• 2019-08-20 02:42:30
  • ព័ត៌មាន

ទី​បំផុត Rolls-Royce សេដ្ឋី​អង់គ្លេស ដែល​ បូរ៉ា​មុំា កុម្ម៉ង់​ជាង​ដែក​ឲ្យ​ធ្វើ បាន​ចេញ​បើក​លើ​ផ្លូវ​ហើយ(វីដេអូ)

  • 2019-08-20 02:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចំណាយ​ពេល​រាប់​ខែ កុម្ម៉ង់​ជាង​ដែក​ក្នុង​ស្រុក​ឲ្យ​ធ្វើ ទី​បំផុត​រថយន្ត Rolls-Royce របស់​សេដ្ឋី​អង់គ្លេស ដែល​មាន​តម្លៃ​ជាង ១០​លាន​ដុល្លារ​នោះ ត្រូវ​បាន​ធ្វើ​រួច​រាល់​ហើយ ហើយ​ក៏​បាន​ចេញ​បើក​នៅ​លើ​ដង​ផ្លូវ​ហើយ​ដែរ។

រថយន្ត​នេះ ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​យប់​មិញ​នេះ ដែល​មើល​មួយ​ភ្លែត អាច​នឹង​ច្រឡំ ត្បិត​ថា ទឹក​ដៃ​ជាង​ដែក​ក្នុង​ស្រុក​ពិត​ជា​មិន​ធម្មតា គឺ​ធ្វើ​បាន​ស្ទើរ​ដូច Rolls-Royce របស់​សេដ្ឋី​អង់គ្លេស​ពិត​ៗ​តែ​ម្ដង។ លាប​ពណ៌​ទឹក​ប៊ិច​ស្រស់​លាយ​ទឹក​ប្រាក់ Rolls-Royce ផលិត​ក្នុង​ស្រុក​នេះ មាន​ដាក់​ឈ្មោះ បូរ៉ា​មុំា ធ្វើ​ជា​ឈ្មោះ​របស់​រថយន្ត​តែ​ម្ដង ស្រប​ពេល​អ្នក​លក់​មុំា​មក​ពី​ខេត្ត​តាកែវ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​រួច​ទៅ​ហើយ។

ប្រិយមិត្ត​ជា​ច្រើន បាន​ភ្ញាក់​ផ្អើល​ក្រោយ​ឃើញ​រថយន្ត​នេះ។ តាម​លោក បូរ៉ា ប្រាប់ លោក​មាន​គំនិត​ធ្វើ​រថយន្ត​នេះ​ឡើង​ភ្លាម​ៗ ក្រោយ​ពី​បាន​ឃើញ​រថយន្ត​ប្រភេទ​នេះ​របស់​សេដ្ឋី​ជនជាតិ​អង់គ្លេស ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​ស្រឡាញ់​ដក​មិន​រួច។ ដូច្នេះ​ហើយ លោក​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា ត្រូវ​តែ​ធ្វើ​រថយន្ត​ឡើង​មក​ឲ្យ​បាន។ មាន​ទឹក​ចិត្ត​មុតមាំ បែប​នេះ លោក បូរ៉ា ​បាន​ទិញ​ឡាន​កញ្ចាស់​មួយ​តម្លៃ ២៥០០ ដុល្លារ​យក​ទៅ​ឲ្យ​ជាង​ដែក​ធ្វើ​រថយន្ត​ស៊េរី​លំដាប់​ខាង​លើ។

​ថ្លៃ​កែ​កុន​អស់ ៣៥០០ ដុល្លារ ដាក់​ភ្លើង ២០០ ដុល្លារ កាត់​ទូ​កញ្ចក់ ជិត​៤០០ ទៀត សរុប​ទាំង​អស់ គឺ​ប្រមាណ ៧ ០០០ អាមេរិក ហើយ​ទី​បំផុត គឺ​លោក​អាច​ធ្វើ​បាន​មែន​នូវ​ម៉ូដែល Rolls-Royce តម្លៃ ១២​លាន​ដុល្លារ តែ​របស់​លោក​គឺ Rolls-Royce ម៉ូដែល "បូរ៉ាមុំា" តម្លៃ​ ៧ ០០០​ដុល្លារ​អាមេរិក។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អ្នក​លក់​មុំា​ល្បី​ឈ្មោះ​រូប​នេះ​បាន​កែ​ច្នៃ​ឡាន កន្លង​មក លោក​ធ្លាប់​បាន​ ច្នៃ​ឡាន វ៉ៃ​កូន ហ្គោល (Go Cart) មក​ជា​រថយន្ត​ Rolls-Royce ពណ៌​​លឿង​១​គ្រឿង​ម្ដង​រួច​មក​ហើយ បច្ចុប្បន្ន​កំពុង​តែ​ប្រើ​ដឹក​មុំា​លក់​រាល់​ថ្ងៃ។ ​កាល​ណោះ​លោក​បាន​​ចំណាយ​ក្នុង​ការ​ច្នៃ​វា​ឡើង អស់​ប្រាក់​​ជិត​៥០០០ ដុល្លារ​ឯណោះ។ បូក​ទាំង Rolls-Royce ដែល​ទើប​កែ​ច្នៃ​រួច​នេះ​ទៀត អ្នក​លក់​ម៉ាំ​រូប​នេះ មាន​ឡាន​៣​គ្រឿង​ឯណោះ ដោយ​ក្នុង​នោះ គឺ​បូក​បញ្ចូល​ទាំង​រថយន្ត​សម្រាប់​ជិះ​ទៅ​មក​ណា​មក​ណា ផ្ទាល់​ខ្លួន​គឺ លុចស៊ីស ៣០០ មួយ​គ្រឿង៕

អត្ថបទ៖ ទារិកា

មតិយោបល់