• 2019-08-07 04:40:54
  • ព័ត៌មាន

អ្នក​នាង ខ្ញុង ដាក់​មួយ​ឃ្លា​ឲ្យ​ស្វាមីគិត មុន​ចូល​រោងការ​នៅ​ថ្ងៃ​ស្អែក​នេះ​!

  • 2019-08-07 04:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ ពែកមី អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាន​សម្រេច​ចូល​រោងការ​មួយ​នៅ​ថ្ងៃ​ស្អែក​នេះ ជាមួយ​កូន​កំលោះ នាយ កៃដ ដែល​មាន​ឈ្មោះ​ពិត​ថា អ៊ុំ ក្សត្រា អតីត​តារា​កំប្លែង​ក្នុង​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធីអិន​ជាមួយ​គ្នា។

មុន​មក​ដល់​ថ្ងៃ​នេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង និង​លោក អ៊ុំ ក្សត្រា ហៅ កៃដ គឺ​ជា​មេម៉ាយ និង​ពោះ​ម៉ាយ​ដូច​គ្នា ក្រោយ​ពី​បាក់​បែក​ស្វាមី និង​ភរិយា​មុន​ដូច​គ្នា។ ក្នុង​វេលា​សេពគប់​គ្នា ភាគី​ខាង​ស្រី ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ពី​បង​ថ្លៃ​ស្រី​នាយ កៃដ ថា​ជា​អ្នក​ដណ្ដើម​ប្ដី​ពី​ប្អូន​ស្រី​គេ។ ប៉ុន្តែ​ក្រោយ​មក ពួក​គេ​ទាំង​ពីរ​ចេញ​មក​បដិសេធ ថា​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ក្រោយ​មក នៅ​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ ២០១៧ ពួក​គេ​ក៏​បាន​ប្រកាស​សែនព្រេន​យក​គ្នា​ជា​គូ និង​រួម​រស់​ជាមួយ​គ្នា​រហូត​មក។ ទម្រាំ​មក​ដល់​ថ្ងៃ​នេះ ភាគី​ខាង​ស្រី បាន​អះអាង​ថា នាង​បាន​ឆ្លង​កាត់​ជីវិត​តស៊ូ​ច្រើន​ណាស់ មាន​ទាំង​គ្រប់​រសជាតិ គឺ​មាន​ភាព​លំបាក ​ជូរ​ចត់ វេទនា បោកប្រាស់ បោះបង់ ធ្វើ​បាប ។ល។ យ៉ាង​ណា នាង អះអាង​ថា បាន​តាំង​ចិត្ត​ជម្នះ​ឲ្យ​បាន​រហូត​មក រហូត​បាន​រក​ឃើញ​ពន្លឺ​ជីវិត​ជា​ថ្មី​នៅ​ថ្ងៃ​នេះ ដោយ​នាង​សំអាង​ទៅ​លើ អំពើ​ល្អ​ទាំង​ឡាយ ដែល​នាង​បាន​សាង។

ខ្ញុង លើក​ឡើង​ថា នាង​សង្ឃឹម ស្វាមី​ថ្មី​របស់​នាង នឹង​យោគយល់ អធ្យាស្រ័យ និង​ស្រឡាញ់មើល​ថែ​ទាំង​នាង​ ព្រម​ទាំង​កូន​បាន​ល្អ រហូត​ត​រៀង​ទៅ។ ខ្ញុង ថ្លែង ៖ "ខ្ញុំ​ក៏​សង្ឃឹម​ថា​មនុស្ស​ដែល​​ខ្ញុំ​នឹង​ផ្ញើ​វាសនា​ពាក់​កណ្ដាល​ជីវិត​ឲ្យ​គាត់​នោះ នឹង​យល់​ច្បាស់​ពី​ភាព​ឈឺ​ចាប់​ដែល​ខ្ញុំ​ធ្លាប់​ជួប​កន្លង​មក ចឹង​ខ្ញុំ​គិត​ថា​គាត់​នឹង​ចេះ​អាណិត ស្រលាញ់ យោគយល់ ឲ្យ​តម្លៃ​អត់​អោន អធ្យាស្រ័យ និង​ជា​មនុស្ស​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ជា​មនុស្ស​ដែល​រឹងមាំ ដើម្បី​ជា​ក្ដី​សង្ឃឹម​ឲ្យ​ខ្ញុំ​នឹង​កូន"។

តាម​ព័ត៌មាន​លើ​ធៀប ការ​ដែល Sabay ទទួល​បាន ពិធី​ជ័យ​របស់​តារា​កំប្លែង​រូប​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​នឹង​ផ្ទះ​របស់​នាង​តែ​ម្ដង​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ដូង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។ ពិធី​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយ​អាហារ​ក៏​ធ្វើ​នៅ​ទី​នោះ​ដូច​គ្នា។តាម​ប្រភព​ស្និទ្ធស្នាល​ម្នាក់ បាន​ឲ្យ​ដឹង​ថា ខ្ញុង បាន​អញ្ជើញ​មិត្ត​រួម​អាជីព​របស់​នាង​ជា​ច្រើន​នាក់ សម្រាប់​ចូល​រួម​ធ្វើ​ជា​សាក្សី​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ទាំង​ពីរ និង​ពិសា​ភោជនីយអាហារ។

សកម្មភាព​ក្នុង​ពិធី​ចាប់​ផ្ដើម​ព្រឹក​នេះ

តារា​កំប្លែង ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាច់​ញាតិ​ខាង​ស្វាមី មាន​ម្ដាយក្មេក និង បង​ប្អូន​ថ្លៃ​ផង ដែល​យោគយល់ និង​ឲ្យ​តម្លៃ​ចំពោះ​នាង។ "ខ្ញុំ​សូម​ឲ្យ​គ្រួសារ​មួយ​នេះ​ថិតថេរ​រហូត​ទៅ.(ថ្ងៃដែលរងចាំ)”។ ខ្ញុង បន្ថែម៕

អត្ថបទ៖ ទារិកា

មតិយោបល់