• 2019-08-09 08:06:37
  • ព័ត៌មាន

អស់​នឹង​​គេ​ ធ្វើ​ពិធី​នៅ​កន្លែង​ល្អ​ៗ ហ៊ុយ យ៉ា​ឡេង ក្រុង​ពាលី​រឿង​ថ្មី​តាម​របង​វត្ត

  • 2019-08-09 08:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ឲ្យ​តម្រុយ​ប៉ុន្មាន​សប្ដាហ៍​មក​ហើយ ទី​បំផុត ហ៊ុយ យ៉ាឡេង បាន​បើក​ពិធី​ក្រុង​ពាលី​រឿង​ថ្មី "ដើម្បី​កូន" ហើយ​ដោយ មិន​បាន​ទៅ​ធ្វើ​នៅ​ទី​កន្លែង​ប្រណិត​ឯណា​ទេ គឺ​ធ្វើ​នៅ​តាម​របង​វត្ត​តែ​ម្ដង​នា​ថ្ងៃ​ម្សិលមិញ​នេះ។

លោក ហ៊ុយ យ៉ាឡេង បាន​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង "ដើម្បី​កូន" នៅ​របង​វត្ត​ឧណ្ណា​ឡោម​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ជាប់​ផ្សារ​កណ្ដាល។ ពិធី​នេះ មាន​ការ​ចូល​រួម​ដោយ​តួ​សម្ដែង​មួយ​ចំនួន​ដូច​ជា មាន សូនីតា លោក គង់ សុភី ចៅ​នាយ កុយ គឺកញ្ញា ឈីងលីង​ជា​ដើម។

វិល​មក​មូលហេតុ​ដែល​លោក​ជ្រើសរើស​របង​វត្ត​ជា​ទី​កន្លែង​សម្រាប់​ប្រារព្ធ​ពិធី​បើក​មុខ​ចេញ​ថត​រឿង​ថ្មី​របស់​លោក ដោយ​សារ​ថា ​ខ្សែ​រឿង​របស់​លោក គឺ​ជា​រឿង​បែប​ជីវិត​ពិត និង​ពោរ​ពេញ​ទៅ​ដោយ​ការ​តស៊ូ ហើយ​ទីតាំង​ខាង​លើ គឺ​ជា​ទីតាំង​សំខាន់​បំផុត​នៅ​ក្នុង​សាច់​រឿង​ទាំង​មូល ពោល​គឺ​ជីវិត​តស៊ូ​របស់​តួអង្គ​ក្នុង​រឿង គឺ​មាន​ភាព​ជិត​ដិត​បំផុត​នឹង​ទី​កន្លែង​នេះ។

លោក​ថា "ទី​តាំង​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​កើត​រឿង​រ៉ាវ​ច្រើន​ជាង​គេ​ក្នុង​សាច់​រឿង វា​ជា​ចំណត​ស៊ីក្លូ​របស់​តួអង្គ​ក្នុង​រឿង ហើយ​វា​ក៏​ជា​កន្លែង​ចំណត​ស៊ីក្លូ​តាំង​ពី​ដើម​មក អីចឹង​ហើយ​បាន​ខ្ញុំ​យក​ធ្វើ​នៅ​ទី​កន្លែង​ហ្នឹង ព្រោះ​ចង់​រំលឹក​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​ស៊ីក្លូ"។

រឿង "ដើម្បី​កូន" គឺ​ជា​ខ្សែ​ភាពយន្ត​រសជាតិ​ថ្មី​បំផុត របស់​លោក ហ៊ុយ យ៉ា​ឡេង ដែល​ធ្លាប់​តែ​ផលិត​រឿង​បែប​ភ័យ​រន្ធត់។ លោក ធ្វើ​រឿង​នេះ ដើម្បី​បន្ថែម​រសជាតិ ក៏​ដូច​ជា​ពណ៌​សម្បុរ​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក ក្រោយ​ពី​ទីផ្សារ​បាន​ថ្កោលទោស​ថា ផលិតករ​ក្នុង​ស្រុក​ប្រជែង​គ្នា​ផលិត​តែ​ភាពយន្ត​កំប្លែង និង​ប្រភេទ​រឿង​ខ្មោច ដែល​មិន​សូវ​ផ្ដល់​អ្វី​ជា​ពុទ្ធិ ឬ​គន្លឹះ​លើក​កម្ពស់​គុណភាព​ជីវិត​ដល់​អ្នក​ទស្សនា។

ដូច្នេះ​ហើយ ទើប​លោក​រំលេច​រឿង​នេះ​ឡើង ដោយ​ឆ្លុះ​បង្ហាញ​ពី​ខ្សែ​ជីវិត​ពិត​មួយ​របស់​ឪពុក​ដ៏​កម្សត់​មួយ​រូប ដែល​ជីវិត​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ចំណង​បញ្ហា​ចាក់ស្រេះ លើ​ផ្លូវ​ជីវិត​ដ៏​វែង​ឆ្ងាយ ​ដើម្បី​បីបាច់​បុត្រ​ភ្ងា ក្រោយ​ពី​អស់​ម្ដាយ​ជា​ចំណែក​ជួយ​ទ្រទ្រង់​គ្រួសារ​ទៅ។ ដើម្បី​ធ្វើ​រឿង​នេះ ឲ្យ​បាន​កាន់​តែ​ល្អ​លោក ហ៊ុយ យ៉ា​ឡេង បាន​សុខ​ចិត្ត ទៅ​រស់​នៅ​ជា​ជីវិត​អ្នក​ធាក់​ស៊ីក្លូ​ក្នុង​រយៈ​ពេល​ខ្លី​ថែម​ទៀត ដើម្បី​ដឹង​ថា នៅ​ក្នុង​នោះ​មាន​អ្វី​ដែល​គ្រប់​គ្នា​មិន​ដឹង និង​ថា​ជីវិត​ទាំង​នេះ​លំបាក​យ៉ាង​ណា។

ក្រោយ​ពី​ចេញ​ក្រុង​ពាលី​រួច​នេះ អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​ខាង​លើ បញ្ជាក់​ថា ដំណើរ​ការ​ចេញ​ថត នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រ​ទី ០៩ សីហា នេះ​ត​ទៅ។ តាម​គម្រោង​រឿង "ដើម្បី​កូន" នឹង​ចំណាយ​ពេល​ពេញ​១​ខែ​ដើម្បី​ថត និង​ពេល​ខ្លះ​ដើម្បី​សម្រួល​បច្ចេកទេស​ឲ្យ​ស្រេច​បាច់ មុន​អាច​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​យ៉ាង​យូរ នា​មុន​ដំណាច់​ឆ្នាំ ២០១៩ នេះ៕

រូបថត៖ ផ្ដល់​ដោយ ហ៊ុយ យ៉ាឡេង

អត្ថបទ៖ ទារិកា

មតិយោបល់