• 2019-08-10 04:44:01
  • ព័ត៌មាន

ឡូយ​បាត់! ប្រុស​សង្ហា នឹង​តំណាង​កម្ពុជា​ស្លៀកឈុត​នាគ​រាជ​ទៅ​ប្រកួត​នៅ​ភូមា

  • 2019-08-10 04:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន អតីត Freshie លោក ហ៊ី ប៊ុនថា នឹង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូល​រួមព្រឹត្តិការណ៍ Mister Tourism and Culture Universe 2019 នៅ​ប្រទេស មីយ៉ាន់ម៉ា នា​ពេល​ខាង​មុខ​នេះ។

កម្មវិធី​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២២​ខែ​សីហា នា​ប្រទេស​មីយ៉ាន់ម៉ា ដោយ​លោក​គ្រោង​នឹង​បង្ហាញ​ឈុត​នាគ​រាជ​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​អ្នក​ច្នៃម៉ូដ​ខ្មែរ​អស់​ទឹក​ប្រាក់​ប្រមាណ ៦ពាន់​ដុល្លារ ទៅ​កាន់​ពិភព​លោក​តាម​រយៈ​ព្រឹត្តិការណ៍។

ដូច្នេះ​ហើយ លោក​លើក​ឡើង​ថា លោក​មាន​មោទកភាព​ណាស់​ជា​មួយ​ឱកាស​នេះ គឺ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​មាន​ប្រទេសជាង ៣១​ជុំវិញពិភពលោក​ចូល​រួមប្រកួតប្រជែង។ ”វា​ជា​ក្ដី​សមៃ​របស់​ខ្ញុំ​យូរ​មកហើយ ខ្ញុំពិតជា​មាន​ភាព​រីករាយ និង​មោទនភាព​សម្រាប់​អ្វី​ដែល​ខ្ញុំ​បាន​ប្រឹងប្រែង​កន្លង​មក”។ ប៊ុនថា ថ្លែង។

ក្រៅ​តែ​ពី​បង្ហាញ​ឈុត​សំលៀកបំពាក់​នាគ​រាជ​ច្នៃ​ដោយ​កូន​ខ្មែរ អតីត Frshie រូប​នេះ ក៏​ត្រៀម​បង្ហាញ​​ក្បាច់​គុន​ល្បុក្កតោ​របស់​ខ្មែរ​ទៅ​បង្ហាញ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ដោយ​បច្ចុប្បន្ន​លោក​បាន និង​កំពុង​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ដើម្បី​បង្ហាញ​មុខមាត់​សិល្បៈ​ខ្មែរ​លើ​ឆាកអន្តរជាតិ។

ការ​ប្រកួត​កម្មវិធី​ខាង​លើ​នេះ ប្រមូល​ផ្ដុំ​ដោយ​បេក្ខភាព​តំណាង​ប្រទេស​រៀង​ៗ​ខ្លួន ដែល​​​សុទ្ធ​អ្នក​មាន​សមត្ថភាព និង​ស្រស់​សង្ហា​រៀង​ៗខ្លួន។ បែប​នេះ​ហើយ ប៊ុនថា បញ្ជាក់​ថា មិន​ទាន់​ហ៊ាន​រំពឹង​ខ្ពស់​ពេក​នោះ​ទេ ប៉ុន្តែ​​ថា លោក​ បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងព្រឹត្តិការណ៍​នេះ ហើយ​បើ​ទោះ​ជា​លទ្ធផល​ចេញ​មក​បែប​ណា​ក៏​ដោយ ក៏​លោក​ទទួល​យក​ដែរ។

អតីត​ហ្វ្រេស៊ី ​ក៏​ស្នើឱ្យ​ទស្សនិកជ​ន​ជួយ​គាំទ្រ​សម្រាប់​ការ​ចូល​រួម​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។ Mister Tourism and Culture Universe ជា​កម្មវិធី​ប្រកួតប្រជែង​តារា​បង្ហាញម៉ូដ​លំដាប់​អន្តរជាតិ​មួយ​ដ៏​ធំ។ កម្មវិធី​នេះ គឺ​​មាន​តារា​បង្ហាញ​ម៉ូដ​មក​ពី​ប្រទេស​ជុំវិញ​ពិភព​លោក៕

អត្ថបទ៖ ទារិកា

មតិយោបល់