• 2019-08-27 03:07:48
  • ភាពយន្ត

ស្ដាប់​បាន​ដឹង​ថា​រឿង "ជន​ដែល​ត្រូវ​បាញ់" ពិត​ជា​រឿង​ដ៏​ធំ​អស្ចារ្យ​មួយ​មែន

  • 2019-08-27 03:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​និយាយ​ពី​ប្រវត្តិ​របស់​សម្ដេច​ ទៀ បាញ់ ត្រូវ​បាន​ក្រុង​ពាលី​ត្រៀម​ចេញ​ថត កាល​ពី​ពាក់​កណ្ដាល​ខែ​មុន ដែល​រឿង​បើ​តាម​ស្ដាប់​លោក ខាំ ភូរិ បាន​ដឹង​ថា គឺ​ជា​រឿង​ដ៏​ធំ​អស្ចារ្យ​មួយ ដោយ​សារ​តែ​ក្រុម​ផលិត ផ្គុំ​ដោយ​មនុស្ស​មក​ពី​ចម្រុះ​ជាតិ​សាសន៍ ឯ​ឧបករណ៍​ក៏​ទំនើប​ៗ​នាំ​ចូល​ពី​បរទេស។

លោក ខាំ ភូរិ ជា​អ្នក​ដឹកនាំ​ថត​រឿង​ខាង​លើ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ខ្នាត​ធំ និង​សំខាន់​បំផុត​មួយ ព្រោះ​និយាយ​ពី​ប្រវត្តិ​របស់​ថ្នាក់​ដឹកនាំ​មួយ​រូប គឺ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់។ ដូច្នេះ​ហើយ ការងារ​ថត​គឺ​តម្រូវ​ឲ្យ​មាន​ភាព​ម៉ត់ចត់​ខ្លាំង និង​មាន​ការ​ចំណាយ​ពេល​ច្រើន​រៀប​ចំ​យូរ​ក៏​ថែម​ទៀត។ ដោយ​ឡែក​ក្រុម​ការងារ និង​ឧបករណ៍ ក៏​រឹត​តែ​មាន​ចំណេះ ជំនាញ និង​ទំនើប​ដូច​គ្នា។

ភាពយន្ត​ខាង​លើ​នេះ តាម​អ្នក​ដឹកនាំ​រឿង​ដដែល បាន​ឲ្យ​ដឹង​បន្ថែម​ថា ផលិត​ឡើង​ដោយ Producer ធំ​ជា​ជន​ជាតិ​ខ្មែរ ដែល​មាន​៣​នាក់ គឺទី​១​គឺ ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប និង​ត្រូវ​ជា​កូន​ទី​២​សម្ដេច ទៀ បាញ់។ ទី​២​គឺ​កូន​ប្រុស​ច្បង​ឈ្មោះ ទៀ សាយ៉ាម និង Producer សំខាន់​ទី​៣​គឺ​លោក ប៊ូ បញ្ញា។ មិន​ទាន់​អស់​នៅ​ឡើយ នៅ Producer ម្នាក់​ទៀត​មក​ពី​ម៉ាឡេស៊ី។

ផលិតធំ​ទាំង​៣​ដែល​ជា​ជនជាតិ​ខ្មែរ

ដោយ​ឡែក​អ្នក​ដឹកនាំ​រឿង ក្រៅ​ពី​លោក ខាំ ភូរិ គឺ​មាន​អ្នក​ដឹង​នាំ​សំខាន់​មួយ​ទៀត​ជា​ជនជាតិ​ថៃ។ "គឺ​យើង​ដឹង​របៀប Co-Producer ខ្ញុំ​ផ្សាយ​ខ្មែរ ឯ​គាត់​ផ្សាយ​នៅ​ខាង​ថៃ ព្រោះ​រឿង​នេះ ក្រោយ​ថត​ចប់​អាច​នឹង​យក​ទៅ​បញ្ចាំង​នៅ​បរទេស​ទៀត"។ ក្រុម​ការងារ​បន្ត​ទៀត​ក្នុង​ក្រុម​ផលិត​រឿង "ជន​ដែល​ត្រូវ​បាញ់" មាន​អ្នក​ថត​មក​ពី​ថៃ​ម្នាក់ មក​ពី​សិង្ហបុរី​ម្នាក់ រួម​ទាំង​ជំនួយ​ការ​ដឹកនាំ​ម្នាក់​មក​ពី​ប្រទេស​ចិន-សិង្ហបុរី។

វិល​ទៅ​ក្រុម​បច្ចេកទេស​វិញ មាន​មក​ពី​សិង្ហបុរី និង​ថៃ ដោយ​ឡែក​ក្រុម Visual effect សំខាន់​ៗ គឺ​មក​ពី​ចិន ព្រោះ​ចិន គឺ​ជា​ក្រុម​ការងារ​មួយ​ដែល​មាន​ជំនាញ​ខ្ពស់​ខាង​ប្លង់​សង្គ្រាម ឈុត​បាញ់ ផ្ទុះ គឺ​ជា​កិច្ចការ​របស់​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ជា​៣០​នាក់​នេះ។ "ក្រោយ​ពី​ថត​ចប់ ការ​កាត់​ត Off line គឺ​នៅ​ទី​នេះ(ខ្មែរ)។ បន្ទាប់​មក​យើង​បញ្ជូន File Master ទៅ​កែ​នៅ​ស្រុក​ថៃ នៅ​ស្ទូឌីយ៉ូ​ធំ​នៅ​ទី​នោះ ទាំង​ ពណ៌ និង​សំឡេង ជា​រូបភាព​អី​ជា​ដើម...សរុប​មក​វិញ​ក្រុម​ផលិត​រឿង​នេះ ៧០% ជា​ខ្មែរ​យើង ៣០%​ទៀត​ចូល​រួម​ពី​បរទេស!”។ លោក ខាំ ភូរិ បន្ថែម។

"ជន​ដែល​ត្រូវ​បាញ់" គឺ​ជា​សាច់​រឿង​ប្រវត្តិ​របស់​សម្ដេច យុវជន ទៀ សង្វាន បច្ចុប្បន្ន ជា​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ​ជា​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នា​ពេល​បច្ចុប្បន្ន។ រឿង​នេះ បើ​តាម​លោក ខាំ ភូរិ ត្រូវ​បាន​ថត​ម្ដង​រួច​មក​ហើយ កាល​ពី​ប្រមាណ ៣​ឆ្នាំ​មុន ដែល​នោះ​គ្រាន់​ជា​ឈុត​មួយ​ប៉ុណ្ណោះ​នៃ​ប្រវត្តិ​រត់​គេច​ដើម្បី​រក្សា​ជីវិត​ពី​ការ​តាម​ប្រមាញ់​ពី​រដ្ឋ​អំណាច របស់​សម្ដេច ទៀ បាញ់។

ប៉ុន្តែ​លើក​នេះ គឺ​ជា​សាច់​រឿង​ពេញ​លេញ​តែ​ម្ដង​ពី​សាច់​រឿង​របស់​យុវជន ទៀ សង្វាន ដោយ​នឹង​ក្លាយ​ជា​ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​មួយ។ ដូច្នេះ​ហើយ ទាមទារ​នូវ​ការ​ផលិត​មួយ​ប្រកប​ដោយ​ស្តង់​ដា ឯ​ក្រុម​ការងារ​ផលិត​ទៀត​សោត ត្រូវ​តែ​​មាន​ចំណេះ​ជំនាញ​ច្បាស់​លាស់ និង​ឧបករណ៍​ពោរពេញ​ទៅ​ដោយ​ទំនើប​កម្ម ព្រោះ​ថា "ជន​ដែល​ត្រូវ​បាញ់" ត្រូវ​បាន​សម្រាំង​សម្រាប់​ការ​ចេញ​បញ្ចាំង​នៅ​បរទេស​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់