថ្លែង​ថា "ខ្ញុំ​មិន​ដឹង​យ៉ាង​ម៉េច​ទេ ពេល​មើល​គាត់​ហើយ​ក៏​មាន​ចិត្ត​អាណិត...ដំបូង​បង​ធម៌​ខ្ញុំ គាត់​អ្នក​មើល​ ខ្ញុំ​អត់​មើល​ទេ បង​ខ្ញុំ​គាត់​ថា ហ៊ឺ​បេក្ខនារី​រូប​នេះ​គួរ​ឲ្យ​អាណិត​ណាស់ ហើយ​គាត់​បាន​ហុច​ទូរស័ព្ទ​មក​ឲ្យ​មើល ខ្ញុំ​ថា បង​ឯង​កុំ​យក​រឿង​អីចឹង​ឲ្យ​ខ្ញុំ​មើល តែ​គាត់​នៅ​តែ​ហុច​មក ខ្ញុំ​ក៏​មើល ហើយ​ក៏​កើត​ចិត្ត​អាណិត​គាត់​តែ​ម្ដង!”។ បែប​នេះ ប្រធាន​ក្រុម​ម៉ូដែល បាន​សម្រេច​ផុស​ពី​បំណង​របស់​នាង​ចំពោះ​បេក្ខនារី​លើ​បណ្ដាញ​សង្គម។

"មាន​មិត្ត​ណា​ស្គាល់​គាត់​ទេ? នាង​ខ្ញុំ​ចង់​ជួយ​ឧបត្ថម្ភ​សំលៀកបំពាក់​នឹង​រៀប​ចំ​ខ្លួន​អោយ​គាត់​គ្រប់​វគ្គ”។ក្រោយ​បង្ហាញ​ចេតនា​នេះ​លើ​បណ្ដាញ​សង្គម ប្រិយមិត្ត​រាប់​ពាន់​នាក់​បាន​ចែក​រំលែក ក្នុង​ចេតនា​ពង្រីក​ប្រសិទ្ធ​ភាព​នៃ​ដំណឹង។ ជា​លទ្ធផល សារ៉ា ប្រាប់​ថា នាង​ទទួល​បាន​មធ្យោបាយ​ទំនាក់ទំនង​ទៅ​បេក្ខនារី​រូប​នេះ​ហើយ។ “ខ្ញុំ​បាន​លេខ​ទូរស័ព្ទ​គាត់​ហើយ ហើយ​ក៏​បាន​ជជែក​ជាមួយ​គាត់​ច្រើន​ដែរ​បង...”។

ប្រធាន​ក្រុម​ម៉ូដែល ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធាន​សិល្បៈជា​ច្រើន ពិសេស​ផ្នែក​ដើរ​ម៉ូដ​រូប​នេះ ប្រាប់​ឲ្យ​ដឹង​ថា...ក្រោយ​ជជែក នាង​បាន​ដឹង​ថា បេក្ខនារី បាន​ទទួល​ជំនួយ​ពី​បង​ប្អូន​សប្បុរសជន​ច្រើន​ហើយ។ ដូច្នេះ​ហើយ នាង​ក៏​ដក​ខ្លួន​ពី​បំណង​ទី​មួយ​វិញ ប៉ុន្តែ​មិន​បាន​លែង​ដៃ​ឡើយ។ "ខ្ញុំ​ឃើញ​បង​ប្អូន​យើង​ជួយ​គាត់​ច្រើន​ហើយ អីចឹង​ហើយ​ខ្ញុំ​ដក​ខ្លួន​វិញ តែ​ខ្ញុំ​ចាំ​ជួយ​គាត់​ផ្នែក​ផ្សេង​វិញ បើ​ចាំ​បាច់។ និយាយ​ទៅ​ខ្ញុំ​ចាំ​ជួយ​គាត់​ឲ្យ​គាត់​សម្រេច​បំណង​គាត់ ក្លាយ​ជា​អ្នក​សិល្បៈ បើ​ទោះ​គាត់ មិន​អាច​បន្ត​ទៅ​កម្មវិធី​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​ក៏​ដោយ"។

លៀង ចាន់ឡា គឺ​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​៤នាក់ ក្នុង​ការ​ប្រឡង​ចម្រៀង​វគ្គ Bootcam កាល​ពី​ចុង​សប្ដាហ៍​មុន។ ពួក​គេ​ទាំង​បាន​បកស្រាយ​រួម​គ្នា​បទ "ឈប់" របស់​កញ្ញា រ៉េត ស៊ូហ្សាណា។ បញ្ចេញ​សមត្ថភាព​ក្នុង​បទ​ចម្រៀង​នេះ បេក្ខនារី​៣​នាក់​ផ្សេង​ទៀត ក្រៅ​ពី ចាន់ឡា ត្រូវ​បាន​គណៈកម្មការ​កញ្ញា សុខ សីឡាលីន ប្រកាស​ថា បាន​បន្ត​ទៅ​វគ្គ​បន្ទាប់។

ចាន់ឡា វេលា​នោះ គេ​មើល​ឃើញ​ទឹក​មុខ​ស្រពាប់​ស្រពោន ក្រោយ​ភ្លាម​ៗ ខ្លួន​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​ពី​បេក្ខភាព​ដែល​ត្រូវ​ជាប់​ទៅ​វគ្គ​បន្ត។ យ៉ាង​ណា អ្វី​ៗ​ក៏​ស្រស់​ស្រាយ​ឡើង​វិញ ក្រោយ​ឈ្មោះ​នាង ត្រូវ​ប្រកាស​ដោយ​គណៈកម្មការ​ដដែល​ថា បាន​ជាប់​ទៅ​វគ្គ​បន្ត​ដូច​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម