• 2019-08-22 03:26:25
  • ព័ត៌មាន

អ្នក​គាំទ្រ​រំភើប​ប៉ុណ្ណា! បើ​ប្រភព​ច្បាស់​ការ​បង្ហើប​ថា លី ឧត្ដម គ្រោង​ចូល​ធ្វើ​ការ​នៅ​ក្រសួង​ការពារ​ជាតិ​ឆាប់​ៗ!

  • 2019-08-22 03:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មី​ៗ​នេះ មាន​លេច​លឺ​ដំណឹង​ថា តារា​សម្ដែង​ប្រុស លី ឧត្ដម គ្រោង​នឹង​ចូល​បម្រើ​ការងារ​រដ្ឋ​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​វេលា​ឆាប់​ៗ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ប្រភព​ច្បាស់​ការ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ។

នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ សម្រាប់​អ្នក​គាំទ្រ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា តារា​ប្រុស​រូប​នេះ បាន និង​កំពុង​មមាញឹក​នឹង​ការងារ​សិល្បៈ​ជា​ច្រើន។ ប្រភព​បន្ត​ថា ការងារ​មួយ​នេះ គឺ​ជា​ការ​ចាត់​ចែង​របស់​គ្រួសារ ដែល​មាន​បំណង​ចង់​គេ​មាន​ការងារ​មួយ​ដែល​អាច​ផ្ដល់​ឲ្យ​គេ​មាន​ការងារ​មួយ​មាំ​ទាំ មាន​ក្រប​ខណ្ឌ និង​មាន​ប្រាក់ចំណូល​ជាប់​លាប់ មិន​ចង់​ឲ្យ​ពឹង​តែ​លើ​ការងារ​សិល្បៈ ដែល​ចំណូល​មិន​អាច​រំពឹង​ទុក​បាន ដូច​រាល់​ថ្ងៃ។

យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ឧត្ដម ពេញ​ចិត្ត​នឹង​ការ​ចាត់​ចែង​របស់​ក្រុម​គ្រួសារ​ដែល​ចង់​ឲ្យ​លោក​ចូល​ធ្វើ​ជា​ទាហាន​នេះ ឬ​យ៉ាង​ណា​ឡើយ ព្រោះ​ថា បើ​មើល​ទៅ​លើ​ភាព​ជាក់​ស្ដែង ឧត្ដម សម​ជា​អ្នក​សិល្បៈ​ច្រើន​ជាង។ "រឿង​គេ​ថា គេ​ចង់ ឬ​មិន​ចង់ ខ្ញុំ​អត់​ដឹង​ដែរ ប៉ុន្តែ​សំខាន់​ចាស់​ទុំ​របស់​គេ ចង់​បាន​បែប​នេះ អា​ហ្នឹង​បើ​តាម​ខ្ញុំ​លឺ​ពី​សាច់​ញាតិ​របស់​គេ​ដែរ​ទេ!”។ ប្រភព​ថ្លែង។

ជុំវិញ​បញ្ហា​នេះ លី ឧត្ដម បាន​ទទួល​ស្គាល់​ចំពោះ​ការ​អះអាង​របស់​ប្រភព​កំបាំង​មុខ​ខាង​លើ។ លោក​ថា ក្រុម​គ្រួសារ​បាន និង​កំពុង​សម្រួល​ឲ្យ​លោក​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ក្រសួង​ការពារ​ជាតិ​នោះ​ពិត​មែន។ "បាទ...បង...ចាស់​ៗ​គាត់​ចង់​អីចឹង​បង គឺ​ចង់​ឲ្យ​មាន​ក្រប​ខណ្ឌ​មួយ វា​រៀង​ធ្ងន់​ខ្លួន​បន្តិច...ហើយ​ខ្ញុំ​ក៏​មិន​បញ្ហា​ដែរ គឺ​វា​ជា​រឿង​ល្អ ខ្ញុំ​សប្បាយ​ចិត្ត​"។ ឧត្ដម ថ្លែង។

តារា​ប្រុស​កាត់​ឥណ្ឌា បន្ត​ថា លោក​ខ្លួន​ឯង ក៏​ចង់​បាន​ការងារ​រដ្ឋ​មួយ​ដែរ ដូច្នេះ​ហើយ​ការ​ចាត់​ចែង​របស់​ចាស់​ទុំ ក៏​ជា​អ្វី​ដែល​លោក​ចង់​បាន​ដូច​គ្នា។ "និយាយ​ពី​ថា​ចង់​បាន គឺ​ចង់​បាន​ណាស់​ហើយ​បង ព្រោះ​ជា​ការងារ​បម្រើ​ជាតិ បាន​ទាំង​កិត្តិយស បាន​ទាំង​កេរ្តិ៍ និង​សេចក្ដី​ថ្លៃ​ថ្នូរ​ទៀត អ្នក​ណា​មិន​ចង់​បាន​បង!”។ ឧត្ដម បន្ថែម។

ជុំវិញ​អ្នក​នៅ​ពី​ក្រោយ​ដំណើរ​ការ​បញ្ចូល​ឈ្មោះ​របស់​ខ្លួន​ទៅ​ក្នុង​ជួរ​ការងារ​ក្រប​ខណ្ឌ​របស់​រដ្ឋ​នេះ លី ឧត្ដម មិន​បាន​បញ្ចេញ​ឡើយ​ថា ជា​នរណា ក្រៅ​ពី​បញ្ជាក់​ថា នោះ​ជា​បំណង​របស់​អ្នក​មាន​គុណ​របស់​លោក។ ប៉ុន្តែ​តាម​ប្រភព​ខាង​លើ​ដដែល តារា​ប្រុស​រូប​នេះ មាន​ឪពុក​មា​ម្នាក់ គឺ​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​មួយ​កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​ខាង​លើ។ ដូច្នេះ​ហើយ មិន​ជា​រឿង​ពិបាក​ប៉ុន្មាន​ទេ ក្នុង​ការ​សម្រួល​លើ​កិច្ចការ​នេះ។

ប្រសិន​បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ ឬ​រាំង​ស្ទះ​ទេ​នោះ តាម​តារា​ប្រុស​ដែល​ពេញ​និយម​សម្រាប់​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​រូប​នេះ​បង្ហើប គឺ​ថា អាច​ខ្ទង់​ចុង​ឆ្នាំ​នេះ​ប៉ុណ្ណោះ លោក​នឹង​អាច​ចូល​ធ្វើ​ការ​បាន​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់